ជនភៀសសឹកសរុបមានចំនួន ៦៤៩.០២៣នាក់ អ្នកស្លាប់ ៣១នាក់ និងរបួស ៩៤នាក់ ខណៈស្ថានភាពបានស្ងប់ស្ងាត់
ភ្នំពេញ៖ គិតចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគ្មានការបង្កផលប៉ះពាល់ថ្មីឡើយ។
គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ មានពលរដ្ឋស្លាប់ចំនួន៣១នាក់ និងរបួសចំនួន៩៤នាក់។ ចំណែកពលរដ្ឋនៅជំរំភៀសសឹក សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៧ព្រឹកថ្ងៃទី២៨ ខែធ្នូ មានជនភៀសសឹក សរុប ៦៤៩.០២៣នាក់ (ស្ត្រី ៣៣៨.៩៦៥នាក់ និងកុមារ២០៤.៦២០នាក់)។ តួលេខនេះ អាចមានការប្រែប្រួល ជាបន្តបន្ទាប់ទៀត។
ចំពោះករណីខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាបឋម គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះ១៥១ខ្នង អគារឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និង សត្វពាហនៈ១ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ រួមមាន សាលារៀន៦ មណ្ឌលសុខភាព២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន៥ ផ្សារ១ ផ្លូវចំនួន៣ និងប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនី១ទីតាំង។ ពេលនេះ មានពលរដ្ឋខ្មែរជាង៦០ម៉ឺននាក់ រួមទាំងស្ត្រីជាង៥០% និងកុមារជាង៣០% បានកំពុង បង្ខំចិត្តរស់នៅក្នុងជំរំភៀសសឹក ផ្ទះសំបែងសាច់ញាតិ ដោយសារសុវត្ថិភាព និងការខូចខាតខ្ទេចខ្ទីផ្ទះសំបែង និង ភូមិកររបស់ខ្លួន។ ពេលនេះ អាជ្ញាធរមានសមត្ថកិច្ច បានកំពុងបន្តយកចិត្តទុកដាក់គាំពារជនភៀសសឹកគ្រប់ជំរំ ព្រមទាំងប្រមូលទិន្នន័យផលប៉ះពាល់ស៊ីវិលជាបន្តបន្ទាប់ទៀត។
ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទ និងផ្អាកក្នុងរយៈកាលកន្លងមក ព្រមទាំងសហការ សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ប្រកបដោយសុវត្ថិភាព៕