ព័ត៌មានជាតិ

ក្រុមការងារប៉ាម៉ានី នាំយកអំណោយ លើកទឹកចិត្ត ដល់ពលរដ្ឋភៀសសឹកថែរក្សាសុខភាព និងរួមសាមគ្គីគ្នាជាធ្លុងមួយ

image

ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីលំនៅឋានដោយសារភ័យខ្លាចពីការបាញ់ផ្លោង និងទម្លាក់គ្រាប់របស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានចាត់តាំងឱ្យក្រុមការងារប៉ាម៉ានី ចុះជួបសំណេះសំណាល ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងកុមារ ប្រមាណជាង១ម៉ឺននាក់ ដែលកំពុងភៀសសឹកមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពទាំង១៦ទីតាំង ក្នុងខេត្តសៀមរាប។

លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារប៉ាម៉ានី បានលើកទឹកចិត្តប្រជាពលរដ្ឋភៀសសឹកទាំងអស់ ត្រូវតស៊ូអត់ធ្មត់ក្នុងគ្រាដ៏លំបាកនេះ និងត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយជឿជាក់លើការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ លោកក៏ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកគ្រប់រូបមើលថែរក្សាសុខភាពផ្លូវចិត្តរបស់កូនៗខ្លួន និងឆ្លៀតពេលអប់រំ បង្រៀនណែនាំកូនថែម។ លោក លី ច័ន្ទតុលា បានអំពាវានាវអ្នកមានធនធានបន្តគាំទ្រ ជួយចែករំលែកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក និងសាមគ្គីជាធ្លុងមួយ គាំទ្រទៅលើការដឹកនាំ និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ។

ដូចគ្នានេះដែរ លោកស្រី ឈីវ ភិរម្យ អនុប្រធានក្រុមការងារប៉ាម៉ានី ក៏បានលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកទាំងអស់ខិតខំថែទាំសុខភាពតាមរយៈការធ្វើអនាម័យជាទូទៅ និងរក្សាចិត្តសាមគ្គីភាពជាធ្លុងមួយ និងចេះជួយយកអសារគ្នាគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់។ ក្រៅពីនេះក៏ត្រូវព្យាយាមអប់រំកូន បង្រៀនកូនតាមដែលអាចធ្វើបាន ដើម្បីកុំឱ្យកូនចាកឆ្ងាយពីអារម្មណ៍សិក្សា ហើយត្រូវប្រឹងពិនិត្យសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់កូន និងរក្សាចិត្តឱ្យស្ងប់ កុំស្លន់ស្លោ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនេះ, ក្រុមការងារប៉ាម៉ានី បាននាំអំណោយសម្រាប់ចែកជូនដល់ពលរដ្ឋភៀសសឹកប្រមាណជាង ១ម៉ឺននាក់ ក្នុងខេត្តសៀមរាប រួមមាន អង្ករអស់៤០តោន, សាច់ជ្រូក៣តោន, សៀង១តោន, ឆៃប៉ូវ ៣០០គីឡូ, ច្រាសដុសធ្មេញសរុបប្រហែល ១ម៉ឺនច្រាស, ថ្នាំដុសធ្មេញ​៣.០០០ប្រអប់, ទឹកដោះគោខាប់៨០កេះ, ទឹកបរិសុទ្ធ១៥០កេស, ផ្លែក្រូច១៤០កេះ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត៕