ជនភៀសសឹកមានចំនួន ៦៣៦.១០៥នាក់ ខណៈអ្នកស្លាប់បានកេីនដល់ ៣១នាក់ និងរបួស៩១នាក់
ភំពេញ៖ គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យសភាពការណ៍សមរភូមិជួរមុខមានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគ្មានការបង្កផលប៉ះពាល់ថ្មីឡើយ។
គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ មានពលរដ្ឋស្លាប់ចំនួន ៣១នាក់ និងរបួសចំនួន ៩១នាក់ ខណៈមានជនភៀសសឹក សរុប ៦៣៦.១០៥នាក់ (ស្ត្រី ៣៣១.៩០០នាក់ និងកុមារ២០១.៥១១នាក់)។
ចំពោះករណីខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ ការខូចខាតទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះ១៥១ខ្នង អគារឯកជន៦ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ប្រេង១ រថយន្ត ២៨គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ ១ក្បាល។
ចំណែកការខូចខាតទ្រព្យសម្បត្តិសាធារណៈ រួមមាន សាលារៀន៦ មណ្ឌលសុខភាព២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន៥ ផ្សារ១ ផ្លូវចំនួន៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។ ពេលនេះ មានពលរដ្ឋខ្មែរជាង៦០ម៉ឺននាក់ រួមទាំងស្ត្រីជាង៥០% និងកុមារជាង៣០% បានកំពុងបង្ខំចិត្តរស់នៅក្នុង ជំរំភៀសសឹក ផ្ទះសំបែងសាច់ញាតិ ដោយសារសុវត្ថិភាព និងការខូចខាតខ្ទេចខ្ទីផ្ទះសំបែង និងភូមិកររបស់ខ្លួន៕