ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យសហភាពអឺរ៉ុប​ អបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ​ និងគូសបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រណាមួយដែលចាំបាច់

image



អឺរ៉ុប៖ នៅមុននេះបន្តិច លោក Anouar El Anouni ជាអ្នកនាំពាក្យរបស់សហភាពអឺរ៉ុប ដែលទទួលបន្ទុកលើកិច្ចការគោលនយោបាយការបរទេស និងសន្តិសុខ បានបង្ហោះសារនៅលើបណ្ដាញសង្គម​ X ដោយអបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកម្ពុជា និងថៃបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបានចូលជាធរមាននៅម៉ោង​ ១២:០០​ ថ្ងៃត្រង់​ ។

អ្នកនាំពាក្យរូបនេះ​ ក៏បានជំរុញឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) អនុវត្តតាមកិច្ចព្រមព្រៀងនេះឱ្យបានត្រឹមត្រូវ និងដោយមានភាពស្មោះត្រង់​ ។

បន្ថែមពីនេះ​ លោកក៏បានថ្លែងអំណរគុណដល់អាស៊ាន (ASEAN) សម្រាប់ការដើរតួនាទីយ៉ាងសំខាន់ និងវិជ្ជមានក្នុងការជួយឱ្យសម្រេចបាននូវលទ្ធផលបទឈប់បាញ់នេះ​ ។

លោកបានគូសបញ្ជាក់ដែរថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រណាមួយដែលចាំបាច់ដល់ភាគីទាំងពីរ​ ៕

ប្រែសម្រួល៖ ឡេង​ លាងហេង
ប្រភព៖​ បណ្ដាញសង្គម​ X Anouar El Anouni
រូបភាព៖​ EU News/ X's Anouar El Anouni/ ក្រសួងព័ត៌មាន