ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា និងដៃគូ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម

image



ភ្នំពេញ៖ ដោយទទួលបានការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រួមសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម” ដែលមានគោលបំណងពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់សហគ្រាសធុនតូច និងមធ្យម (SMEs)។

កម្មវិធីនេះ មានការចូលរួមពី លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, លោក សុខ សុភមង្គល នាយកប្រតិបត្តិក្រុមហ៊ុន Codingate Technology និងលោក ញ៉ែម ដាវីត អ្នកឯកទេសអភិវឌ្ឍន៍ជំនាញ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជូនដល់ពាណិជ្ជករ-អាជីវករ សមាគម និងសមាជិក សមាជិកាទាំងអស់ ដែលជាម្ចាស់អាជីវកម្ម និងសហគ្រាស សរុបប្រមាណ ៥០នាក់។

ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះ មានគោលបំណងសំខាន់ក្នុងការបង្កើនចំណេះដឹងបន្ថែមទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីមូលដ្ឋានគ្រឹះក៏ដូចជាសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងចំណេញពេលវេលា។

តាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពីលោក សុខ សុភមង្គល ដែលជាសហស្ថាបនិក នាយកប្រតិបត្តិ ក្រុមហ៊ុន Codingate Technology បានធ្វើបទបង្ហាញជាមួយមេរៀនសំខាន់ៗ ដែលផ្តោតលើសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការជួយសម្រួលនូវការប្រមូល ការចងក្រងព័ត៌មាន និងការសរសេផែនការអាជីវកម្មឱ្យមានប្រសិទ្ធភាព ក៏ដូចជាបង្កើនយុទ្ធសាស្រ្ដក្នុងការធ្វើទីផ្សារ តាមរយៈការកំណត់អតិថិជនគោលដៅបានត្រឹមត្រូវ។ លើសពីនេះទៅទៀត លោកគ្រូបង្គោលក៏បានបង្ហាត់បង្រៀនពីការសរសេរផែនការ របាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យមយល់ដឹងបន្ថែមទៀត និងយកទៅអនុវត្តក្នុងអាជីវកម្មឱ្យកាន់តែមានភាពល្អប្រសើរ។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ-ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក។

កម្មវិធីបណ្ដុះបណ្ដាលខាងលើទទួលបាន ការឧបត្ថម្ភពីធនាគារវីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕