លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចុះហត្ថលេខាប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ ទី១២ លើវិញ្ញាសាសរសេរលើកទី១
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ដែលបានប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៥ខែធ្នូ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ មានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលរបស់បេក្ខជនប្រឡងជាប់នៅ ក្នុងដំណាក់កាលទី១ (វិញ្ញាវសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល។
បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសា សរសេរលើកទី១ ទាំងអស់ មានចំនួនជាង ១.០០០នាក់ នឹងត្រូវចូលរួមប្រឡង វិញ្ញាសាសរសេរលើកទី២ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាលនាថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៥ ដើម្បីជ្រើសរើសបេក្ខជនចុងក្រោយ ២០៥នាក់ ជាបេក្ខជនជាប់ស្ថាពរ។
សូមបញ្ជាក់ថា៖ ដំណើរការប្រឡងប្រជែង មានបេក្ខជនដែលបានដាក់ពាក្យចូល ក្នុងប្រព័ន្ធសរុបចំនួន ២៦.៩៣៤នាក់ ក្នុងនោះ បេក្ខជនដែលមានសិទ្ធិចូលរួមប្រឡងប្រជែងមានចំនួន ១៦.៤២៥នាក់ ស្ត្រី ៩.០៩៣នាក់ ខណៈដែលក្របខណ្ឌដែលត្រូវជ្រើសរើសសរុបមានចំនួន ២០៥កន្លែង សម្រាប់រដ្ឋបាលក្រុង ស្រុក និងខណ្ឌ ចំនួន ២០៥/២១០។
បន្ទាប់ពីប្រឡងជាប់សិស្សមន្ត្រីក្រមការ ត្រូវទទួលបានការបណ្តុះបណ្តាលរយៈ ពេល១២ ខែនៅសាលាភូមិន្ទរដ្ឋបាល និងអត្ថប្រយោជន៍ការងារ ដូចមានចែងក្នុងព្រះរាជក្រឹត្យស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាភូមិន្ទរដ្ឋបាល» ចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩៕
អត្ថបទ៖ វង សុភ័ក្ត្រ