ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

image


ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមញត្តិ ដែលបានចេញនៅថ្ងៃទី២៥ ខែធ្នូ បានលើកឡើងថា “យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ប្រធានសភាពាណិជ្ជកម្មទូទាំងរាជធានី-ខេត្ត ប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសទាំងអស់ សមាជិក សមាជិកា និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវការព្រួយបារម្មជាខ្លាំង និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើសកម្មភាពអមនុស្សធម៌ដ៏សាហាវយង់ឃ្នងពីសំណាក់យោធាថៃ ដែលបានបើកការវាយប្រហារមកលើអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងបាញ់ប្រហារមកកាន់មកតំបន់ស៊ីវិលនៅកម្ពុជា។
សភាពាណិជ្ជកម្មកម្ពុជា សូមបង្ហាញនូវការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការវាយប្រហារ ដែលបានកើតឡើងនៅក្នុង និងក្បែរតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅ និងបានធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិល រួមទាំង កុមារ ក៏ដូចជាខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងប៉ះពាល់ដល់ការសិក្សានៅតាមទីតាំងមួយចំនួន ហើយរាល់ការប្រើប្រាស់កម្លាំងដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល គឺមិនអាចទទួលយកបាននោះឡើយ។ ជនស៊ីវិល និងទ្រព្យសម្បត្តិសាធារណៈ គួរត្រូវបានការពារគ្រប់ពេលវេលា និងសូមអំពាវនាវឱ្យយោធាថៃបញ្ឈប់ជា បន្ទាន់ចំពោះការប្រើប្រាស់កម្លាំងណាមួយនៅក្នុងឬក្បែរតំបន់ស៊ីវិល។
សភាពាណិជ្ជកម្មកម្ពុជា សូមគាំទ្រចំពោះការចូលរួមជាថ្មីដើម្បីស្តារបទឈប់បាញ់ឡើងវិញ និងលើកទឹកចិត្តឱ្យបន្តការសន្ទនាដោយសន្តិវិធី ក្នុងគោលបំណងសម្រេចឱ្យបាននូវការបន្ថយភាពតានតឹងប្រកបដោយ ប្រសិទ្ធភាព និងយូរអង្វែងតាម “កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ” ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានប្តូរវេនអាស៊ាន។
ជាថ្មីម្តងទៀត សភាពាណិជ្ជកម្មកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការ និងការសម្រេចចិត្ត នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន និងការការពារប្រជាជន និងការពារ អធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា”៕