ទីក្រុងហុងកុង ប្រឈមមុខនឹងកង្វះខាតបុគ្គលិកយ៉ាងខ្លាំងនៅក្នុងវិស័យដឹកជញ្ជូនតាមសមុទ្រ
ហុងកុង, ចិន៖ ទីក្រុងហុងកុងកំពុងប្រឈមមុខនឹងកង្វះខាតបុគ្គលិកយ៉ាងខ្លាំងនៅក្នុងវិស័យដឹកជញ្ជូនតាមសមុទ្រ ដែលជារឿងគួរឱ្យបារម្ភព្រោះហុងកុងគឺជាកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ ២០២០ មក ចំនួនអ្នកធ្វើការក្នុងវិស័យនេះបានធ្លាក់ចុះប្រហែល ៥%។ អ្នកជំនាញព្រមានថា កង្វះខាតកម្លាំងពលកម្ម អាចនឹងកើនឡើងដល់ ១០% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ បើទោះបីជាការដោះដូរពាណិជ្ជកម្មពិភពលោកនៅតែបន្តកើនឡើងក៏ដោយ ។
មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារតែយុវជនជំនាន់ក្រោយលែងសូវចាប់អារម្មណ៍នឹងការងារតាមកប៉ាល់ ខណៈសិស្សជាច្រើនដែលបានចូលរៀនជំនាញនេះ បានសម្រេចចិត្តបោះបង់ការសិក្សាពាក់កណ្តាលទី។ ពួកគេខ្លះយល់ថាការងារនេះមិនស័ក្តិសមនឹងខ្លួនឯង ហើយអ្នកខ្លះទៀតបារម្ភពីការដែលត្រូវនៅឆ្ងាយពីផ្ទះ និងឆ្ងាយពីមនុស្សជាស្រឡាញ់ក្នុងរយៈពេលយូរ ដែលធ្វើឱ្យពួកគេចង់ប្តូរទៅធ្វើការងារការិយាល័យវិញ ។
ដើម្បីដោះស្រាយបញ្ហានេះ ហុងកុងកំពុងព្យាយាមទាក់ទាញមនុស្សឱ្យមកចាប់អារម្មណ៍វិស័យសមុទ្រឡើងវិញតាមរយៈកម្មវិធីផ្សេងៗ។ គេបាននាំក្មេងៗសិស្សបឋមសិក្សាឱ្យទៅទស្សនាកំពង់ផែ ដើម្បីឱ្យពួកគេស្វែងយល់ពីសារៈសំខាន់នៃវិស័យដឹកជញ្ជូនតាំងពីក្មេង។ គោលបំណងគឺចង់បង្ហាញឱ្យក្មេងៗឃើញថា ការងារជាអ្នកដើរសមុទ្រគឺជាអាជីពដែលមានកិត្តិយស និងទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់បំផុត ។
សកលវិទ្យាល័យនៅហុងកុងក៏កំពុងខិតខំបង្ហាញថា ជំនាញការងារតាមសមុទ្រនេះមានឱកាសការងារល្អៗជាច្រើន។ គ្រូបានពន្យល់សិស្សថា ពួកគេមិនចាំបាច់នៅតាមកប៉ាល់អស់មួយជីវិតនោះទេ ដោយបន្ទាប់ពីធ្វើការលើសមុទ្របានបទពិសោធន៍គ្រប់គ្រាន់ ឬបានឡើងធ្វើជាមេបញ្ជាការកប៉ាល់ ពួកគេអាចផ្លាស់មកធ្វើការងារធំៗនៅក្នុងការិយាល័យវិញបាន ដូចជាធ្វើជាអ្នកគ្រប់គ្រងការដឹកជញ្ជូន ឬអ្នកជំនាញផ្នែកភស្តុភារនៅក្នុងក្រុមហ៊ុនអន្តរជាតិ ។
ទោះបីជាមានការលំបាកក៏ដោយ ក៏នៅមានសិស្សមួយចំនួននៅតែយល់ថា អាជីពនេះមានស្ថិរភាព និងមានទិសដៅការងារច្បាស់លាស់។ ពួកគេចាត់ទុកការចំណាយរយៈពេល ២ ទៅ ៣ ឆ្នាំនៅលើសមុទ្រ គឺជាជំហានចាំបាច់ដើម្បីទទួលបានចំណេះដឹងសម្រាប់អនាគតវែងឆ្ងាយ។ វិស័យដឹកជញ្ជូននៅតែបន្តស្វែងរកអ្នកដែលមានការតាំងចិត្តខ្ពស់ ដើម្បីធានាថាការដឹកជញ្ជូនទំនិញជុំវិញពិភពលោកនៅតែអាចដំណើរការទៅបានដោយរលូន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ CNA/ REUTERS/Aleksander Solum/File Photo