ព័ត៌មានអន្តរជាតិ

ការដកខ្លួនចេញរបស់ក្រុមហ៊ុន Vingroup ពីការដេញថ្លៃសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីភាគជើងទៅភាគត្បូង ធ្វើឱ្យមហាសេដ្ឋី Pham Nhat Vuong ខាតទ្រព្យ ១,៩ពាន់លានដុល្លារ ត្រឹមតែមួយថ្ងៃ

image


វៀតណាម៖ ក្រុមហ៊ុនវីនគ្រុប (Vingroup) របស់មហាសេដ្ឋី ផាំ ញ៉ាត់វឿង (Pham Nhat Vuong) ដែលជាក្រុមហ៊ុនធំបំផុតនៅវៀតណាម បានសម្រេចចិត្តដកខ្លួនចេញពីការដេញថ្លៃសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីភាគជើងទៅភាគត្បូងប្រទេស។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីប្រមូលកម្លាំង និងថវិកាទៅផ្តោតលើគម្រោងធំៗផ្សេងទៀតដែលរដ្ឋាភិបាលបានអនុម័តរួចហើយ ដូចជាពហុកីឡដ្ឋានខ្នាតយក្សនៅរដ្ឋធានីហាណូយ និងខ្សែរថភ្លើងក្រោមដីប៊ែនថាញ់-កឹងយ៉ឺ (Ben Thanh–Can Gio) ៥៤គីឡូម៉ែត្រនៅទីក្រុងហូជីមិញ ក៏ដូចជាផ្លូវរថភ្លើងល្បឿនលឿនប្រវែង ១២០គីឡូម៉ែត្ររវាងទីក្រុងហាណូយ និងឈូងសមុទ្រហាឡុងជាដើម។

ក្រៅពីគម្រោងដឹកជញ្ជូន ក្រុមហ៊ុនវីនគ្រុប (Vingroup) ក៏កំពុងមមាញឹកក្នុងការសាងសង់រោងចក្រដែក VinMetal 2, ទីតាំងផលិតអគ្គិសនីដើរដោយថាមពលខ្យល់នៅខេត្តហាទីញ (Ha Tinh), រោងចក្រឧស្ម័នធម្មជាតិរាវ នៅទីក្រុងហៃផុង, និងការអភិវឌ្ឍតំបន់ទីក្រុងនៅតាមឆ្នេរសមុទ្រផងដែរ។ ក្រុមហ៊ុនបញ្ជាក់ថា ការដកខ្លួននេះ គឺជាសកម្មភាពប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាថាគម្រោងដែលកំពុងមាននៅក្នុងដៃទាំងអស់ នឹងត្រូវបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អបំផុត និងមានគុណភាពខ្ពស់។

ភ្លាមៗបន្ទាប់ពីមានដំណឹងនៃការដកខ្លួននេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនវីនគ្រុប (Vingroup) និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត ដែលបានចុះបញ្ជីនីផ្សារភាគហ៊ុន គឺក្រុមហ៊ុន Vinhomes (VHM) និងក្រុមហ៊ុន Vincom Retail (VRE) បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ចំណុចទាបបំផុត។ ការធ្លាក់ចុះនេះបង្ហាញថា អ្នកវិនិយោគមានការភ្ញាក់ផ្អើល ឬមានក្ដីព្រួយបារម្ភចំពោះការផ្លាស់ប្តូរផែនការភ្លាមៗរបស់ក្រុមហ៊ុន ទៅលើគម្រោងផ្លូវរថភ្លើងដ៏សំខាន់ប្រចាំប្រទេសវៀតណាម។

ការធ្លាក់ចុះបានធ្វើឱ្យលោក ផាំ ញ៉ាត់វឿង ដែលជាមហាសេដ្ឋីមានបំផុតរបស់វៀតណាម បានខាតបង់ទ្រព្យសម្បត្តិសុទ្ធចំនួន ១,៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ នៅក្នុងវគ្គជួញដូរភាគហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

មិនតែប៉ុណ្ណោះក៏ធ្វើឱ្យកំពូលមហាសេដ្ឋីវៀតណាមរូបនេះ បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ៧២ មកចំណាត់ថ្នាក់លេខ ៨០នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes នៅថ្ងៃម្សិលមិញដែរ ។

គម្រោងផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងភាគខាងជើង-ភាគត្បូងនេះ មានប្រវែងជាង ១,៥០០គីឡូម៉ែត្រ ដោយតភ្ជាប់ពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ និងឆ្លងកាត់ខេត្តក្រុងចំនួន ២០។ គម្រោងនេះ ត្រូវគេប៉ាន់ស្មានថាមានតម្លៃរហូតដល់ ៦៧ពាន់លានដុល្លារអាម៉េរិក។ រដ្ឋាភិបាលវៀតណាមគ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅចុងឆ្នាំ ២០២៦ និងបញ្ចប់ឱ្យបានត្រឹមឆ្នាំ ២០៣៥ ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធស្វែងរកគំរូវិនិយោគដ៏ល្អបំផុតមួយ ដែលមានតម្លាភាព និងអាចទៅរួច ដើម្បីសាងសង់ផ្លូវរថភ្លើងនេះ។ ទោះបីជាមិនមានវត្តមានរបស់ក្រុមហ៊ុនវីនគ្រុប (Vingroup) ក៏ដោយ ក៏នៅមានក្រុមហ៊ុនធំៗផ្សេងទៀតដែលចាប់អារម្មណ៍លើគម្រោងនេះដែរ ដូចជាក្រុមហ៊ុនផលិតរថយន្តថាកូ (Thaco) និងក្រុមហ៊ុនរថភ្លើងជាតិវៀតណាមជាដើម ។

ទន្ទឹមនឹងនេះ វិស័យឧស្សាហកម្មផ្សេងទៀតក៏កំពុងត្រៀមខ្លួនសម្រាប់គម្រោងខ្នាតយក្សនេះដូចគ្នាដែរ។ ជាក់ស្តែង ក្រុមហ៊ុនផលិតដែកថែប វ៉ាផាត់ (Hoa Phat) បានចាប់ផ្តើមសាងសង់រោងចក្រថ្មីមួយរួចហើយ ដើម្បីផ្គត់ផ្គង់ដែកសម្រាប់យកមកសាងសង់ផ្លូវរថភ្លើងនេះ។ ទោះបីជាក្រុមហ៊ុនវីនគ្រុប (Vingroup) ផ្លាស់ប្តូរទិសដៅទៅរកគម្រោងផ្សេងវិញក៏ដោយ ក៏រដ្ឋាភិបាលវៀតណាមនៅតែបន្តស្វែងរកដៃគូសមស្រប ដើម្បីបញ្ចប់គម្រោងប្រវត្តិសាស្ត្រមួយនេះឱ្យខានតែបាន ៕

សហប្រែសម្រួល៖ ឡេង លាងហេង/ សៀម ប៊ុនធី
ប្រភព៖ VN Express | រូបភាព៖ Hoang Khanh via VN Express/ comparewise.ca/ Move FM