ព័ត៌មានអន្តរជាតិ

ក្លិបអ្នកកាសែតកម្ពុជា បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានមកពី ៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាព ពេលបំពេញការងារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

image


ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចែកអាវក្រោះ និងមួកសុវត្ថិភាពដល់អ្នកសារព័ត៌មានចំនួន ៥៧រូប មកពី ៣៦ស្ថាប័ន ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ និងទីកន្លែង ងាយរងគ្រោះដទៃទៀត ក្នុងអំឡុងពេលដែលទាហានថៃ បាន វាយប្រហារមកលើកម្ពុជា។ អាវក្រោះ និងមួកសុវត្ថិភាពដោយមានស្លាកសញ្ញា អ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ការចែកអាវក្រោះ និង មួកសុវត្ថិភាព នាពេលនេះ មិនបានគ្រប់ចំនួនអ្នកសារព័ត៌មាន ដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាម បណ្តោយព្រំដែនដែលមានជម្លោះ ឬទីកន្លែងងាយរងគ្រោះនោះឡើយ ។ ប៉ុន្តែ ក្លិបអ្នកកាសែតកម្ពុជា នឹងខិតខំស្វែងរក ជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីបំពេញតម្រូវការចាំ បាច់របស់អ្នកសារព័ត៌មាននៅកាលៈទេសៈនេះ ។

លោកប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មានកម្ពុជានៅក្នុងបេសកកម្មយកព័ត៌មាននៅតាមទីកន្លែង ដូចបានរៀប រាប់ ខាងលើ។

លោក ពុយ គា បានបញ្ជាក់ថា អ្នកសារព័ត៌មាន ដែលចុះយកសារព័ត៌មានក្នុងអំឡុងពេលមានសង្រ្គាម ត្រូវបានការពារដោយច្បាប់អន្តរជាតិថា ជាជនស៊ីវិល ព្រោះពួកគាត់ដើរតួនាទីជាអ្នកផ្តល់ព័ត៌មានដល់ពិភពលោកឱ្យដឹងពីហេតុការណ៍ដែលបានកើតឡើងនិងកំពុងកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងតួនាទីជាកងទ័ព ឬកាន់អាវុធឡើយ ហើយក៏ត្រូវបានហាមមិនឱ្យផ្តល់ព័ត៌មានទាក់ទងនឹងលេណដ្ឋាន ការចល័តទ័ព ផ្តល់ព័ត៌មានបែបជាយុទ្ធសាស្រ្តទ័ព ឬបែបចារកម្ម និងព័ត៌មានទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ជនស៊ីវិល។ ល។  

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មកទល់នឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញការវាយប្រហារដោយទាហានថៃមកលើកម្ពុជា បានសម្លាប់ជនស៊ីវិលកម្ពុជាចំនួន ៣០នាក់ និងជិត១០០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕