ជប៉ុន អនុម័តកញ្ចប់ថវិកាការពារជាតិប្រមាណ ៥៨ ពាន់លានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ ២០២៦
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន បានអនុម័តកញ្ចប់ថវិកាការពារជាតិកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលមានចំនួនទឹកប្រាក់ជាង ៩ ពាន់ពាន់លានយ៉េន (ប្រហែល ៥៨ ពាន់លានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំក្រោយ ហើយនេះគឺជាផ្នែកមួយនៃផែនការ ៥ឆ្នាំ ដើម្បីដំឡើងការចំណាយលើវិស័យយោធាឱ្យបានទ្វេដង។ ជប៉ុនបានសម្រេចចិត្តពន្លឿនការចំណាយនេះឱ្យលឿនជាងការគ្រោងទុក ដោយសារតែស្ថានភាពសន្តិសុខក្នុងតំបន់មានការប្រែប្រួលខ្លាំង ។
ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីទិញ និងអភិវឌ្ឍគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានចម្ងាយរហូតដល់ ១,០០០ គីឡូម៉ែត្រ។ ជប៉ុនមានគម្រោងដាក់ពង្រាយគ្រាប់មីស៊ីលទាំងនេះនៅតាមបណ្តាកោះភាគនិរតីឱ្យបានឆាប់បំផុត ដើម្បីពង្រឹងសមត្ថភាពការពារឆ្នេរសមុទ្រ និងត្រៀមខ្លួនវាយបកសត្រូវវិញប្រសិនបើមានការវាយប្រហារណាមួយកើតឡើង ។
ដោយសារតែចំនួនប្រជាជនជប៉ុនកាន់តែថយចុះ និងខ្វះកម្លាំងទ័ព រដ្ឋាភិបាលបានងាកមកវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាដែលមិនប្រើមនុស្សបើក។ ជប៉ុនគ្រោងចំណាយប្រាក់យ៉ាងច្រើនលើដ្រូន ទាំងលើអាកាស លើទឹក និងក្រោមទឹក សម្រាប់ប្រើក្នុងកិច្ចការស៊ើបការណ៍ និងការពារជាតិ។ ជាជំហានដំបូង ជប៉ុននឹងទិញដ្រូនទាំងនេះពីប្រទេសដទៃដូចជា តួកគីយ៉េ ឬអ៊ីស្រាអ៊ែល ដើម្បីយកមកប្រើប្រាស់ឱ្យបានរហ័ស ។
មូលហេតុចម្បងនៃការបង្កើនកញ្ចប់ថវិកានេះ គឺដោយសារតែភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់។ ជប៉ុនមានក្ដីព្រួយបារម្ភចំពោះសកម្មភាពយោធារបស់ចិននៅក្បែរដែនកោះរបស់ខ្លួន និងនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងការពារជាតិជប៉ុនថែមទាំងបង្កើតការិយាល័យថ្មីមួយ ដើម្បីសិក្សាពីវិធីទប់ទល់នឹងការពង្រីកអំណាចទ័ពជើងទឹករបស់ចិន ។
ក្រៅពីនេះ ជប៉ុនក៏កំពុងសហការជាមួយប្រទេសជាមិត្តដូចជា អង់គ្លេស អ៊ីតាលី និងអូស្ត្រាលី ដើម្បីរួមគ្នាផលិតយន្តហោះចម្បាំង និងនាវាចម្បាំងជំនាន់ថ្មី។ ទោះបីជាការចំណាយមានចំនួនច្រើនក៏ដោយ រដ្ឋាភិបាលជប៉ុនមានគម្រោងរកលុយមកបង្គ្រប់ការចំណាយយោធានេះ តាមរយៈការដំឡើងពន្ធលើបារី ពន្ធលើក្រុមហ៊ុន និងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួននៅឆ្នាំខាងមុខ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP via CNA | រូបភាព៖ Kyodo News via AP/ PTE Alex Brown/ Australia Department of Defense via AP file/ Kiyoshi Ota/ Pool Photo via AP