ព័ត៌មានអន្តរជាតិ

ការនាំចូលរបស់កម្ពុជា ពីសិង្ហបុរី កើនឡើងក្នុងកំណត់ត្រាខ្ពស់បំផុតដល់ជិត ៦៤០% នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ

image


ភ្នំពេញ៖ ការនាំចូលរបស់កម្ពុជាពីប្រទេសសិង្ហបុរី បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឈានដល់ប្រមាណ ៣៤៧លានដុល្លារអាម៉េរិក ដែលកើនឡើងជិត ៦៤០ភាគរយ បើប្រៀបធៀបទៅនឹងខែវិច្ឆិកាដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ការកើនឡើងយ៉ាងគំហុកនេះ ត្រូវបានរុញច្រានដោយ ការទិញប្រេង និងឧស្ម័នកាន់តែច្រើនពីប្រទេសសិង្ហបុរី បន្ទាប់ពីប្រទេសកម្ពុជាបានសម្រេចចិត្តផ្អាកការនាំចូលប្រេង និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីមានការគំរាមកំហែងម្តងហើយម្តងទៀតរបស់ប្រទេសថៃ ក្នុងការបញ្ឈប់ការលក់ប្រេងឥន្ធនៈមកឲ្យប្រទេសកម្ពុជា។

លើសពីនេះទៅទៀត, ប្រជាជនកម្ពុជា បានធ្វើពហិកាទំនិញថៃ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ ប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធពីសំណាក់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ បាញ់ប្រហារដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ និងការបិទច្រកព្រំដែនគោកដោយឯកតោភាគីពីភាគីថៃ។

ក្នុងស្ថានការណ៍នេះ បានធ្វើឲ្យប្រជាជនកម្ពុជា ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ក៏ដូចជាផលិតផលនាំចូលពីសិង្ហបុរី និងបណ្តាប្រទេសផ្សេងៗទៀត ជំនួសផលិតផលថៃ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទៀតថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២៥ កម្ពុជា បាននាំចូលពីសិង្ហបុរី មានទំហំទឹកប្រាក់សរុបប្រមាណ ១១៨៨លានដុល្លារអាម៉េរិក កើនឡើង ៥៩,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕