វៀតណាម គ្រោងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារនៅចុងឆ្នាំ២០២៦
វៀតណាម៖ វៀតណាមគ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅកាន់ភាគខាងត្បូងក្នុងតម្លៃ ៦៧ ពាន់លានដុល្លារអាម៉េរិក នៅខែធ្នូ ឆ្នាំ ២០២៦ ក្រោមគោលបំណងដើម្បីកែលម្អដល់សកម្មភាពដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ច។ នៅពេលគម្រោងនេះរួចរាល់ វានឹងជួយកាត់បន្ថយពេលធ្វើដំណើរពី៣០ម៉ោងមកនៅប្រហែល ៥ម៉ោង។
យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋាភិបាលវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ខែមេសា បានឱ្យដឹងថា នឹងមានការជ្រើសរើសក្រុមហ៊ុនអ្នកម៉ៅការសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដ៏ធំនេះនៅខែវិច្ឆិកា ឆ្នាំ ២០២៦។ នៅខែសីហា ឆ្នាំ ២០២៦ ក្រសួងសាងសង់ នឹងត្រូវទទួលភារកិច្ចក្នុងការបញ្ចប់កិច្ចការទាំងអស់ រួមទាំងរបាយការណ៍ជុំវិញលទ្ធភាពលម្អិតដែលនឹងត្រូវដាក់ជូននាយករដ្ឋមន្ត្រីក្នុងខែកញ្ញាដើម្បីអនុម័ត ។
ផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែង ១,៥៤១ គីឡូម៉ែត្រ នឹងតភ្ជាប់ស្ថានីយង៉ុកហូយ (Ngoc Hoi) នារដ្ឋធានីហាណូយ ជាមួយនឹងស្ថានីយធូធៀម (Thu Thiem) ក្នុងទីក្រុងព្រៃនគរ (ហូជីមិញ) ដោយឆ្លងកាត់តំបន់ចំនួន ២០ ផ្សេងៗគ្នា។ ដើម្បីធានាឱ្យបាននូវការផ្តួចផ្តើមសាងសង់ដោយរលូន អាជ្ញាធរមូលដ្ឋានក្នុងតំបន់ទាំងនេះ រួមជាមួយនឹងអគ្គិសនីវៀតណាម (EVN) នឹងត្រូវទទួលដឹកនាំឱ្យបញ្ចប់ការបោសសំអាតដីធ្លីចាំបាច់ទាំងអស់នៅមុនខែធ្នូ ឆ្នាំ ២០២៦ ។
ក្រសួងសាងសង់ ក៏នឹងទទួលបន្ទុកគ្រប់គ្រងដំណើរការសាងសង់ផ្លូវដែក និងផ្ដល់ឧបករណ៍ចាំបាច់ផងដែរដើម្បីអាចបញ្ចប់គម្រោងជាស្ថាពរនៅឆ្នាំ ២០៣៥ ។
ដើម្បីជួយឱ្យគម្រោងដំណើរការកាន់តែឆាប់រហ័ស រដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយពិសេស ដោយមានការយល់ព្រមពីរដ្ឋសភា។ គោលការណ៍ទាំងនេះ នឹងរួមបញ្ចូលច្បាប់ដ៏ច្បាស់លាស់មួយសម្រាប់ការជ្រើសរើសក្រុមហ៊ុនដើម្បីផ្គត់ផ្គង់សម្ភារៈ និងសេវាកម្មសម្រាប់ផ្លូវដែក ។
បន្ថែមពីលើគម្រោងផ្លូវដែក រដ្ឋាភិបាលវៀតណាម នឹងបង្កើតផែនការអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មផ្លូវដែកទាំងមូលនៅក្នុងប្រទេសវៀតណាម ដោយសម្លឹងឆ្ពោះទៅមុខរហូតដល់ឆ្នាំ ២០៣៥ និងរហូតដល់ឆ្នាំ ២០៤៥។ ផែនការនេះ នឹងពិនិត្យឡើងវិញនូវប្រព័ន្ធផ្លូវដែកនាពេលបច្ចុប្បន្ន, កំណត់គោលដៅនាពេលអនាគត និងផ្តល់យុទ្ធសាស្រ្តសម្រាប់ការកែលម្អក្នុងរយៈពេលវែង ។
អាជ្ញាធរវៀតណាម ក៏នឹងផ្តោតលើការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សពាក់ព័ន្ធនឹងវិស័យផ្លូវដែក ហើយនៅក្នុងតំបន់នីមួយៗនៅតាមបណ្តោយផ្លូវនេះ នឹងត្រូវកែសម្រួលស្របតាមផែនការទីក្រុងដែលស្ថិតនៅជុំវិញស្ថានីយរថភ្លើង។ តំបន់ទាំងនេះ ក៏នឹងបង្កើតគម្រោងដើម្បីប្រើប្រាស់ដីជុំវិញស្ថានីយ រួមទាំងមានការគ្រប់គ្រងមូលនិធិសម្រាប់ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនរងផលប៉ះពាល់ និងប្រាក់សំណង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express/ South China Morning Post
រូបភាព៖ Various Sources