សម្តេចតេជោ ដាក់ចេញពាក្យស្លោកថ្មី ដើម្បីឲ្យអ្នកសារព័ត៌មាន ពង្រឹងវិជ្ជាជីវៈរបស់ខ្លួន គឺ «អ្នកសារព័ត៌មានកុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត»
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី១៤ ខែមករានេះ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ជាង៥ពាន់នាក់ មកគ្រប់ស្ថាប័ន នៅក្នុងពិធីជួបជុំលើកទី៤ ជាមួយអ្នកសារព័ត៌មាន, ក្រៅពីការលើកឡើង អំពីការខិតខំប្រឹងប្រែង ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដែលអ្នកសារព័ត៌មាន បានចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិនោះ ក៏បានលើកឡើង ពីការអន់ចិត្ត ដែលភាពអវិជ្ជមាន បានធ្វើឡើង ដោយអ្នកសារព័ត៌មានមួយចំនួនតូច ដោយបានផ្សព្វផ្សាយបំពាន ដល់អ្នកដទៃផងដែរ។
ភ្ជាប់ជាមួយចំណុចនេះ សម្តេចតេជោ បានដាក់ចេញនូវពាក្យស្លោកថ្មី ជាការដាស់តឿន ដល់អ្នកសារព័ត៌មានគ្រប់រូប ដើម្បីពង្រឹងវិជ្ជាជីវៈរបស់ខ្លួន កុំឲ្យប្រព្រឹត្តិអំពើផ្ទុយពីច្បាប់នោះគឺ «អ្នកសារព័ត៌មានកុំបំពានសិទ្ធអ្នកដទៃ កុំបំភ្លៃការពិត»។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនមានការបារម្ភទេ ចំពោះស្ថាប័នព័ត៌មានធំៗនោះទេ ពោលគឺពួកគេមានវិជ្ជាជីវៈ ប៉ុន្តែនៅតែមានសារព័ត៌មានមួយចំនួនតូច ដែលផ្សាយមិនមានវិជ្ជាជីវៈ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានដាក់ចេញនូវអនុសាសន៍ ដើម្បីឲ្យអ្នកសារព័ត៌មាន ចូលរួមអនុវត្តផងដែរ នោះគឺអ្នកសារព័ត៌មានទាំងអស់ ត្រូវធ្វើបន្ត ចូលរួមក្នុងការរក្សាសន្តិភាព, ចូលរួមចំណែករក្សា ស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម ចូលរួមអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងត្រូវចូលរួម ដើម្បីរក្សាម៉ាក្រូសេដ្ឋកិច្ច តាមរយៈការចូលរួមផ្សាយព័ត៌មានពិត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានោះ, សម្ដេចតេជោ បានកោតសសើររដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអរគុណក្រុមហ៊ុននានា ដែលបានធ្វើជាអ្នកឧបត្ថម្ភកម្មវិធីព័ត៌មាន នៅតាមស្ថានីយវិទ្យុ និងទូរទស្សន៍ ក៏ដូចជាបណ្ដាលព័ត៌មានតាមអនឡាញ ដែលធ្វើជាចំណែកមួយ នៃការជួយឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា មានលទ្ធភាពដើរទៅមុខ។
សម្តេចតេជោ ជាថ្មីម្តងទៀត បានប្រកាសអំពាវនាវ ឲ្យវិស័យឯកជន ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្ម សូមចូលរួមផ្សព្វផ្សាយ នៅក្នុងកម្មវិធីព័ត៌មាន ព្រោះកន្លងមក ឃើញថាការផ្សាយពាណិជ្ជកម្ម ភាគច្រើនផ្សព្វផ្សាយ តែទៅលើការកម្មវិធីកំសាន្ត និងខ្សែភាពយន្ត ប៉ុន្តែនៅក្នុងកម្មវិធីព័ត៌មាន មិនសូវមាន នៅទីនោះទេ ដែលធ្វើឲ្យក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុមួយចំនួន មានការបង់ខាត។ សម្តេចតេជោ បានបញ្ជាក់ថា ការផ្សាយព័ត៌មាននេះ វាមានសារសំខាន់ណាស់ ជាពិសេសបានផ្ដល់នូវព័ត៌មាន សម្រាប់សាធារណជន ក៏ដូចជាការអប់រំចំពោះប្រជាជន។
ក្រៅពីការណែនាំដល់អ្នកសារព័ត៌មាន, សម្តេចតេជោ ក៏បានណែនាំឲ្យគ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមាន បណ្ដាញព័ត៌មានជាក់លាក់មួយ ដូចជាអ្នកនាំពាក្យ និងមានផេកហ្វេសប៊ុក សម្រាប់ផ្តល់ព័ត៌មានជាដើម។ សម្តេចសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ មិនត្រូវខ្លាចអ្នកសារព័ត៌មាន ហើយចាត់ទុកអ្នកសារព័ត៌មាន ជាសត្រូវនោះទេ ផ្ទុយទៅវិញ ត្រូវចាត់ទុកអ្នកសារព័ត៌មាន គឺជាដៃគូការងារ ដែលមិនអាចខ្វះ៕
អត្ថបទ ៖ សន ពិសិដ្ឋ



