សង្គម

អ្នកនេសាទត្រី បើកទូកបុកគ្នាបណ្តាលឲ្យមនុស្សម្នាក់បាត់ខ្លួន រកមិនឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង

image


អត្ថបទ៖ ម៉ាក មេត្តា​
ស្ទឹងត្រែង៖ ទូកអ្នកនេសាទ២គ្រឿងបានបើកបុកគ្នា បណ្តាលឲ្យលិច ធ្វើឲ្យអ្នកនេសាទម្នាក់បាត់ខ្លួន នៅចំណុចអូរថ្មលប ក្រោមភូមិក្របីជ្រុំ ក្នុងឃុំក្បាលរមាស ស្រុកសេសាន នៃខេត្តស្ទឹងត្រែង កាលពីយប់ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។


យោងតាមក្រុមឆ្មាំទន្លេបានឲ្យដឹងថា កាលពីយប់ជិតភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ មានករណីក្រុមឆក់ត្រីបាន បើកទូកបុកគ្នារវាងទូកស៊ីខេ និងទូកស្មាច់  បណ្តាលឱ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅចំណុចអូរថ្មលប នៃទន្លេស្រែពក ស្ថិតក្រោមភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន បណ្តាលឲ្យអ្នកនេសាទម្នាក់បាត់ខ្លួនរកមិនឃើញ ។

កម្លាំងមូលដ្ឋានភូមិ ឃុំបានធ្វើនាំគ្នាជិះទូកស្វែងរកអ្នកនេសាទដែលបាត់ខ្លួនខាងលើ តែរហូតមកទល់ពេលនេះ នៅរកមិនទាន់ឃើញនៅឡើយ ។ករណីទូកអ្នកនេសាទបុកគ្នាខាងលើនេះ សមត្ថកិច្ច បានដកហូតនូវសម្ភារមួយចំនួនមានទូកស៊ីខេ០១គ្រឿង ចំណែកម៉ាស៊ីនបានលិចក្នុងទឹកបាត់  ត្រីឆក់ទមន្ងន់១៥គ.ក. ក្បាលឆក់ប្រភេទ១២គ្រាប់០១គ្រឿង ។


សមត្ថកិច្ចបានបន្តថា អ្នកបើកទូកស៊ីខេឈ្មោះ  យ៉ា រស់នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន បានបាត់ខ្លួនរកមិនឃើញ ។ ចំណែកម្ចាស់ទូកស្មាច់ដែលមិនគ្រោះថ្នាក់ មានឈ្មោះ ពុន រស់នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសានដូចគ្នា។


សូមបញ្ជាក់ថា នេះជាករណីទីមួយហើយ ដែលក្រុមអ្នកនេសាទបានបើកទូកបុកគ្នាបណ្តាលឲ្យលុចទូក នឹងគ្រោះថ្នាក់ដល់មនុស្ស នៅឆ្នាំ២០២៤នេះ ។


បើយោងតាមច្បាប់ស្តីពីជលផល អ្នកប្រើប្រាស់ឧបករណ៍ឆក់ គ្រឿងផ្ទុះ ជាទោសថ្នាក់ទី១ អាចជាប់ទោសពី៣ ទៅ៥ឆ្នាំ៕