ព័ត៌មានអន្តរជាតិ

ជនជាតិដើមភាគតិច Tenggerese នៅឥណ្ឌូណេស៊ី គោរពបូជាព្រះសុំពរជ័យសម្រាប់ភោគផលដំណាំ

image


ឥណ្ឌូណេស៊ី៖ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ពិធីបុណ្យអរព្រះគុណ និងគោរពបូជាបែបប្រពៃណីបុរាណកាសាដា (Kasada) ជាផ្នែកមួយនៃជំនឿរបស់ពលរដ្ឋជនជាតិដើមភាគតិចតេងហ្គ័ររ៉េស (Tenggerese) នៅក្នុងប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យពិធីបួងសួងសុំពរជ័យពីព្រះ កាន់តែមានសារៈសំខាន់សម្រាប់សហគមន៍កសិកម្មរបស់ហិណ្ឌូសាសនិក ។

ជនជាតិដើមតេងហ្គ័ររ៉េស (Tenggerese) រស់នៅតាមភូមិជាច្រើន នៅឯឧទ្យានជាតិមួយ ដែលស្ថិតនៅលើភ្នំប្រម៉ូ (Bromo) ជាភ្នំភ្លើងដ៏សកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មៗជាច្រើនផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងជាទីពេញនិយមសម្រាប់អ្នកទេសចរ។ ឧទ្យាននេះ មានទីតាំងនៅជិតទីក្រុងប្រូបូលីងហ្គោ (Probolinggo) ខេត្តជ្វាខាងកើត (East Java) ចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីហ្សាកាតា ។

ពលរដ្ឋក្នុងសហគមន៍ បានប្រារព្ធពិធីបុណ្យកាសាដា (Kasada) ចាប់តាំងពីសតវត្សទី ១៣ នាអាណាចក្រម៉ាចាប៉ាហ៊ីត (Majapahit) ដើម្បីបង្ហាញអំពីការគោរពប្រណិប័តន៍ រួមទាំងដឹងគុណចំពោះបុព្វបុរស និងព្រះ ។

ពលរដ្ឋជនជាតិដើមជាច្រើនរយពាន់នាក់ បានធ្វើដំណើរទៅកាន់កំពូលភ្នំប្រូម៉ូ (Bromo) ដែលមានកម្ពស់ ២,៣២៩ ម៉ែត្រ ដោយអ្នកស្រុកសហគមន៍ បាននាំយកដង្វាយជាច្រើនទៅជាមួយ រួមមាន បន្លែ ផ្លែឈើ ក៏ដូចជាសត្វពពែ និងសត្វពាហនៈផ្សេងទៀត សម្រាប់នាំយកដង្វាយទាំងអស់នោះ ទៅទម្លាក់ចូលនៅក្នុងរណ្តៅភ្នំភ្លើង ដើម្បីជាការបូជាសុំពរជ័យពីព្រះ ។

នៅឆ្នាំនេះ ពិធីបុណ្យកាសាដា (Kasada) បានធ្វើឡើងនៅថ្ងៃទី ២១-២២ ខែមិថុនា ហើយអ្នកកាន់សាសនាជាច្រើន បង្ហាញជំនឿចិត្តដោយសង្ឃឹមថា វានឹងជួយឱ្យជីវភាពរស់នៅរបស់អ្នកស្រុកបានសម្បូរហូរហៀរថែមមួយកម្រិតទៀត ។

ស្ថិតនៅក្នុងពិធីគោរពបូជា ប្រជាកសិករម្នាក់ឈ្មោះ អាស៊ិ (Ashi) វ័យ ៦៤ ឆ្នាំ បានរៀបរាប់ថា អ្នកស្រីកំពុងបួងសួងសុំពរជ័យ សុំសុខ សុំសប្បាយ និងសូមឱ្យកូនចៅមានសុខភាពល្អ រួមទាំងសូមឱ្យទទួលបានភោគផលដំណាំយ៉ាងគាប់ប្រសើ។ អ្នកស្រីអាស៊ិ (Asih) បានរៀបរាប់បន្ថែមបន្តិចទៀតថា អ្នកស្រីធ្លាប់ប្រមូលផលដំណាំស្ពៃក្តោប បានបីដងក្នុងមួយឆ្នាំ ប៉ុន្តែដោយសារតែអាកាសធាតុប្រែប្រួសខុសប្រក្រតីខ្លាំងពេក ពេលនេះអ្នកស្រីអាចប្រមូលផលបានតែមួយដងប៉ុណ្ណោះ ។

កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ី ប្រមាណ ២ ភាគ ៣ រួមបញ្ចូលទាំងកោះជ្វាទាំងមូល បានប្រឈមមុខនឹងរដូវប្រាំងក្នុងរយៈពេលដ៏យូរនិងខុសប្រក្រតី ចាប់តាំងពីឆ្នាំ ២០១៩ ដោយសារតែបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino) ដែលអូសបន្លាយយូរជាងធម្មតា និងបណ្តាលឱ្យកើតមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដោយបង្កឱ្យមានផលប៉ះពាល់ដល់ដំណាំ រួមទាំងបណ្តាលឱ្យមានភ្លើងឆេះព្រៃកាន់តែអាក្រក់ទៅៗ។ នាឆ្នាំនេះ ក្រុមអ្នកឧតុនិយម រំពឹងថា នឹងមានភ្លៀងធ្លាក់កាន់តែច្រើន ស្របពេលប្រជាកសិករជាច្រើននៅតែជួបការលំបាក ។

គួររំឮកថា ប្រជាកសិករស្ថិតនៅក្នុងតំបន់ភ្នំប្រូម៉ូ (Bromo) សុទ្ធតែពឹងផ្អែកលើទឹកភ្លៀង និងបឹងធម្មជាតិសម្រាប់ប្រព័ន្ធធារាសាស្រ្ត ប៉ុន្តែអាកាសធាតុកាន់តែស្ងួតហួតហែង បានបង្ខំឱ្យកសិករជនជាតិដើមភាគតិចមួយរូបឈ្មោះ អ៊ីរ៉ាវ៉ាន់ ខារីយ៉ូតូ (Irawan Karyoto) អាយុ ៥៦ ឆ្នាំ ឱ្យសម្រេចដាំខ្ទឹមបារាំងជំនួសឱ្យដំណាំដំឡូង នៅក្នុងផ្ទៃដីកសិកម្មទំហំ ២ ហិកតារបស់គាត់ ។

មេដឹកនាំផ្នែកជំនឿសាសនារបស់ជនជាតិដើមតេងហ្គ័ររ៉េស (Tenggerrese) ស៊ូយីតណូ (Suyitno) បានលើកឡើងថា យើងមិនភ្លេចពិធីបួងសួង គោរពបូជា និងថ្លែងអំណរគុណចំពោះព្រះដ៏អស្ចារ្យ ដែលបានផ្តល់ជីវិតឱ្យយើងរស់នៅទីនេះ តាំងពីបុព្វបុរស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect