កម្ពុជា-ថៃ វៀបចំពិព័រណ៍ទំនិញគុណភាពខ្ពស់២០២៤ មានស្តង់ប្រហែល ១៦០ ដើម្បីផ្សព្វផ្សាយផលិតផល និងជំរុញផលិតកម្មទំនិញរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ កម្ពុជា-ថៃ បានរួមគ្នារៀបចំតាំងពិព័រណ៍ទំនិញគុណភាពខ្ពស់២០២៤នេះ មានស្តង់ប្រហែល ៨០មកពីប្រទេសថៃ និង ៨០ស្តង់ពីប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផល និងជំរុញផលិតកម្មទំនិញ ព្រមទាំងសេវាកម្មរបស់ពួកគេដល់ភ្ញៀវទាំងអស់ គឺមានផលិតផលអាហារ, ភេសជ្ជៈ, ម៉ូដសម្លៀកបំពាក់, គ្រឿងសម្ភារៈ, ផលិតផលគ្រួសារ, ផលិតផលទារក, ផលិតផលថែរក្សាសម្រស់ និងផ្សេងៗទៀត។
ការលើកឡើងឲ្យដឹងបែបនេះរបស់លោក អេរិក លីម នាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Alliance ក្នុងការសម្ពោធពិព័រណ៍ទំនិញគុណភាពខ្ពស់២០២៤ (IBB) នៅពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី៥-៧ ខែមេសា ឆ្នាំ ២០២៤។
លោក អេរិក លីម បន្តថា ការផ្សព្វផ្សាយសហគ្រាសធុនមធ្យមរបស់ប្រទេសថៃ និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលបានគាំទ្រពួកយើងក្នុងការធ្វើជាសហអ្នករៀបចំព្រឹត្តិការណ៍នេះ។ ជាងនេះទៅទៀត យើងបានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងជំរុញផលិតកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា។ អ្នកជំនួញ និងអ្នកវិនិយោគអាចស្វែងរកផលិតផល និងសេវាកម្ម បានយ៉ាងងាយស្រួលនៅក្នុងការតាំងពិព័រណ៍នេះ។ យើងរៀបចំកន្លែងសម្រាប់អាជីវកម្មសម្រាប់ទាំងអ្នកតាំងពិព័រណ៍ និងអ្នកទស្សនា ដែលចង់ធ្វើកិច្ចពិភាក្សាពាណិជ្ជកម្ម និងបង្កើតទំនាក់ទំនងអាជីវកម្ម។
បើតាមលោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះ គឺការគូរផ្គងរវាងសហគ្រិន និងអ្នកចែកចាយ នៃអាជីវកម្មដែលកំពុងរីកចម្រើន ដែលដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងរបៀបរស់នៅរបស់អតិថិជនកម្ពុជា និងអន្តរជាតិ។ នេះក៏ជាការឆ្លុះបញ្ចាំងពីសក្ដានុពលរបស់កម្ពុជា ក្នុងការទាក់ទាញដៃគូពាណិជ្ជកម្ម និងអាជីវកម្មឱ្យមានអនាគតរុងរឿង។
ឯកអគ្គរាជទូតថៃ បានបន្តថា ពិព័រណ៍នេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការជំរុញបរិយាកាសអាជីវកម្មដែលងាយស្រួលរក ទាំងក្រុមហ៊ុន, អ្នកច្នៃប្រឌិត និងអ្នកជំនាញក្នុងឧស្សាហកម្មផ្សេងៗ អាចនាំផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា។ ព្រឹត្តិការណ៍នេះ ជាការបង្កើនពាណិជ្ជកម្ម និងអាជីវកម្មអន្តរជាតិ តាមរយៈការសហការគ្នា យើងអាចលើកស្ទួយសេដ្ឋកិច្ចរបស់យើង ធ្វើឲ្យសង្គមរបស់យើងរីកចម្រើន និងបង្កើតភាពរុងរឿងសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកអគ្គរាជទូតថៃ បានបន្ថែមថា នៅឆ្នាំ២០២៤នេះ យើងសប្បាយរីករាយបំផុតដែលបានឃើញតំណាង និងការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា និងពីប្រទេសថៃ វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (ISMED) និងការិយាល័យលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ( OSMEP) ពីក្រសួងឧស្សាហកម្មក្នុងប្រទេសថៃ ក្នុងឱកាសនេះ ដើម្បីចាប់ផ្តើមទំនាក់ទំនងពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ លោក មាន សុភា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា កម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច, ការច្នៃប្រឌិត កំណើនឧស្សាហកម្មឈានទៅមុខរបស់ប្រទេស, ការស្រាវជ្រាវវិទ្យាសាស្ត្រ ទាញយកភាពជឿនលឿននៃបច្ចេកវិទ្យា និងជំរុញការច្នៃប្រឌិតនៅទូទាំងវិស័យផ្សេងៗទៀត។
លោកបន្តថា ការជំរុញបរិយាកាសអាជីវកម្មអំណោយផល ការទាក់ទាញវិនិយោគិនបរទេស ការលើកកម្ពស់ការធ្វើពិពិធកម្មឧស្សាហកម្ម និងការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ដោយគាំទ្រដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្មសំខាន់ៗ ដូចជា ការផលិត, វាយនភណ្ឌ, កសិ-កែច្នៃ, សម្ភារសំណង់, បង្កើតឱកាសការងារ, ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណី។ លើសពីនេះទៀត ក្រសួងទទួលខុសត្រូវចំពោះបង្កើត និងអនុវត្តបទប្បញ្ញត្តិ ស្តង់ដារ និងគោលការណ៍ណែនាំទាក់ទងនឹងការអភិវឌ្ឍន៍ឧស្សាហកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការទទួលយកបច្ចេកវិទ្យា និងការច្នៃប្រឌិតផងដែរ៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ អេង សុគុណ