សង្គម

សាស្ត្រាចារ្យ វេជ្ជបណ្ឌិតល្បីៗ និងនិស្សិតវេជ្ជសាស្ត្រ ជាតិ-អន្តរជាតិជាង៣០០នាក់ ជួបជុំគ្នាលើកយកប្រធានបទ «ការរីកចម្រើន និងបញ្ហាប្រឈម ក្នុងផ្នែកជំងឺបេះដូង» មកពិភាក្សា និងចែករំលែកចំណេះដឹង

image



ភ្នំពេញ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្ត្រ ចំនួនជាង៣០០នាក់ បានអញ្ជើញចូលរួមក្នុងសន្និសីទបេះដូងប្រចាំឆ្នាំ លើកទី៨ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ ដែលមានការរៀបចំឡើង ដោយអង្គការស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឆ្នាំនេះ ជាលើកទី៨ នៃការប្រារព្ធធ្វើសន្និសីទបេះដូងសរសៃឈាម អន្តរជាតិ កម្ពុជា ក្រោមប្រធានបទ «ការរីកចម្រើន និងបញ្ហាប្រឈមក្នុងផ្នែកជំងឺបេះដូង» ក្រោមការចូលរួមធ្វើបទបង្ហាញ ពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ដែលជាសាស្តា្រចារ្យ វេជ្ជបណ្ឌិតឯកទេសល្បីៗ ផ្នែកបេះដូង និងវិបត្តិចង្វាក់បេះដូង មកពីសហរដ្ឋអាមេរិក ហុងកុង កូរ៉េខាងត្បូង វៀតណាម ប្រកបដោយគុណភាព និងមានគុណតម្លៃ សម្រាប់បណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ ដែលជាវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ និងនិស្សិតពេទ្យ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមសន្និសីទ ដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានថ្លែងអំណរគុណជូនចំពោះអង្គការស៊ី ស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា ដែលអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានជួយពិគ្រោះ និងព្យាបាលជំងឺបេះដូង ជូនដល់ប្រជាជនកម្ពុជា និងការរៀបចំសន្និសីទ គិតមកដល់ឆ្នាំនេះ គឺជាលើកទី៨។ ក្នុងនាមតំណាងឱ្យក្រសួងសុខាភិបាល ឯកឧត្តមចង់ឃើញអង្គការ បន្តសកម្មភាពបែបនេះទៀត នៅឆ្នាំខាងមុខ។

លោករដ្ឋលេខាធិការបន្ថែមថា ការចែករំលែកចំណេះដឹង គឺជាផ្នែកដ៏សំខាន់មួយ សម្រាប់វិស័យសុខាភិបាល ក្នុងការជួយដោះស្រាយបញ្ហា ក៏ដូចជាការជួយដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្តម បានស្នើដល់សិក្ខាកាម ដែលចូលរួមក្នុងសន្និសីទនេះ ត្រូវក្រេបយកចំណេះដឹង ពីសំណាក់វាគ្មិន ដែលជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសល្បីៗ ដែលបានចែករំលែកចំណេះដឹង។

គួរបញ្ជាក់ផងដែរថា សន្និសិទបេះដូង-សរសៃឈាម អន្តរជាតិ កម្ពុជា ប្រចាំឆ្នាំ លើកទី៨ ត្រូវបានរៀបចំឡើងដោយ អង្គការ ស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា (CMMC/Jeremiah’s Hope) ក្រោមការគាំទ្រពីសមាគមគ្រូពេទ្យបេះដូងកម្ពុជា សហការជាមួយមន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

អង្គការស៊ី.អិម.អិម.ស៊ី ក្តីសង្ឃឹមនៃយេរេមា ជាអង្គការសេវាថែទាំសុខភាព ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និងការថែទាំនៅកម្ពុជា ចាប់តាំងពីឆ្នាំ 2004 និងមានក្រុមវេជ្ជបណ្ឌិតវះកាត់ស្មគ្រ័ចិត្តពីសហរដ្ឋអាមេរិក ពី០៦ ទៅ ០៧ ក្រុមផ្សេងៗគ្នា ក្នុងមួយឆ្នាំ រួមមាន៖ ផ្នែកបេះដូង និង សសៃឈាមបេះដូង ផ្នែកឆ្អឹង ផ្នែកខួរក្បាល និងផ្នែកវះកាត់ជំងឺទូទៅជាដើម។

នាពេលថ្មីៗនេះ ចាប់ពីថ្ងៃទី២២ ដល់២៦ ខែមករា ឆ្នាំ២០២៤ អង្គការមានគ្រូពេទ្យស្ម័គ្រចិត្តផ្នែកបេះដូង ដែលបានចុះមកធ្វើការពិគ្រោះជំងឺផ្នែកបេះដូង ការវះកាត់ដូរប្រឺសបេះដូង និងការដាក់ថ្មបេះដូងជូនអ្នកជំងឺ។ ក្នុងនោះផងដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកវិបត្តិចង្វាក់បេះដូង បានធ្វើការវះកាត់និងដាក់ថ្មបេះដូងជូនអ្នកជំងឺ បាន១៥ករណី នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត, ១០ករណី នៅមន្ទីរពេទ្យកាល់ម៉ែត្រ និង២ករណី នៅមន្ទីរពេទ្យព្រះកេតុមាលា៕


អត្ថបទ៖ សន ពិសិដ្ឋ