សង្គម

រោងចក្រទឹកស្អាតកម្ពុជា-ជប៉ុន នៅខេត្តពោធិ៍សាត់ បានបើកដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការហើយ ដែលមានសមត្ថភាពផលិតទឹកស្អាត បានជាង៦.០០០ម៉ែត្រគីបក្នុង១ថ្ងៃ

image



ពោធិ៍សាត់៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រទឹកស្អាតកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលបានទទួលហិរញ្ញប្បទានឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុន តាមរយទីភ្នាក់ងារJICA។ ពិធីនេះក៏បានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីណូ  អាតស៊ុសស៊ី ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជាផងដែរ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនអំពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក្រោមដំបូលសន្តិភាព នៃការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានទទួលហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារ JICA តំឡើងរោងចក្រទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកបាន៦.៦០០ម៉ែត្រគីបក្នុងមួយថ្ងៃ បន្ថែមពីលើគម្រោងចាស់ដែលអាចផលិតទឹកស្អាតបាន១៣.៨៦០ម៉ែត្រគីបក្នុងមួយថ្ងៃ។

លោក អ៊ីណូ អាតស៊ុសស៊ី ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់ ដោយចំណាយថវិកាអស់ជាង២២លានដុល្លាអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJICA។ ប្រទេសជប៉ុនបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចទទួលបានសមិទ្ធិផលជាច្រើន។

ជាក់ស្តែង សមិទ្ធិផលក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តពោធិ៍សាត់ដែលជាវិស័យចម្បង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ដោយសង្ឃឹមថា សមិទ្ធិផលនេះនឹងលើកស្ទួយអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងធ្វើឱ្យជីវិតរស់នៅ របស់ប្រជាជនមានភាពប្រសើរឡើង តាមរយៈសេវាកម្មទឹកស្អាត។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានលើកឡើងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រទឹកស្អាតកម្ពុជា ជប៉ុន ក្រោមជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) គឺជាសមិទ្ធិផលថ្មីមួយទៀត ក្នុងការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តពោធិ៍សាត់ ដែលចំណាយថវិកាអស់ជាង២២លានដុល្លារអាមេរិក។

គម្រោងនេះចាប់ផ្តើមសាងសង់ ក្នុងខែសីហាឆ្នាំ២០២១ និងបញ្ចប់នៅខែសីហាឆ្នាំ ២០២៣នេះ ដែលមានរយ:ពេល១ឆ្នាំ បានបង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត មានសមត្ថភាពផលិតទឹកស្អាតប្រមាណ៦.៦០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងជួយពង្រីកសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាត ដល់រដ្ឋាករទឹកខេត្ត១៣.៨៦០ម៉ែត្រគីបក្នុងមួយថ្ងៃ ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ ប្រមាណ៨៦%នៅក្នុងក្រុងពោធិ៍សាត់។

លោកបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជាពិសេសប្រជាជនខេត្តពោធិ៍សាត់ សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងបានផ្តល់ការគាំទ្រទាំងថវិកា បច្ចេកទេស រួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

លោកបានឲ្យដឹងផងដែរថា ដើម្បីសម្រេចបានការផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០% ក្នុងក្រុងពោធិ៍សាត់នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបបានស្វែងរកការ គាំទ្រនិងទទួលជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងពោធិ៍សាត់ និងភូមិឃុំមួយចំនួនទៀតក្នុងស្រុកបាកាននិងស្រុកកណ្តៀង មានគុណភាព សុវត្ថិភាពនិងនិរន្តរភាព សមាសភាពនៃគម្រោងរួមមានការសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងប្រព័ន្ធបណ្តាញផ្គត់ផ្គង់ទឹកស្អាតសំដៅធ្វើឱ្យជីវិតរស់នៅនិងជីវភាពប្រជាជន ក្នុងសហគមន៍មានភាពប្រសើរឡើង តាមរយៈសេវាកម្មទឹកស្អាត៕
ដោយសេង ប៊ុនធឿន