សន្តិសុខសង្គម

នារីជនជាតិអ៊ីតាលីម្នាក់ស្លាប់ដោយចងកមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលនៅក្រុងកំពត

image


កំពត៖ មានការភ្នាក់ផ្អើលមួយបានកើតឡើងកាលពីព្រលឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដោយអ្នកធ្វើដំណើរបានប្រទះឃើញសពស្ត្រីជនបរទេសម្នាក់ព្យួរកជាប់នឹងខ្សែចងទង់ជាតិ នៅឆ្នេរព្រែកកំពង់បាយ។ ភាពភ្ញាក់ផ្អើលដែលអ្នកខ្លះសង្ស័យថាជាអំពើឃាតកម្មនេះបានកើតឡើងនៅក្នុងទឹកដីភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
មន្ត្រីនគរបាលការិយាល័យវិទ្យាសាស្ត្របច្ចេកទេស នៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា សពនារីជនបរទេសដែលអ្នកដំណើរប្រទះឃើញនោះមានឈ្មោះ TONELLI GIULIA អាយុ ២៧ឆ្នាំ ជនជាតិអុីតាលី កាន់លិខិតឆ្លងដែនលេខ8486712។
ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីអ្នកដំណើរអំពីការប្រទះឃើញសពស្រ្តីបរទេសព្យួរកនៅឆ្នេរព្រែកកំពង់បាយ។ ក្រោយទទួលដំណឹងនេះភ្លាម មន្ត្រីជំនាញបានចុះដល់គោលដៅ រួចដឹកសពទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីដំណើរការកោសល្យវិច័យ។
សមត្ថកិច្ចបានបន្តថា តាមរយ:កាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុ មន្ត្រីជំនាញបានកត់សម្គាល់ឃើញថា នាវេលាម៉ោងប្រហែលជិត ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ស្ត្រីរូបនេះបានដើរសំដៅទៅបង្គោលដងទង់ជាតិ រួចឈរលើខឿន ហើយទាញខ្សែទាក់កលោតទម្លាក់ខ្លួនចុះតែម្តង។ ជាមួយនេះដែរ មិត្តភក្តិរបស់ជនរងគ្រោះរូបនោះបានបញ្ជាក់ថា មិត្តភក្តិរបស់ខ្លួនបានចូលរួមផឹកស៊ីក្នុងហាងជនបរទេសមួយក្បែរកន្លែងកើតហេតុតាំងពីក្បាលព្រលប់រហូតដល់ម៉ោង១២កណ្តាលអធ្រាត្រទើបបែកគ្នា។ លុះព្រឹកឡើងស្រាប់តែមានគេប្រាប់ថាមិត្តភក្តិម្នាក់នេះបានស្លាប់ដោយចងកធ្វើឱ្យនាងតក់ស្លុតជាពន់ពេក។
មន្ត្រីកោសល្យវិច័យបានបញ្ជាក់ទៀតថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ពោលគឺការស្លាប់នេះពិតជាកើតឡើងដោយការធ្វើអត្តឃាតប្រាកដមែន៕

អត្ថបទ៖ វង្ស សុធារម្យ