ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក Blinken ជួបប្រជុំជាមួយសមភាគីចិននៅក្នុងទីក្រុងប៉េកាំង

image


សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកអាន់ថូនីប្ល៊ីងឃិន (Anthony Blinken) បានទៅចូលរួមកិច្ចប្រជុំជាមួយសមភាគីចិន លោកឈីនកាង (Qin Gang) កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយជំនួបនេះ បានធ្វើឱ្យលោកប្ល៊ីងឃិន (Blinken) ក្លាយជាអ្នកការទូតកំពូលដំបូងគេរបស់សហរដ្ឋអាម៉េរិកដែលមកបំពេញទស្សនកិច្ចនៅឯប្រទេសចិន មិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំ ក្រោមគោលបំណងដើម្បីបញ្ចុះកម្តៅក្នុងទំនាក់ទំនងទ្វេភាគី និងរំពឹងទុកជុំវិញការកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នាក្នុងជម្លោះដ៏វែងឆ្ងាយរវាងប្រទេសដែលមានខឿនសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក ។

នៅក្នុងដំណើរមកដល់របស់មន្ត្រីលំដាប់កំពូលអាម៉េរិកក្នុងជំនួបនៅឯប្រទេសចិន រដ្ឋមន្ត្រីការបរទេសចិន លោកឈីនកាង (Qin Gang) ឯណេះវិញ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅដល់លោកប្ល៊ីងឃិន (Blinken) និងអ្នកហែហមអមដំណើរ នៅឯផ្ទះសំណាក់រដ្ឋតៅអ៊ីតៃ (Diaoyutai) ក្នុងរដ្ឋធានីប៉េកាំង ។ មន្ត្រីថ្នាក់កំពូលទាំងពីរ ក៏បានសន្ទនាគ្នាបន្តិចបន្តួចជាភាសាអង់គ្លេសផងដែរ មុនពេលចាប់ដៃគ្នានៅមុខទង់ជាតិចិន និងសហរដ្ឋអាម៉េរិក ។

បន្ទាប់ពីចូលទៅក្នុងបន្ទប់ប្រជុំ ទាំងលោកប្ល៊ីងឃិន (Blinken) និងឈីន (Qin) មិនបានធ្វើការអត្ថាធិប្បាយណាមួយ នៅចំពោះមុខអ្នកយកព័ត៌មានដែលទទួលបានការអនុញ្ញាតឱ្យចូលក្នុងត្រឹមតែរយៈពេលខ្លីនោះទេ។

គេរំពឹងថា អំឡុងលោកប្ល៊ីងឃិន (Blinken) ស្នាក់នៅប្រទេសចិន រហូតដល់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោកនឹងជួបជាមួយអ្នកការទូតកំពូលរបស់ចិន លោកវ៉ាងយី (Wang Yi) និងអាចជួបជាមួយប្រធានាធិបតីចិន លោកស៊ីជីនពីង (Xi Jinping) ដោយស្វែងរកការបង្កើតបណ្តាញទំនាក់ទំនងបើកចំហ និងយូរអង្វែងដើម្បីធានាថាការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរមិនក្លាយជាបញ្ហាជម្លោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect