ព័ត៌មានជាតិ

ការនាំចេញរបស់កម្ពុជា ទៅកូរ៉េខាងត្បូង កើនឡើងជាង ២០% នៅក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២២នេះ

image

ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃទឹកប្រាក់ប្រមាណ ៧៥,៩២លានដុល្លារ ក្នុងរយៈពេល ៤ខែឆ្នាំ ២០២២នេះ បានកើនឡើង ២០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។  

ទិន្នន័យដដែលនេះបង្ហាញទៀតថា ការនាំចូលរបស់កម្ពុជា ពីប្រទេសកូរ៉េខាងត្បូងវិញ នៅចន្លោះខែមករា ដល់ខែមេសា ឆ្នាំ ២០២២ មានតម្លៃទឹកប្រាក់ប្រមាណ ២២២លានដុល្លារ កើនឡើង ៣០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កម្ពុជារំពឹងថា នឹងអាចនាំចេញផលិតផលកសិកម្មកាន់តែច្រើនទៅទីផ្សារកូរ៉េ ខណៈបច្ចុប្បន្នកម្ពុជាកំពុងនាំចេញកសិផលមួយចំនួនដូចជា ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី គ្រាប់ពោត និងម្រេចជាដើម។

ទំនិញសំខាន់ៗដែលកម្ពុជានាំទៅទីផ្សារកូរ៉េខាងត្បូងមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម ចំណែកផលិតផលដែលកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ គ្រឿងសំអាងនិងផលិតផលប្លាស្ទិក ជាដើម។

កម្ពុជា និងកូរ៉េ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ ដោយកិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំង ២ ក៏ដូចជាចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិបណ្តាលមកពីកូវីដ ១៩។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសទាំង ២ មិនទាន់បានប្រកាសពីការចូលជាធរមាននៃកិច្ចព្រមព្រៀង CKFTA នោះទេ។

ក្រៅពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា ប្រទេសទាំង ២ ក៏ជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលចូលជាធរមានកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ កន្លងមកផងដែរ៕