ព័ត៌មានជាតិ

អ្នកជំនាញអចលនទ្រព្យ អះអាងថា ការវិនិយោគដីធ្លីនៅតែទទួលបានផលចំណេញជាមធ្យម ១៥% ក្នុងមួយឆ្នាំ

image

ភ្នំពេញ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានអះអាងថា ទីផ្សារដីធ្លីនៅតែទទួលបានផលចំណេញខ្ពស់ ដោយរយៈពេលពីរបីឆ្នាំខាងមុខ អខណៈត្រាចំណេញនៅតែរក្សាបាន ១៥ភាគរយ ក្នុងមួយឆ្នាំ ធៀបនឹងការវិនិយោគ។

លោកបានលើកឡើងថា ទោះជាមានបញ្ហាដោយសារវិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងមកក៏ដោយ តែអ្នកវិនិយោគក្នុងស្រុកនៅតែបន្តទិញ នៅតែបន្តវិនិយោគ ព្រោះឱកាសចំណេញមានខ្ពស់ នៅពេលទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរមកវិញ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញ ដោយសារតែគ្មានករណីឆ្លងថ្មីកូវីដ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។

លោកបានបន្ថែមថា បើគិតនៅតាមតំបន់ជាយក្រុង ដូចជា ខណ្ឌព្រែកព្នៅ ខ័ណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ អត្រាចំណេញស្ថិតក្នុងចន្លោះ ២០ ទៅ ៣០ភាគរយ។

 លើសពីនេះ បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុកដើរតួនាទីសំខាន់ជាងគេ ដោយទំហំលុយចាប់ពី ៥០ម៉ឺនដុល្លារអាមេរិក ឬតម្លៃក្រោមនេះ នៅតែមានការបញ្ចេញសម្រាប់ទីតាំងល្អៗ និងមានផលចំណេញខ្ពស់ផងដែរ។

យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជាងើបឡើងវិញក្នុងកម្រិតទាបប្រមាណ ២,៤% ក្នុងឆ្នាំ២០២១ និង ៤,៨% ក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងសន្សឹមៗនៃលំហូរវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុ ដែលមានតម្លៃទាប និងមធ្យមនឹងបន្តរក្សាកំណើនល្អប្រសើរ។

តំបន់ដែលកំពុងមានសក្តានុពលក្នុងការវិនិយោគរួមមាន រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី កំពុងតែត្រូវបានអនុវត្ត។

 ចំណែកក្នុងខេត្តព្រះសីហនុ កំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង, នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្ដិសាស្ត្រ, នៅក្រុងប៉ាវិត ខេត្តស្វាយរៀង ដែលជាមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាមាត់ច្រកព្រំដែនកម្ពុជា-ថៃ ជាដើម៕

អត្ថបទ៖ ចេង ឆហួត