ព័ត៌មានជាតិ

លម្អិតរឿងឆេះក្លិបកម្សាន្ដក្រោមដី អេលីតដែលសម្លាប់មនុស្ស៣នាក់ និងរបួសម្នាក់នៅក្រុងសៀមរាប

image

អត្ថបទ៖ ជា ស្រស់

សៀមរាប៖ ក្លិបកម្សាន្ដក្រោមដីមួយកន្លែងស្ថិតនៅសង្កាត់ស្វាយដង្គុំក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ដោយសារឆ្លងចរន្ដអគ្គិសនី នាយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០២១នេះ ខណៈដែលបុគ្គលិកកំពុងហាត់សមត្រៀមបើកដំណើរការឡើងវិញ។

នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានចុះទៅពិនិត្យ និងដឹកនាំផ្ទាល់ផងដែរ។លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងដែរថា ក្លិបអេលិតនេះ មិនទាន់បានបើកដំណើរការនៅឡើយទេ ប៉ុន្តែរយៈពេល៣ថ្ងៃមកនេះ បុគ្គលិកចាប់ធ្វើការសាកល្បង និងហាត់សមដើម្បីស្នើសុំទៅអាជ្ញាធរបើកឡើងវិញ តែជាអកុសល ក៏កើតហេតុអគ្គិភ័យនេះតែម្តងទៅ។លោកបញ្ជាក់ថា ករណីអគ្គិភ័យនេះ ដំបូងឡើយបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏មានការឆ្លងចរន្តអគ្គិសនី ហើយបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរតែមិនអាចជួយបាន ទើបសុំការអន្តរាគមន៍ពីសមត្ថកិច្ច។

ដោយឡែកលោក ទៀ សីហា បានមានប្រសាសន៍ដែរថា អគ្គិភ័យតែងតែកើតឡើងគ្រប់ពេលបើយើងមានការប្រហែស។ លោកថា ក្លិបកម្សាន្តទាំងអស់មុននិងបើកឡើងវិញត្រូវ សហការជាមួយអាជ្ញាធរ ដើម្បីពិនិត្យមើលបច្ចេកទេសឱ្យបានសមស្រប ព្រោះឥឡូវនេះ ជាបញ្ហាមួយជាក់ស្តែងឃើញថា បុគ្គលិកមួយចំនួនបានមកធ្វើការតេស្តសាកល្បង ដែលមិនបានធ្វើឱ្យគ្រោះថ្នាក់កើតឡើងច្រើន ហើយបើសិនជាគាត់លួចបើក មានភ្ញៀវចូលមិនដឹងជាគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុណ្ណា។

សមត្ថកិច្ចបានឱ្យដឹងបន្ថែមថា ជនរងគ្រោះទាំង៤នាក់នេះ មាន-ទី១ ឈ្មោះ អ៊ឹង  ស៊ីម ភេទប្រុសអាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិបន្ទាយឈើ  សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត(បានស្លាប់ពេលដឹកមកដល់ពេទ្យខេត្ត) ទី២ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស  អាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុលមុខរបរ DJ ក្លិបអេលីត(កំពុងសង្គ្រោះបន្ទាន់នៅពេទ្យខេត្ត) ទី៣ឈ្មោះ  ឈឿន  សំណាង  ភេទប្រុស អាយុ ២៦ឆ្នាំ  រស់នៅភូមិខ្នារ  សង្កាត់ជ្រាវ  ក្រុងសៀមរាប  ខេត្តសៀមរាប  មុខរបរអ្នកចម្រៀង បានស្លាប់ និងទី៤ឈ្មោះ  ធី  មេសា  ហៅក្រៅ  ចិត្ត  ភេទប្រុស  មុខរបរសន្តិសុខ   អាយុ ៣៦ឆ្នាំ  រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ  ក្រុងសៀមរាប ខេត្តសៀមរាប ស្លាប់។

សមត្ថកិច្ចបញ្ជាក់ថាតាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១ខែធ្នូនេះ ខណៈដែលក្រុមបុគ្គលិកក្លិបបាននាំរៀបចំក្លិបកម្សាន្ដនេះ ដើម្បីបើកដំណើរការឱ្យភ្ញៀវចូលលេងកម្សាន្ដឡើងវិញ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រោយពេលបិទអស់រយៈពេលជាច្រើនខែ ដោយសារជំងឺកូវីដ១៩ ប៉ុន្ដែជាអកុសលស្រាប់តែឆ្លងចរន្ដអគ្គិសនីបណ្ដាលឱ្យមានការឆាបឆេះតែម្ដង ប៉ុន្ដែមិនបណ្ដាលឱ្យភ្លើងឆេះរាលដាលដល់គេហដ្ឋាន ឬអគារផ្សេៗនៅក្បែនោះទេ ដោយសារមានការអន្ដរាគមន៍ឡានទឹក ទាន់ពេល ហើយជាក្លិបនៅក្រោមដីផងដែរ។ ក្លិបកម្សាន្ដក្រោមដីនេះ នោះមានឈ្មោះ ELITE Club Party ប៉ុន្ដែដូរឈ្មោះជា ភោជនីយដ្ឋាន អេលីតក្នុងអំឡុងពេលជំងឺកូវីដ១៩៕