ឆ្នេរអង្កោលពោរពេញទៅដោយសក្តានុពលទេសចរណ៍ តែមិនទាន់មានការកែច្នៃឲ្យសាកសមនឹងធនធានដែលឆ្នេរនេះមាននៅឡើយ

អត្ថបទ៖ ង៉ុង សាន់
កែប៖ កែប ជាខេត្តតូចមែនពិត ប៉ុន្តែលាក់នូវកំណប់ធម្មជាតិយ៉ាងច្រើនសន្ធឹក ព្រៃភ្នំ សមុទ្រ ឆ្នេរខ្សាច់ កោះ សម្រស់ព្រៃកោងកាង ម្ហូបអាហារបែ បធម្មជាតិ ប្រៀបបាននឹងកូន ក្រមុំក្រពុំពេញរូបរាងរបស់ប្រទេសកម្ពុជា។
ភ្ញៀវទេសចរមួយចំនួនប្រហែលជាស្គាល់បានតែឆ្នេរកែប ផ្សារក្តាម សួនមេអំពៅ កាហ្វេភ្នំ និងសួនឧទ្យានខ្លះៗ នៅម្តុំក្រុងកែប
ប៉ុ ណ្ណោះ តែមិនដឹងថា នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានចម្ងាយប្រមាណតែជាង ២០គីឡូម៉ែត្រពីឆ្នេរកែប មានឆ្នេរខ្សាច់ធម្មជាតិដែលមានពណ៌ត្នោត ប្រវែងជាង ២ពាន់ម៉ែត្រ ម្លប់ដូងត្រឈឹងត្រឈៃ អមជាមួយទិដ្ឋភាពតាមបណ្តាកោះនានានៃខេត្តកែបដែលអណ្តែតនៅខាងមុខនៃឆ្នេរនេះនៅឡើយ។

ដើមដូងជ្រោងឡើងរាប់រយដើម រលកគ្រាំៗនាំឲ្យខ្សាច់ចាស់ ផ្លាស់ជាខ្សាច់ថ្មីតាមរដូវកាល សម្លេងបក្សាបក្សីទ្រហឹងអឺងកង បង្កើតបានជាចំណីអារម្មណ៍មួយប្លែកសម្រាប់ភ្ញៀវទេសចរ ដែលធ្លាប់បានមកលេងកម្សាន្តនៅឆ្នេរមួយនេះ។ បរិស្ថាននៅជុំវិញមានទូកអ្នកនេសាទ សម្រស់ភ្នំអង្កោល និព្រៃកោងកាងរាប់សិបហិចតាបានញាំងឲ្យបរិស្ថានធម្មជាតិនៅទីនោះសម្បូរបែប។
ដោយមើលឃើញពីសក្តានុពលដ៏សម្បើមនៃឆ្នេរមួយនេះ ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប កាលពីថ្ងៃទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
គណៈកម្មការអភិវឌ្ឍន៍ឆ្នេរសមុទ្រ កម្ពុជា បានដាក់បញ្ចូលទីនេះជាតំបន់ប៉ូលទេសចរណ៍ ក្នុងមុំយុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ថ្មី របស់ខេត្តកែប ក្នុងចំណោមប៉ូលទាំង៤ ដែលជាកន្លែងត្រូវពង្រីកសក្តានុពលទេសចរណ៍
ពង្រីកកន្លែងកម្សាន្ត រួមមាន ប៉ូលទេសចរណ៍ក្រុងកែបចាស់ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ និងប៉ូលទេសចរណ៍តំបន់អង្កោល ក្រៅពីនោះគម្រោងផ្លូវប្របមាត់សមុទ្រ ចាប់ពីក្រុងកែប ឆ្លងកាត់ឆ្នេរអង្កោល ភ្ជាប់ជាមួយផ្លូវបេតុងក្រវ៉ាត់ភ្នំអង្កោលរបស់រដ្ឋបាលខេត្តកែប ដែលគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ១០,៥លានដុល្លារ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងចាប់ផ្តើមតំណើរការសាងសង់ហើយដែរ។

ទោះបីជាមិនទាន់មានការកែច្នៃ ឆ្នេរមួយនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ពីសំណាក់ភ្ញៀវទេសចរក្នុងតំបន់ ជាពិសេសភ្ញៀវទេសចរដែលចូលចិត្តការធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែង
ដែលស្ងប់ស្ងាប់។
លោក វ៉ៅ សុខា អ្នកនាំពាក្យសាលាខេត្តកែប បានលើកឡើងយ៉ាងដូចនេះថា ឆ្នេរអង្កោលគឺជាតំបន់ប៉ូលទេសចរណ៍មួយ ដែលមានប្រវែងវែងរហូតដល់ជាង ២ពាន់ម៉ែត្រ ហើយក៏ជាឆ្នេរធម្មជាតិដែលមិនទាន់មានការកែច្នៃអ្វីទាំងអស់ ក្នុងចក្ខុវិស័យដែលរដ្ឋបាលខេត្តកំណត់យកជាប៉ូលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្នេរនេះនឹងជួយទាក់ទាញ់ភ្ញៀវទេសចរបន្ថែមនាពេលខាងមុខ។

លោក ប៉ុក ប៉េង ជាភ្ញៀវទេសចរមួយរូបដែលបានមកកម្សាន្តនៅឆ្នេរអង្កោលជាលើកដំបូងបានបង្ហាញអារម្មណ៍នៃការយល់ឃើញថា ឆ្នេរអង្កោលមានចំណុចល្អជាច្រើនសម្រាប់រូបលោក ជាទីដែលភាពស្ងប់ស្ងាត់ត្រូវជាមួយចំណួលចិត្តរបស់លោក ការមើលឃើញពីទិន្នភាពផ្ទាល់របស់អ្នកនេសាទ។
លោកក៏បានបង្ហាញអារម្មណ៍ហាក់ខកចិត្តដែរ នៅពេលដែលលោកបានដល់ឆ្នេរមួយនេះ ដោយសារបញ្ហាមួយចំនួនជាពិសេសកង្វះអនាម័យបរិស្ថាន ធ្វើអោយសម្រស់ដ៏ផូផង់នៃឆ្នេរអង្កោល ត្រូវកប់បាត់ក្រោមគំនរនៃសម្រាម។
ជាយូរឆ្នាំមកហើយឆ្នេរអង្កោល ហាក់នៅមិនទាន់មានការយកចិត្តទុកដាក់កែលំអ ឲ្យសាកសមនឹងសក្តានុពលដែលវាមាននៅឡើយនោះទេ ដោយបច្ចប្បន្នឆ្នេរខ្សាច់នេះ នៅតែពួនក្រោមម្លប់ដូង ដណ្តប់ដោយសំរាម និងសំបកសត្វសមុទ្រ ភាពមិនយកចិត្តទុកដាក់ បានប្រែក្លាយទីដ៏មនោរម្យនេះ ទៅជាកន្លែងគរសំរាម និងសំណង់អនាធិបតេយ្យ សកម្មភាពការរំលោភបំពានផ្សេងៗពីសំណាក់ជនមួយចំនួន ដោយការរៀបខឿនព័ទ្ធយកដីចំណីសមុទ្រ និងដីឆ្នេរអង្កោល ធ្វើរបងបិទផ្លូវសាធារណៈ ដែលធ្វើឲ្យឆ្នេរមួយនេះមិនមានផ្លូវរថយន្តចូលបានទៀតនោះទេ។
ដូចនេះភ្ញៀវទេសចរត្រូវបង្ខំចិត្តបស់លុយ ទៅឲ្យម្ចាស់ផ្ទះដែលមានដីនៅទីនោះចំនួន ៥.០០០រៀល ក្នុងមួយឡាន ទើបអាចបររថយន្តឆ្លងកាត់ចូលទៅបរិវេណឆ្នេរអង្កោលបាន ភ្ញៀវទេសចរបានកើតក្តីសៅហ្មងក្នុងចិត្ត
ដោយសារគ្មានផ្លូវចូល។

អាជ្ញាធរមិនមានដំណោះស្រាយណាមួយលើករណីនេះនោះទេ តែម្ចាស់ផ្ទះដែលដកលុយ ៥.០០០រៀល ពីភ្ញៀវទេសចរ ជាថ្នូរបើកផ្លូវឲ្យចូលឆ្នេរអង្កោល បានបញ្ជាក់ថា ខ្លួនមិនមែនជាម្ចាស់ឆ្នេរនោះទេ
តែផ្លូវដែលភ្ញៀវបើកឡានចូលទៅនោះ ជាដីភូមិឯកជនរបស់ពួកគាត់។
យ៉ាងណាយុវជន ខុម មិថុនា ជាប្រជាពលរដ្ឋ និងអាជីវករនៅឆ្នេរអង្កោលដែលរស់នៅតំបន់នោះ ស្នើសុំឲ្យមានការដោះស្រាយបញ្ហា២ចំណុច គឺសំរាម និងបញ្ហាផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវដែល មកលេងកម្សាន្តឆ្នេរនេះ។

ដោយឡែកលោក វ៉ៅ សុខា បញ្ចាក់ថា លោកមិនទាន់ទទួលបានព័ត៌មានពីថ្នាក់មូលដ្ឋាននៅឡើយពីការយកលុយពីភ្ញៀវទេសចរនៅតំបន់ឆ្នេរអង្កោលនេះ តែលោកបានបញ្ជាក់ថា ករណីនេះនឹងត្រូវបញ្ចប់ នៅពេលដែល
គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រនេះស្ថាបនារួចរាល់។
ក្រៅពីនោះ ការរំលោភបំពានយកដីឆ្នេរ ដីចំណីសមុទ្រ មកធ្វើជាទ្រព្យកម្មសិទ្ធិពីសំណាក់អ្នកមានលុយ កំពុងបង្កការរាំងស្ទះដល់ផែនការអភិវឌ្ឍន៍តំបន់ដ៏មានសក្តានុពលមួយនេះរបស់រដ្ឋបាលខេត្ត
ក៏ដូចជាគណៈកម្មការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាដែលបានចាត់តំបន់អង្កោលនេះ ជាប៉ូលសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចររួចហើយ។
លោក វ៉ៅ សុខា លើកឡើងថា ឆ្នេរសមុទ្រជាទ្រព្យសម្បតិ្តរបស់រដ្ឋ សកម្មភាពនៃការរំលោភបំពានទាំងនោះ អាជ្ញាធរខេត្ត និងចាត់វិធានការបន្ទាន់មួយធ្វើយ៉ាងណា យកតំបន់ឆ្នេរដែលមានសកម្មភាពរំលោភទាំងនោះ មកធ្វើជាកម្មសិទ្ធិរដ្ឋវិញ ដើម្បីអភិវឌ្ឍន៍សម្រាប់ជាប្រយោជន៍សាធារណៈ។

កាលពីពេលកន្លងទៅអាជ្ញាធរខេត្តក៏ធ្លាប់បានចុះទៅឈូសឆាយសំណង់ខឿនថ្ម ដែលរៀបចូលដីចំណីឆ្នេរសមុទ្រ ២ដងហើយដែរ តែសកម្មភាពនៃការរំលោភបំពានកាន់តែរីកធំទៅៗនៅឡើយ។
គួរបញ្ជាក់ថា ក្នុងឱកាសថ្ងៃឈប់សម្រាក នារដូវបុណ្យភ្ជុំរយៈពេល៣ថ្ងៃកន្លងទៅនេះ យោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានអោយដឹងថា ចំនួនភ្ញៀវទេសចរដែលបានមកលេងកម្សាន្តនៅខេត្តកែបមានចំនួនជាង ៩ម៉ឺន ៦ពាន់នាក់ តែលោកមិនមានចំនួនភ្ញៀវទេសចរដែលបានមកលេងកម្សាន្តនៅឆ្នេរអង្កោលនោះទេ ខណៈរយៈពេល៣ថ្ងៃនាកំឡុងពេលឈប់សម្រាកនោះ ឆ្នេរអង្កោលក៏ទទួលបានភ្ញៀវទេសចរមកលេងលើកពីពេលធម្មតា៕
