បិទខ្ទប់ផ្សារមួយក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយរកឃើញអាជីវករ៥នាក់មានជំងឺកូវីដ-១៩
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទខ្ទប់បណ្តោះអាសន្ន ផ្សារត្រពាំងផុង ស្ថិតក្នុងភូមិព្រៃប៉ាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រោយមានអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកលក់ដូរចំនួន ៥នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ-១៩។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន ៥នាក់ ជាអាជីវករដែលលក់ដូរក្នុងផ្សារត្រពាំងផុង ហើយបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីមានការប្រាស្រ័យទាក់ទងគ្នាក្រោយពីគ្រួសារអ្នកជំងឺមួយគ្រួសារបានវិលត្រឡប់មកពីលេងបងប្អូនដែលមានវិជ្ជមានជំងឺកូវីដនៅផ្សារប៉ាំងសី ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣។
ដើម្បីបញ្ជៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងផ្សារនេះទៅប្រជាពលរដ្ឋដទៃក្នុងភូមិ រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចបិទផ្សារនេះជាបណ្តោះអាសន្ន។ ក្នុងនោះដែរ អាជ្ញាធរតម្រូវឱ្យអ្នកពាក់ពន្ធ័ទាំងអស់ប្រញ៉ាប់ចូលខ្លួនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តរកកូវីដ-១៩ និងដាក់ខ្លួនឱ្យនៅដាច់ពីក្រុមគ្រួសាររយៈពេល ១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល និងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីសង្ស័យត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរដែនដី ដើម្បីឱ្យក្រុមគ្រូពេទ្យចុះជួយអន្តរាគមន៍ទាន់ពេល៕
ដោយ៖ ប៊ុត សារុន


