ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់បរិស្ថាន លើកទឹកចិត្តឱ្យពលរដ្ឋឱ្យដាំដើមឈើ ដើម្បីបង្កើនភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

image

កំពង់ស្ពឺ៖ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រមូលគ្រាប់ពូជឈើ ចូលរួមដាំដើមឈើ មិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបានដាំនៅពេលនេះនឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយរបស់បងប្អូន ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ។ នេះជាការលើកឡើងដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅចំពោះមុខប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិសាមគ្គីនៅតំបន់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងតំបន់ដែនជម្រកសត្វព្រៃឱរ៉ាល់កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា បានលើកឡើងដូចនេះ ក្នុងអំឡុងពេលដែលចុះសាកសួរសុខទុក្ខ និងចូលរួមលើកទឹកចិត្តប្រជាសហគមន៍ ដែលបានចូលរួមក្នុងសកម្មភាពត្រៀមរៀបចំក្នុងពិធីដាំកូនឈើក្រោមប្រធានបទ «យុទ្ធនាការព្យាបាលដំបៅផែនដី» ដែលជាកិច្ចសហការរៀបចំដោយមានការចូលរួមពីក្រសួង និងអាជ្ញាធរខេត្តកំពង់ស្ពឺ និងក្រុមអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដឹកនាំដោយ លោក តាន់ គឹមសួរ។   

លោក នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់យុវជនកម្ពុជាក៏ដូចជាប្រជាសហគមន៍ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ ​និងបានតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍សហគមន៍ជាធំ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនភាពបៃតងនៅក្នុងសហគមន៍ និងជាការចូលរួមកិច្ចការងារថែរក្សាធនធានធម្មជាតិ។ ក្រសួងបរិស្ថាននៅតែបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងអ្នកស្ម័គ្រចិត្ត ចូលរួមថែរក្សាបរិស្ថាន ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការល្អដើម្បីផលប្រយោជន៍រួម និងមិនយកបរិស្ថាន និងធនធានធម្មជាតិជាលេសដើម្បីធ្វើសកម្មភាពដែលបង្កប់របៀបវារៈនយោបាយទុច្ចរិតណាមួយឡើយ។ 

លោក នេត្រ ភក្រ្តា បានកោតសរសើរនូវគំនិតផ្តូចផ្តើមគំនិតរបស់ក្រុមការងារដឹកនាំដោយ លោក តាន់ គឹមសួរ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តក្នុងការដាំដើមឈើនៅតាមតំ​បន់ព្រៃរិចរិល និងក្នុងតំបន់សហគមន៍។ នេះមិនមែនត្រឹមតែចូលរួមការពារ និងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋដែលបានចូលរួមធ្វើការងារ ដោយលុញគ្រាប់រុក្ខជាតិ សម្រាប់ភ្ញៀវទេសចរបាចសាចនៅក្នុងព្រៃ ហើយដែលនឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានទៅទស្សនានៅក្នុងតំបន់នោះ នៅពេលគ្រាប់រុក្ខជាតិនោះដុះលូតលាស់ធំឡើង។ សកម្មភាពទាំងនេះ ក៏ជាការចូលរួមធ្វើឱ្យប្រជាពលរដ្ឋឈប់ចូលព្រៃកាប់ឈើ ឈប់ចូលព្រៃបរបាញ់សត្វដូចមុន ហើយងាកមកជាអ្នកចូលរួមអភិរក្ស ថែរក្សាព្រៃឈើ ដើម្បីការពារធនធានធម្មជាតិ និងរៀបចំសហគមន៍ពួកគាត់ទៅជាតំបន់ទេសចរណ៍ធម្មជាតិមួយជាទីគួរទាក់ទាញ និងបន្សល់ទុកសម្រាប់កូនចៅតជំនាន់ក្រោយៗទៀត។ ម្យ៉ាងវិញទៀត នេះគឺជាសកម្មភាពដែលត្រូវបានលើក ទឹកចិត្ត និងគាំទ្រ។     

លោក តាន់ គឹមសួរ ដែលជាអ្នកផ្តួចផ្តើមគំនិតយុទ្ធនាការព្យាបាលដំបៅផែនដី បានបង្ហាញពីអារម្មណ៍សប្បាយរីករាយជាមួយនឹងការចុះសួរសុខទុក្ខ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរបរិស្ថានដោយផ្ទាល់ និងការផ្តល់នូវថវិកាលើកទឹកចិត្តដើម្បីទិញម្ហូបអាហារឆ្ងាញ់ៗដល់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់នោះ។ លោកបានបញ្ចាក់ឱ្យដឹងថា ក្រុមការងារលោកបានបង្កើតគម្រោងនេះគឺ ចាប់តាំងពីឆ្នាំ២០១៩មក បន្ទាប់ពីមានការសង្កេតឃើញថា អាកាសធាតុមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែអាក្រក់ទៅៗ។ ក្នុងនាមជាមនុស្សជាតិរស់នៅលើភពផែនដីនេះ ការបង្កើតកម្មវិធីនេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលពិសេសជាមួយក្រសួបរិស្ថាន ធ្វើការដាំដុះ ការអភិរក្ស ធ្វើការទប់ស្កាតការកាត់បំផ្លាញព្រៃឈើនៅតំបន់នេះ។ ជាមួយការចងឃើញកម្ពុជាបន្តថែរក្សាព្រៃបានល្អ ដោយមានការចូលរួមពីប្រជាពរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន លោក តាន់ គឹមសួរ បានធ្វើការស្រាវជ្រាវ ទៅលើការប្រើប្រាស់វិធីអ្វីដែលមានប្រសិទ្ធភាព នៅក្នុងចូលរួមស្តារព្រៃឈើឡើងវិញ។ លោកបន្ថែមថា ក្រោយស្រាវជ្រាវរកឃើញថា នៅក្នុងប្រទេសតំបន់អាហ្រ្វិក ប្រទេសថៃ និងនៅតាមបណ្តាប្រទេសនានា នៅលើសកលលោកមួយចំនួនទៀត គេប្រើលក្ខណៈលុញដីដាក់គ្រាប់រុក្ខជាតិចូលទៅ ដោយគេប្រើរយៈពេលខ្លី និងទទួលបានប្រសិទ្ធភាពខ្ពស់ ដោយឡែកនៅប្រទេសអាហ្រ្វិកក្នុងមួយឆ្នាំគេអាចដាំបានកូនឈើរហូតដល់ ៨លានដើម ដែលទាំងអស់នេះគឹជាបទពិសោធន៍ល្អមួយក្នុងការយកមកអនុវត្តនៅកម្ពុជា។

ជាមួយគ្នានេះ លោក តាន់ គឹមសួរ បានឱ្យដឹងថា គម្រោងនេះគឹមានការគាំទ្រ និងលើកទឹកចិត្តពីក្រសួងបរិស្ថាន និងការគាំទ្រពីថ្នាក់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលតែងតែផ្តល់ការសហការគ្នាចុះផ្ទាល់នៅក្នុងការគាំទ្រសកម្មភាពយុវជន ដែលចូលរួមការពារ និងអភិរក្សធានធានធម្មជាតិ ជានិច្ច។ សកម្មភាពរយៈពេលកន្លងមកនេះ ធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនបានច្រើន ពិសេសអ្នកដែលធ្លាប់ជាអ្នកស៊ីឈ្នូលកាប់ឈើ និងចូលព្រៃកាប់ឈើ ដាក់អន្ទាក់សត្វ។ លោក តាន់ គឹមសួរ បានផ្តល់ជម្រើសមកជាអ្នកធ្វើការចូលរួមការពារព្រៃឈើ ជាមួយប្រាក់កម្រៃសមរម្យ ហើយពួកគាត់ចាប់ផ្តើមដាក់អារម្មណ៍មកស្រឡាញ់ធម្មជាតិ។ យុទ្ធនាការនៃការដាំដើមឈើនេះ ជាផ្នែកតូចមួយប៉ុណ្ណោះ អ្វីដែលសំខាន់គឹការចូលរួមបណ្តុះស្មារតីប្រជាជនដែលខ្លះមិនដែលយល់ មិនដែលដឹង មិនដែលចាប់អារម្មណ៍នូវសារៈប្រយោជន៍ព្រៃឈើ ឱ្យងាកមកចូលរួមខ្វាយខ្វល់ធ្វើទាំងអស់គ្នា។

តាមការបញ្ជាក់របស់ លោក តាន់ គឹមសួរ គម្រោងលុញគ្រាប់រុក្ខជាតិដើម្បីព្យាបាលដំបៅផែនដីនេះ មានការចូលរួមជាមួយយុវជនស្ម័គ្រចិត្ត យុវជនបៃតងវើរា។ ការចាប់ផ្តើមនៅឆ្នាំនេះ មិនមានគម្រោងធំនោះទេ គឺគ្រាន់តែលុញគ្រាប់ដើម្បីផ្តល់ខាងសហគមន៍លក់បន្តទៅដល់ភ្ញៀវទេសចរណ៍ ដើម្បីបង្កើតចំណូលឱ្យទៅខាងសហគមន៍តាមរយៈការប្រើជំពាមបាញ់គ្រាប់លុញដែលមានគ្រាប់រុក្ខជាតិនៅក្នុង ហើយបាញ់ចូលទៅក្នុងព្រៃនៅពេលដែលគាត់បានទៅស្សនានៅក្នុងតំបន់នោះ។ ក្នុងគម្រោងនេះ មានការគាំទ្រពីសប្បុរសជនជាធំ ដែលជាអគ្គនាយិការនៃក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានផ្តល់ថវិកាក្នុងការចំណាយទូទៅ។ ជាជំហានដំបូងនៃគម្រោងបាចពីលើឧត្ថម្ភាចក្រ និងធ្វើការបាចចំនួន ៣០ម៉ឺនគ្រាប់ នៅទំបន់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ជាជំហានបន្ត និងព្យាយាមលុញឱ្យបាន ១លានគ្រាប់ នៅក្នុងឆ្នាំនេះ និងនៅឆ្នាំបន្តបន្ទាប់។ 

លោក ប៉ែន ចំរ៉ុង អ្នកសិល្បៈ ដែលបានចូលរួមស្ម័គ្រចិត្តក្នុងការងារនេះបានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចជាអ្នកសិល្បៈ ត្រូវមានចំណែកក្នុងការការពារធនធានធម្មជាតិ។ ដូច្នេះ ចូលរួមផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋយើង ត្រូវចាប់ផ្តើមខ្លួនយើងសិន។ បើទោះបីជាលោករវល់នឹងការងារសិល្បៈដកឃ្លាមិនរួចយ៉ាងណាក៏ដោយ ក៏លោកត្រូវតែឆ្លៀតពេលចូលរួមលើកិច្ចការងារទាំងអស់នេះ ដែលជាមោទកភាពមួយសម្រាប់រូបលោកផ្ទាល់ និងក្រុមគ្រួសារលោកផងដែរ។ 

ប្រជាពលរដ្ឋម្នាក់ដែលពិការជើងទាំងសងខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើសំណង់ ដែលចូលរួមធ្វើការងារនះ បានបញ្ជាក់ថា លោកបានធ្វើការងារនៅទីនោះ តាមរយៈលោក តាន់ គឹមសួរ យកមកធ្វើការ ខណៈដែលកន្លែងផ្សេងធ្វើមិនកើត ដោយសារលោកពិការជើងទាំងពីរ។ លោកបន្ថែមថា ការងារលុញដំដីដាក់គ្រាប់រុក្ខជាតិនេះក្នុងមួយថ្ងៃទទួលបានប្រាក់កម្រៃ ៣ម៉ឺនរៀល ដូចគេឯងដែរ ដែលបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការទ្រទ្រង់លើការចំណាយនៅក្នុងជីវភាពគ្រួសារប្រចាំថ្ងៃរបស់ក្រុមគ្រួសារលោក ហើយការលុញដំដីដាក់គ្រាប់រុក្ខជាតិនេះ ជាការងារល្អមួយដែលនឹងបានចូលរួមថែរក្សាធនធានធម្មជាតិទាំងអស់គ្នាផងដែរ៕