សត្វឆ្កែព្រៃ ឃើញវត្តមានច្រើនឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា
ពោធិ៍សាត់៖ យោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានដាក់នៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមានសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសំបូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នកបរិស្ថាននិយម។ នេះបើយោងតាមការឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ នេះជាមោទកភាព ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក្រោយកម្ពុជាទទួលបានសុខសន្តិភាព។
លោករដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីរៀបចំផែនការការពារ និងអភិរក្សធនធានធម្មជាតិដែលខ្លួនមាន ហើយបច្ចុប្បន្ន បាននិងកំពុងតែទទួលបាននូវផ្លែផ្កា។ ក្នុងរយៈពេលប៉ុន្មានខែនេះ សត្វឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាញថតរូបបានតាមម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី។ ក្រៅពីនេះ គេឃើញវត្តមាននៃសត្វឆ្កែព្រៃក្នុងដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងតំបន់ទេសភាពខ្ពស់រាបភាគខាងកើត ដូចជាដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីម៉ាជាដើមដែលតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានរូបភាពនៃប្រភេទសត្វទាំងនេះរួមនឹងកូនតូចៗផងដែរ។ នេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះ ចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់មួយចំនួនទៀតមានចំនួនកើនឡើង។
ជាមួយគ្នានេះ លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន ដែលបានដឹកនាំការស្រាវជ្រាវប្រភេទសត្វកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ បានឱ្យដឹងថា សត្វឆ្កែព្រៃ Dhole ឬ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗអាចមានរហូតដល់ជាង១០ក្បាល ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។
លោកបានបន្តថា កត្តាគំរាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកសត្ចក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃក្នុងគោលបំណងផ្សេងៗ។ មានការសិក្សាស្រាវជ្រាវមួយនៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ។ តាមការបញ្ជាក់របស់ លោក ពិន ច័ន្ទរតនា តំបន់ណាដែលសំបូរដោយវត្តមានខ្លារខិន នោះនឹងមិនសូវសំបូរវត្តមានសត្វឆ្កែព្រៃឡើយ ព្រោះសត្វទាំងពីរប្រភេទនេះស្វែងរកអាហារដូចគ្នា។
ទាក់ទងនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរកឃើញវត្តមានសត្វកម្រៗជាច្រើនក្នុងនោះមានសត្វឆ្កែព្រៃនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា បានបង្ហាញថា តំបន់ការពារធម្មជាតិ ត្រូវបានការពារ និងអភិរក្សបានល្អប្រសើរ និងបានក្លាយជាទីជម្រកដ៏មានសុវត្ថិភាពសម្រាប់សត្វព្រៃ។ ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែនយុត្តាធិការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីការពារព្រៃឈើដែលជាទីជម្រករបស់ពពួកសត្វព្រៃ។ កម្ពុជាពិតជាមានមោទកភាពដែលមានវត្តមានប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោកមាននៅកម្ពុជា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សជីវៈចម្រុះជាពិសេសប្រភេទសត្វព្រៃជិតផុតពូជ កុំព្យាយាមនាំសត្វស្រុកចូលក្នុងព្រៃ ព្រោះសត្វស្រុកដូចជាសត្វឆ្កែជាដើមដែលទឹកមាត់របស់វាមានផ្ទុលមេរោគអាចបង្កផលប៉ះពាល់ដល់សត្វឆ្កែព្រៃ និងរួមគ្នាថែរក្សាសត្វព្រៃទាំងឡាយឱ្យបានគងវង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយនិយាយថាទេចំពោះសាច់សត្វព្រៃ និងកុំប្រើប្រាស់របររបរដែលផលិតពីវត្ថុធាតុដើមធ្វើពីសំណាកសត្វព្រៃ៕




