ព័ត៌មានជាតិ

អ្នកញៀនល្បែងភ្នាល់ជល់មាន់តាមអនឡាញនៅក្រុងបាត់ដំបងចំនួន១៧នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

image

អ្នកញៀនល្បែងភ្នាល់ជល់មាន់តាមអនឡាញនៅក្រុងបាត់ដំបងចំនួន១៧នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

   បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាល រង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្រ្កាបល្បែងសុីសងគ្រប់ប្រភេទក្នុងខេត្តបាត់ដំបង និងលោក វរសេនីយ៍ឯក មៀន ឡាយ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះយុទ្ធនាការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាន ក្រោយពួកគេប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញ(ទូរទស្សន៍) ផ្ទុយពីបម្រាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ- ១៩ របស់ប្រមុខរាជរដ្ឋាភិបាល។

 កម្លាំងសមត្ថកិច្ចដែលបានចុះប្រតិបត្តិការនេះបានឲ្យដឹងថា ករណីចុះបង្រ្កាបថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោមការសម្របសម្រួលបញ្ជារផ្ទាល់ដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូង។

  ជាមួយយុទ្ធនាការក្នុងអំឡុងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នេះដែរ កម្លាំងជំនាញបានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន១៧នាក់ រួមជាមួយវត្ថុតាងដកហូតបានរួមមាន៖ -រថយន្ត ,ម៉ូតូ ,ទូរទស្សន៍ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់​មកកាន់ស្នងការដ្ឋាន ធ្វើការសាកសួរ រីឯម្ចាស់ទីតាំងដែលបើកលេងល្បែងជល់មាន់បានរត់គេចខ្លួន  បច្ចុប្បន្នមនុស្ស១៧នាក់ ត្រូវបានការិយាល័យជំនាញកំពុងរៀបចំកសាងសំ​ណុំរឿងនិងវត្ថុតាងមួយចំនួនទៀត បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

ដោយៈ ឡាច សុគន្ធាវី