ខេត្តកំពតនឹងមានផ្សារគំរូព្រំដែន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជាមួយប្រទេសវៀតណាម ក្នុងពេលឆាប់ៗនេះ
កំពត៖ ផ្សារគំរូព្រំដែន ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់តាមបណ្តាខេត្តជាប់ព្រំដែន ហើយខេត្តត្បូងឃ្មុំ បានសាងសង់រួចរាល់កាលពីពេលកន្លងទៅថ្មីៗនេះ។ សម្រាប់គម្រោងផ្សារទី២គឺ ខេត្តកំពត ដែលនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ឬពាក់កណ្តាលឆ្នាំ២០២២។ គម្រោងនេះសាងសង់នៅលើផ្ទៃដីចំនួន ២ហិកតា ក្នុងផ្ទៃដីសរុប ៥០ហិកតា ដែលគ្រោងចំណាយថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ២លានដុល្លារ។
ទាក់ទងនឹងគម្រោងផ្សារព្រំដែននេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យទីតាំងសាងសង់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។ ទីតាំងគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារគំរូព្រំដែននេះ ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ គម្រោងនេះជាគម្រោងអទិភាពទី២ បន្ទាប់ពីផ្សារគំរូព្រំដែនបានកសាងរួចរាល់នៅក្នុងខេត្តត្បូងឃ្មុំ ក្នុងចំណោមខេត្តនានាជាប់ព្រំដែនវៀតណាម នៅក្នុងជំហានដំបូងនេះដែរ។ គម្រោងនេះធ្វើការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានការកសាងតភ្ជាប់ផ្លូវ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម អគារផ្សារកម្ពស់ ២ជាន់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់លោកអភិបាលខេត្តកំពត ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួល និងសហការបានល្អជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការគម្រោងសាងសង់បានសម្រេចលទ្ធផលជោគជ័យឆាប់រហ័សតាមគោលការណ៍របស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានសំដែងការអបអរ គាំទ្រ សហការ នឹងសង្ឃឹមថា សមិទ្ធផលនៃគម្រោងនេះ បន្ទាប់ពីកសាងរួចរាល់ នឹងអាចធ្វើឱ្យការដោះដូរទំនិញតាមព្រំដែនមានលក្ខណៈកាន់តែល្អប្រសើរថែមទៀត និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អ៕
ដោយ៖ វង្ស សុធារម្យ



