ព័ត៌មានជាតិ

ការស្ថាបនាកែលម្អផ្លូវជាតិលេខ២ (ភ្នំពេញ-តាកែវ) សម្រេចបាន ២០%

image

ភ្នំពេញ៖ ការស្ថាបនាកែលម្អផ្លូវជាតិលេខ២ សម្រេចបានលទ្ធផលជាង២០ភាគរយហើយៗ តាមល្បឿននៃការសាងសង់នេះ នឹងអាចចប់តាមផែនការដែលបានគ្រោងទុក នៅដើមឆ្នាំ២០២២។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊នទទួលការសាងសង់កំពុងមមាញឹកអនុវត្តការងាររបស់ខ្លួន តាមផែនការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បើទោះបីការអភិវឌ្ឍត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ផ្នែកខ្លះនៃកំណាត់ផ្លូវ កាលពីពេលកន្លងទៅនេះក៏ដោយ។

លោកបន្តថា តាមល្បឿននៃការសាងសង់ក្នុងពេលបច្ចុប្បន្ន រំពឹងថា ផ្លូវនេះនឹងរួចរាល់ជាស្ថាពរនៅត្រី មាសទី១ ឆ្នាំ២០២២ ប្រសិនជាមិនមានឧបសគ្គមករាំងស្ទះ។

ការកែលម្អកំណាត់ផ្លូវជាតិលេខ២ពីក្រុងតាខ្មៅ ដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវ ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម ចាប់ផ្ដើមកាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគម្រោងសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េ នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់សរុបជាង ៥៦លានដុល្លារអាមេរិក ដោយផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd របស់កូរ៉េជាអ្នកសាងសង់។

គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅ ស៊ូ AC  សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។

ការស្ថាបនានេះ បែងចែកជាបីកំណាត់ផ្លូវ ធំៗ ដោយកំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរ ស្រូវ មានប្រវែង៨,៧៤គីឡូម៉ែត្រ ត្រូវពង្រីកពី២គន្លងទៅ៤គន្លងដោយនៅតំបន់ទី ប្រជុំជនមានទទឹងផ្លូវ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០,៥ម៉ែត្រ។

កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង៥៣,៨១៩គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទដោយរៀបចំមាន២ គន្លង ក្នុងទំហំផ្លូវទទឹង១៣ម៉ែត្រ។ កំណាត់ទី៣ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ដល់ផ្សារអង្គតាសោម(ផ្លូវជាតិលេខ ២២) ដែលមានប្រវែង៩,៦១១គីឡូម៉ែត្រ ដែលស្ថិតក្នុងតំបន់ជនបទ ដោយកំណាត់ ផ្លូវនេះមានទំហំទទឹងផ្លូវសរុប១៣ម៉ែត្រ៕