លោក ស៊ុយ សែម ជម្រុញឲ្យប្រជាកសិករដាំដុះស្ដារឡើងវិញ ក្រោយទឹកស្រក បើខ្វះពូជក្រុមការងារនឹងជួយផ្ដល់បន្ថែម
អត្ថបទ៖ សេង ប៊ុនធឿន
ពោធិ៍សាត់៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានជម្រុញឲ្យប្រជាកសិករ ពេលទឹកស្រក ត្រូវខិតខំដាំដុះឡើងវិញនូវដំណាំ និងបន្លែគ្រប់ប្រភេទ ដើម្បីស្ដារជីវភាពឡើងវិញ ហើយបើខ្វះពូជ លោកនឹងផ្ដល់ជូនបន្ថែម។
លោក ស៊ុយ សែម មានប្រសាសន៍បែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកស្បៀងទៅចែកសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោក ស៊ុយ សែម បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងផលដំណាំរបស់ប្រជាពលរដ្ឋ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់នេះ។ មិនតែប៉ុណ្ណោះ បានធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ ស្ពាន លូ សាលារៀន មណ្ឌលសុខភាព និងបាត់បង់ថវិការជាតិយ៉ាងធ្ងន់ធ្ងរ។ នេះជាគ្រោះធម្មជាតិ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ មិនអាចបន្ទោសអ្នកណាបានទេ។
លោក ស៊ុយ សែម បានមានប្រសាសន៍ថា “ទឹកជំនន់ឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់យើងមួយទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត សូម្បីតែនៅរាជធានីភ្នំពេញ ក៏លិចទឹកដូចគ្នាដែរ។ ក្នុងពេលគ្រោះទឹកជំនន់កើតឡើងនេះ ទាំងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំក្នុងខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានខិតខំទាំងយប់ ទាំងថ្ងៃ ក្នុងការទប់ទល់ទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋ”។ លោក បន្តទៀតថា ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ក្រុមការងារ នឹងសិក្សាជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន បើមានលទ្ធភាពធ្វើបាន នឹងធ្វើ រឺជុសជុលឡើងវិញ តែបើមិនមានលទ្ធភាពទេ នឹងដាក់ជូនទៅរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានជម្រុញសូមឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ប្រយ័ត្នសត្វអសិរពឹសទិចឬខាំ ប្រយ័ត្នក្មេងតូចៗលង់ទឹក ត្រូវផឹកទឹកដាំពុះ និងត្រូវិធីការពារជំងឺកូវីដ១៩កុំឲ្យឆ្លង។ បញ្ហាបន្ទាន់នោះ ពេលទឹកស្រក ត្រូវទប់ទឹក តាមស្រែឲ្យនៅគង់វង្ស ហើយភ្ជួររាស់ឡើងវិញ ដើម្បីព្រួសស្រូវ ០៣ខែ ដែលក្រសួងកសិកម្ម បានផ្ដល់ជូនខេត្តពោធិ៍សាត់ ២៩តោន តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕




