មានរឿងអ្វី ចាន់ សម័យ ចេញមុខស្បថឲ្យងាប់ ក្រោយពេលសម្តេចឧបត្ថម្ភប្រាក់១ម៉ឺនដុល្លារ
| វីដេអូសិល្ប
SHARE

ម្ចាស់បទ «មិនស្រឡាញ់អូនមិនបាន» លោក ចាន់ សម័យ ដែលល្បីខ្លាំងជំនាន់ F4 បានចេញមុខស្បថឲ្យស្លាប់នៅចំពោះមុខសិល្បករជាច្រើនរូប ដោយលោកបានបញ្ជាក់ថា រូបលោកបានយល់សប្តិឃើញសម្តេចតេជោ ហ៊ុន សែន តែប៉ុន្មានថ្ងៃសោះ មុនពេលរូបលោកត្រូវបានសម្តេចនាយកផ្តល់ប្រាក់ឧបត្ថម្ភដល់រូបលោកចំនួន១ម៉ឺនដុល្លារ។

ទាំងអារម្មណ៍ក្តុកក្តួល ទឹកភ្នែករលីងរលោង លោក ចាន់ សម័យ បាននិយាយទាំងមិននឹកស្មានថា៖«ខ្ញុំនិយាយមែន ខ្ញុំហ៊ានស្បថឲ្យងាប់ នៅប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានយល់សប្តិឃើញសម្តេច គឺនៅពេលនោះ ខ្ញុំ(ចាន់ សម័យ) ជក់បារី ហើយបានហុយផ្សែងលើសម្តេច ហើយសម្តេចបានបក់ផ្សែងបារីខ្ញុំ ហើយខ្ញុំក៏ភ្ញាក់ទៅ ហើយខ្ញុំបានប្រាប់រឿងនេះដល់មិត្តភ័ក្តិខ្ញុំ ស្រាប់តែពេលនេះ សម្តេចបានជួយស្រោចស្រង់ខ្ញុំ»។

គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ផ្ទុះព័ត៌មានជាច្រើនជុំវិញជីវភាពវេទនារបស់តារាចម្រៀងបាត់មុខលោក ចាន់ សម័យ ដែលធ្លាក់ខ្លួនទៅស្ទូចត្រី ដើម្បីចិញ្ចឹមជីវិតប្រពន្ធកូន រហូតធ្វើឲ្យរំជួលចិត្តដល់សិល្បករសិល្បការិនីជាច្រើនរូប ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយលោកទាំងពីរបានឧបត្ថម្ភប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះ។

ស្ថិតនៅក្នុងផ្ទះជួលតម្លៃ៨០ដុល្លារនៅម្តុំព្រែកលាភ លោក ចាន់ សម័យ បានឲ្យដឹងថា សព្វថ្ងៃនេះ លោករស់នៅដោយពឹងលើការស្ទូចត្រីធ្វើម្ហូប និងចេញច្រៀងតាមរោងការយូរៗម្តង ដើម្បីចិញ្ចឹមប្រពន្ធ និងកូន៥នាក់ (កូនស្រីច្បងម្នាក់ កូនភ្លោះប្រុសពីរនាក់ និងកូនភ្លោះស្រីចំនួន២នាក់)។

យ៉ាងណាមិញ តាមរយៈប្រាក់ឧបត្ថម្ភរបស់សម្តេចនៅពេលនេះ លោក ចាន់ សម័យ ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីជំងឺរបេងឆ្អឹងរហូតស្វិតជើងមួយចំហៀងនោះបានលើកឡើងថា ប្រាក់សម្តេច និងសប្បុរសជននេះ បានជំរុញឲ្យជីវិតគ្រួសាររបស់លោកដូចរស់ឡើងវិញដូច្នេះដែរ លោកពិតជារំភើបរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation