ព័ត៌មានអន្តរជាតិ

អ.ស.បបញ្ចេញថវិកាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងប្រទេសសាម័រ

image

នាយកទទួលបន្ទុកផ្នែកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក ម៉ាក ឡូខក (Mark Lowcock) បានបញ្ចេញថវិកាចំនួន២លាន៦សែនដុល្លារអាមេរិកដើម្បីចូលរួមជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដ៏កាចសាហាវនៅក្នុងប្រទេសសាម័រនិងជាការជួយដល់តំបន់ទាំងមូល។

ការប្រកាសបែបនេះរបស់លោក ម៉ាក (Mark) បានធ្វើឡើងខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺកញ្ជ្រឹលបានកើនឡើងដល់៧០នាក់ ហើយភាគច្រើនគឺជាកុមារដែលមានអាយុក្រោម៥ឆ្នាំ។ ថវិកានោះនឹងចំណាយទៅលើការផ្តល់វ៉ាក់សាំង, ផ្នែកសម្ភព និងការថែទាំម្តាយនិងទារកទើបនឹងកើតដែលបានឆ្លងជំងឺកញ្ជ្រឹល, ការផ្តល់ទឹកស្អាតនិងផ្នែកអនាម័យ។

បច្ចុប្បន្នបុគ្គលិកវេជ្ជសាស្ត្រចំនួន១២០នាក់មកពីអង្គការសុខភាពពិភពលោកក៏ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសសាម័រផងដែរដើម្បីចូលរួមក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំង។ សូមរម្លឹកថា រដ្ឋាភិបាលសាម័របានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ហើយគិតត្រឹមថ្ងៃទី០៨ ខែធ្នូ ជំងឺកញ្ជ្រឹលជិត៤ពាន់៧រយករណីហើយបានកើតឡើងនៅក្នុងប្រទេសដែនកោះមួយនេះ៕