បទ​វិភាគ​៖ តើ​អ្វី​ជាទីបំផុត​នៃ​​នយោបាយ EBA?
| ព័ត៌មានជាតិ
SHARE

(​ភ្នំពេញ​)៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA ( Everythings But Arms) គឺសំដៅដល់ការអនុគ្រោះឲ្យ​នាំចូល​ទំនិញ​គ្រប់ប្រភេទទៅកាន់​ទីផ្សារ​អឺរ៉ុប លើកលែងតែ​សព្វាវុធ​។ បញ្ហា EBA ស្តាប់​មួយ​ភ្លេចហាក់​ដូចជា​ធំនិងធ្ងន់ធ្ងរ ប៉ុន្តែនៅពេលស្វែងយល់ឲ្យកាន់តែច្បាស់ ​គឺពិតជាហាក់កាន់តែ​តូចទៅៗ​។ ទោះមានការយល់ឃើញ (perception)ថា EBA នេះមានលក្ខណៈ​តូចឬ​ធំ ក៏ប៉ុន្តែ សូមចងចាំថា ការពិត (reality) មកដល់​ម៉ោង​នេះ គឺមិនទាន់មាន​អ្វី​កើតឡើង​ក្នុងករណី EBA នៅឡើយទេ។ អ្វីៗកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធី (process) នៅឡើយ ពីព្រោះចំណោទគណិតវិទ្យានយោបាយ EBA វាស្ថិតនៅតែ​លើ​ក្រដាសបែបជា​ទស្សនៈ មិនទាន់ឈានដល់សេចក្តីសម្រេច (decision) អ្វីមួយ​ជាផ្លូវការនៅឡើយ​ទេ​។

​ប្រសិនបើ​យើង​ពិនិត្យមើលអ្វីដែល​បានកើត​ឡើងតាំងពីដើមទី រហូតដល់ជិតផុតឆ្នាំ​២០១៩​នេះ មែនទែនទៅចរិតនៃបញ្ហា EBA ហាក់គ្រាន់តែ​ជា​វិញ្ញាសារ ដើម្បី​តេស្ត​សមត្ថភាព​រវាង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​នយោបាយ និង​ផលប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុណ្ណោះ។ ទិដ្ឋភាព២ដែលគួរកត់សំគាល់ គឺជំហររបស់រដ្ឋជាសមាជិក EU និងជំហររបស់ ​គណៈកម្មការអឺរ៉ុប លើបញ្ហា EBA គឺមិនដូចគ្នាទេ។ ថ្មីៗនេះប្រមុខដឹកនាំប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ហុង​គ្រី ប៊ុលហ្គារី ឆេ​ក ជាដើមបានសន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានប្រកាស​ជំហរច្បាស់លាស់​ថា នឹង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជាមិន​ឲ្យ​បាត់បង់ EBA ទេ​។

​ថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានធ្វើសេចក្តីប្រកាសជូនដំណឹងថ្មីមួយទៀតថា ខ្លួនបញ្ជូនរបាយការណ៍ព្រាងចុងក្រោយជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យនិងឆ្លើយតបបន្ថែម។ ទិដ្ឋភាព​នេះ ក៏ចាត់ទុកបានថា EBA គឺស្ថិតនៅលើទម្រង់ជានីតិវិធី​បន្តទៅទៀតនៅមុនពេលសភាអឺរ៉ុបកោះប្រជុំ។ ព័ត៌មានបែបនេះ សម្រាប់សារព័ត៌មានបរទេសដែលមានចរិតអុជអាល អាចសន្មត់បែបរំជើបរំជួល ក៏ប៉ុន្តែ គេមិនបានដឹងលម្អិតអំពីដំណើរការចរចារនៅពីក្រោយវាំងនននៃផលប្រយោជន៍រវាង EU និងរាជរដ្ឋាភិបាលកម្ពុជានោះទេ។

នៅក្នុងនយោបាយការបរទេស គេគួរយល់ថា៖ បរទេសមិនចេះតែធ្វើអ្វីដោយកំរោល ហើយកម្ពុជា ក៏មិនមែនចេះតែនៅស្ងៀមស្ងាត់ឲ្យគេជិះជាន់ និងបង្វែរគោលជំហរ ឬបំពានឯករាជ្យ និងអធិបតេយ្យជាតិរបស់ខ្លួនតាមតែចិត្តនោះទេ។ ការជជែកនៅពីក្រោយឆាកលម្អិតយ៉ាងណា យើងមិនគួរលាតត្រដាងនៅទីនេះទេ។ ក៏ប៉ុន្តែ គេអាចយល់បានថា៖ «ល្បែង EBA» គ្រាន់តែជាឈុតឆាកនយោបាយ​មួយ ដែលគេបានខកខ្លួនជ្រុលជាលេងទៅហើយ ហើយត្រូវរកចំណុចបិទបញ្ចប់ ដោយ«ទុកមុខឲ្យគ្នាទៅវិញទៅមក» ប៉ុណ្ណោះ។ ឥឡូវនេះ EBA លែងមានតម្លៃជាថ្នូរដើម្បីប្រស់បក្សប្រឆាំងដែលរលាយទៅហើយនោះពីព្រោះក្បាលម៉ាស៊ីនពួកប្រឆាំង បានដាក់ចេញនយោបាយខុសឆ្គង ដុតរំលាយសពខ្មោចបក្សសង្គ្រោះជាតិឲ្យរលាយជាផេះ និងបានបរាជ័យយ៉ាងអាម៉ាស់នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ រួចទៅហើយ។ បរទេសក៏បានភ្លឺភ្នែកពីភាពកម្សោយរបស់ពួកប្រឆាំងរួចទៅហើយដែរ។

និយាយក្នុងភាសានយោបាយ EBA ការពិត វា​គ្រាន់តែ​ជា​អន្ទាក់​មួយក្នុងល្បែងនយោបាយតថ្លៃ។ យើងគួរថ្លឹងថ្លែងថាតើមានភាពសមហេតុសមផល និងតើមានយុត្តិធម៌នៅត្រង់ណា នៅពេល «បរទេសវាយបំបែកឆ្នាំងបាយកម្មករជិត២លាននាក់» ធ្វើជាថ្នូរនឹងអ្វីដែលគេនិយាយថា «ដើម្បីស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ»? តើសិទ្ធិអ្វីដែលធំជាងប្រជាជនមានការងារធ្វើដើម្បីចិញ្ចឹមជីវភាព និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន!? ដរាបណាមនុស្សមានគុណភាពជីវិត ទើបគេអាចមើលឃើញកាន់តែល្អឡើងនៃសិទ្ធិដទៃទៀត។ ប៉ុន្តែ ទីបំផុត អន្ទាក់​របស់បរទេស បែរជាទាក់ជាប់ពួកប្រឆាំងទៅវិញ។ ហេតុអ្វី?

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មាន​បទពិសោធន៍មានភាពវាងវៃ បានស្គាល់​ទាំងអន្ទាក់ ស្គាល់ទាំងសត្វ និងស្គាល់ផ្លូវ​ដើររបស់​សត្វ​។ ក្រោយងើបពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុន កម្ពុជា​មាន​ពិសោធន៍ ត្រូវបរទេស​ហ៊ុំព័ទ្ធ​ទាំងនយោបាយនិងសេដ្ឋកិច្ច។ អន្ទាក់យ៉ាងណា គឺកម្ពុជាធ្លាប់បានស្គាល់ ហើយបានដោះរួចទាំងអស់។ សត្វស្លូត សត្វ​កាច​សាហាវដូចជា ខ្មែរក្រហម ប៉ុល ពត និងបន្តបន្ទាប់​មកមានពួកត្រីភាគី និងពួក​ប្រឆាំងជើងមិនជាប់ដី ដែលខ្លះធ្លាប់ជាប់​គុក និង​ខ្លះរ​ត់ទៅ​ក្រៅ​ប្រទេស គឺកម្ពុជាបានជួបប្រទះ និងបានដោះស្រាយដោយជោគជ័យ។ ស្ថានភាពឥឡូវនេះ កម្លាំងសេដ្ឋកិច្ចរបស់កម្ពុជាកាន់ធំ ការឯកភាពជាតិកាន់តែរឹងមាំ មិត្តរបស់កម្ពុជាកាន់តែច្រើន ដូច្នេះ បរទេសគ្មានទម្ងន់អ្វីនឹងយក EBA ធ្វើជាសម្ពាធនយោបាយលើកម្ពុជាបានឡើយ។ ពិតហើយ ជាស្មារតីកម្ពុជា ក៏មិនចង់បាត់បង់ EBA ដែលជាផលប្រយោជន៍កម្មករនិងប្រជាជនរបស់ខ្លួននោះទេ។ បរទេសក៏យល់បាននូវជំហរនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលប្រកាន់យក និងបានប្រកាសដាច់ណាត់ ម្តងហើយម្តងទៀតថា «មិនយកជំនួយ ដូរជាមួយអធិបតេយ្យជាតិ»ឡើយ។

​ដូច្នេះ ​តើ​ទីបំផុត​នៃ​ EBA នឹងវិវត្តន៍ទៅជា​យ៉ាងណា​? យើងគួរយល់ស្របគ្នាថា EBA ទីបំផុត គឺជារឿងជ្រុលខ្លួន​ ដែលត្រូវ​រិះរកវិធីដោះស្រាយតាមបែប​ទុក​មុខ​ (saving face) ឲ្យ​គ្នា​ទៅវិញទៅមកវិញ​។ ជានយោបាយការទូត កម្ពុជា ជា​ប្រទេស​តូច ត្
រូវយក​ចិត្ត​ប្រទេស​ធំ​ខ្លះ ដើម្បី​បន្ត​ទុក​ផលប្រយោជន៍​ឲ្យគ្នា ហើយក៏បានជាប្រយោជន៍ដល់កម្មករ ពាណិជ្ជករ តាមរយៈ EBA នេះដែរ។ ចំពោះ EU ដែលជ្រុលខ្លួនតាមនយោបាយណាមួយនោះ ក៏បានដឹងដែរថា បើធ្វើឲ្យខូចខាត EBA ជាមួយកម្ពុជា នោះ EU ក៏មានផលប៉ះពាល់ចំពោះប្រជាជនខ្លួន, ប៉ះពាល់មុខមាត់ខ្លួន, និងប៉ះពាល់ខាងនយោបាយជាមួយកម្ពុជា ដែលជាប្រទេសមានឥទ្ធិពលមួយនៅអាស៊ាន តំបន់ និងពិភពលោកផងដែរ។ ដូច្នេះ ជាទីបំផុត EBA នឹងមានដំណោះស្រាយតាមរបៀបទុកមុខឲ្យគ្នាទៅវិញទៅមក។

​យើងក៏គួរយល់ថា គ្មានបញ្ហាណាមួយដែលមិនអាចដោះស្រាយគ្នាបាននោះឡើយ ហើយក៏ «គ្មានបញ្ហាណាមួយដែលគ្មានការចរចារពីក្រោយឆាកនោះទេ។ តាមរយៈការសន្យារបស់ប្រទេសអង់គ្លេស បារាំង អាឡឺម៉ង់ ជាដើម យើងអាចសន្និដ្ឋានបានថា EU នឹងធ្វើ​ការសម្រេចចិត្ត​ដោយថ្លឹងថ្លែង ហើយនឹងមិនធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ រោងចក្រ និង​ជីវភាពកម្មករនោះ​ទេ​។ ដំណោះស្រាយខាងមុខ នឹងច្បាស់ជាឈរលើផលចំណេញ​ទាំងសង្ខាង​ចំពោះ កម្ពុជា និង EU​។

​ប្រសិនបើពិនិត្យ​មើល​ការ​បន្ធូរ​ខ្សែ​ដល់​លោក​ កឹម​ សុខា ក៏​ជាហេតុផលជួយដល់ EU ឲ្យមានសំអាងក្នុងការធ្វើសេចក្តីសម្រេចចិត្តនាពេលខាងមុខផងដែរ។ ដូច្នេះ ​ទីបំផុត ការសន្និដ្ឋានលើដំណោះ EBA នឹងមានលក្ខណៈទុក​មុខ​ឲ្យ​គ្នា​ទៅវិញទៅមក​គឺសមហេតុផលណាស់។ ចំណុចខ្លាំងជាមូលដ្ឋានមួយទៀត នៅពេលខាងមុខ គឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំកំពូល ​អាស៊ី​-​អឺរ៉ុប ហៅកាត់ថា ASEM។ ក្នុងន័យនេះ EU មិនអាច​ធ្វើ​អី្វ​ឲ្យ​កម្ពុជា បាក់មុខក្នុងនាម​ជា​ម្ចាស់ផ្ទះ ASEM នោះទេ​។

​កាលណានិយាយដល់ EBA យើងមិនអាចភ្លេចនិយាយពីពួកប្រឆាំងផលប្រយោជន៍ជាតិឯងទាំងងងិតងងុលនោះទេ។ ពួកនេះគឺជាដើមចម និងជាមេក្លោងគាំទ្រសុំឲ្យ EU ផ្តាច់ EBA។ ដល់តែនិយាយភាសានេះក្តៅពេក អត់ចំណេញ ពួកគេក៏បានដូរសារនយោបាយថា «សុំចូលស្រុកដើម្បីរំដោះ EBA»។ និយាយត្រឡប់ត្រឡិនដូចឆ្កួត។ តែយ៉ាងណា ពួកគេឆ្កួតរួចទៅហើយ ក៏តាមហ្នឹងចុះ។ ដោយសារតែឆ្កួតអញ្ចឹងហើយបានជាគេធ្វើនយោបាយអត់កំណើត បំផ្លាញតែផលប្រយោជន៍ជាតិឯង។ ទោះបីជាយ៉ាងណា យើងត្រូវទុកចន្លោះស្វែងយល់ថា EU មិនល្ងង់ពេកដូចពួកប្រឆាំងងងិតងងុលនោះទេ។

នៅមុនព្រឹត្តិការណ៍៩វិច្ឆិកា EBA មានមុខ៣ គឺ EU, ពួកប្រឆាំង និង រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែ ចាប់ពីម៉ោងនេះតទៅ អ្វីៗភ្លឺច្បាស់ណាស់ EBA នៅសល់មុខ២ គឺរវាង EU និងសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ ស្ថានភាពឥឡូវនេះ EU កំពុងគិតថាតើខ្លួនគួរមានដំណោះស្រាយលើបញ្ហា EBA ក្នុងកម្រិតណាឲ្យសមស្របឲ្យរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ទទួលយកបាន។ EU ក៏យល់ច្បាស់ដែរថា ចាប់ពីម៉ោងនេះតទៅ កិច្ចសហការជាមួយ សម្តេចតេជោ ហ៊ុន សែន គឺទទួលបានពហុប្រយោជន៍។

​នៅក្នុង​សារជាតិពិតនៃ​នយោបាយ នៅ​ទីបំផុត គឺ​«ត្រូវតែ​ចាប់យក​អ្នកខ្លាំង​»។ ក្នុងន័យ​ថា ឥឡូវនេះ ពួកប្រឆាំងវា​ខ្សោយ​ពេក ហើយ​ សម រង្ស៊ី លែងមាន​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិជាយូរមកហើយ បូកថែមទាំងភាពបរាជ័យ​នៅ​ផ្ទៃក្នុងពួកប្រឆាំងកាន់តែជ្រាលជ្រៅ ដូច្នេះ វាលែងមានប្រយោជន៍នឹងបរទេសត្រូវរង់ចាំប្រើប្រាស់​ពួកនេះ។ ​ជា​ឡូ​ស៊ិ​កនយោបាយគឺ «នយោបាយ គ្មានសេចក្តីស្រឡាញ់ទេ គឺមានតែផលប្រយោជន៍។ អ្នកខ្លាំង គេ​ធ្វើការ​ជាមួយ​អ្នកខ្លាំង» គេ​មិនអាច​នៅ​បន្ត​ត្រាំត្រែង​ជាមួយនឹង​អ្នកខ្សោយ​ទេ​។ ភាសាយ៉ាងខ្លីហើយច្បាស់គឺ៖ «EU បន្តសហការជាមួយសម្តេចតេជោ ហ៊ុន សែន»។

​ប្រជាជន​កម្ពុជា ពិតជាមាន​ភាព​ចំពោះភាពជាអ្នកដឹកនាំជាតិដ៏វាងវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ច្បាស់ណាស់ បញ្ហា EBA នឹងមិនប៉ះពាល់​ជា​ទ្រង់ទ្រាយ​ធំ​នោះទេ។ កម្ពុជា នៅតែបន្តថ្នាក់ថ្នមនយោបាយការទូតតាមចក្ខុវិស័យសម្តេចតេជោ ហ៊ុន សែន «បង្កើនមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ»។ កម្ពុជា ពិតជាមានសុឆន្ទៈបន្តកិច្ច​សហប្រតិបត្តិការ​ជាមួយ EU លើវិស័យផ្សេងៗទៀត ទាំងអភិបាលកិច្ចល្អ អប់រំ និងកសិកម្ម។

នៅថ្ងៃនេះ យើងអាចនិយាយដោយមោទនភាពថា កម្ពុជា​បាន​លើក​ទង់​ជ័យជម្នះគ្រប់សមរភូមិ ហើយ​ជ័យជម្នះនេះ មិន​ត្រឹមតែ​ជា​គុណ​តម្លៃ​នៃ​រាជរដ្ឋាភិបាលកម្ពុជា​ដែល​ដឹកនាំ​ប្រទេស ប៉ុន្តែ​គឺជា​ជ័យជំនះ​រួមរបស់ប្រជាជនកម្ពុជាដោយកិត្តិយស ដែល​ធានា​ដល់​ជីវភាព និងសេចក្តីសុខ​សាន្តរបស់​ប្រជាជនកម្ពុជា បានជា​ផលប្រយោជន៍​របស់​កម្ម​ករ​ជិត២​លាន​នាក់ ព្រមទាំងក្រុមគ្រួសារ​​។

លោក ហ៊ុយ វណ្ណៈ ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបង្ហោះសារថា៖ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកជ័យ​ជម្នះ ៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​៖

ទី១- សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​យ៉ាង​អង់អាច រក្សាបាន «​កម្ពុជា​សន្តិភាព​»! ដោយ​វាយបំបាក់​ផែនការ​រដ្ឋប្រហារ​៩​វិច្ឆិកា​របស់​ពួក​ទុច្ចរិត​ចង្រៃ ឲ្យ​បរាជ័យ​យ៉ាង​អាម៉ាស់​។ បើ​ពួក​ចង្រៃ​នេះ ចូលមក​អុកឡុក​កម្ពុ​ជា​បាន នោះ​ប្រជាជន​កម្ពុជា គ្មាន​ឱកាស​កម្សាន្ត​រីករាយ​បុណ្យអុំទូក​ឡើយ​។ ប៉ុន្តែ ពួក​ចង្រៃ​ចាញ់​ដោយ​អាម៉ាស់ និង​មិនអាច​មានឱកាស​បំផ្លាញ​កម្ពុជា​សន្តិភាព​បា​ន​ឡើយ​។​

​ទី​២- សម្តេច​តេ​ជោ ហ៊ុន សែន នឹង «​រក្សាបាន​ប្រព័ន្ធ​អនុគ្រោះ EBA សម្រាប់​ជា​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​» ពីព្រោះ សម្តេច មាន​ភាពចាស់ទុំ​ក្នុង​ការធ្
វើការងារ​ទាំង​កម្រិត​ការទូត នយោបាយ និង​បច្ចេកទេស​ជាមួយ EU និង​បណ្តា​ប្រទេស​ជា​សមាជិក​។ នៅក្នុង​ការពិត​នៃ​នយោបាយ បរទេស​នឹង​បន្ត​ជ្រើស​យក សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​រដ្ឋបុរស​ខ្លាំង ធ្វើជា​ដៃគូ​បន្តទៀត ដើម្បី​រក្សា​និង​ពង្រឹង​ផលប្រយោជន៍​ទូលំទូលាយ ទាំង​នយោបាយ និង​សេដ្ឋកិច្ច​។ បរទេស​មិន​នៅ​ត្រាំត្រែង​ជាមួយ​អ្នកខ្សោយ នាំ​ខាត​ពេលវេលា​នោះឡើយ​។​

​ទី​៣- សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​សមត្ថភាព​ដឹកនាំ​រឹងមាំ​នៅ​កម្ពុជា បាន​កំពុង​លើក​កិត្តិ​ស័ព្ទ​កម្ពុជា​យ៉ាងខ្ពស់​ត្រដែត​លើ​ឆាក​តំបន់ និង​អន្តរជាតិ តាមរយៈ​នយោបាយ​ការបរទេស​ដ៏​វាងវៃ ទន់ភ្លន់ ម៉ឺង​មាត់ និង​ប្រកបដោយ​គោលការណ៍​ច្បាស់លាស់​។ កម្ពុជា ឈរ​ជាមួយ​បរទេស​គ្រប់​កម្រិត​ក្នុង​ភាពជា​ដៃគូ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ គ្រប់​ជ្រុងជ្រោយ និង​កាន់តែ​ស៊ីជម្រៅ​។ ជយោ​! កម្ពុជា សន្តិភាព​អមតៈ​៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation