នាយករដ្ឋមន្រ្តីថៃ ប្រកាសមិនអនុញ្ញាតឱ្យ ទណ្ឌិតសម រង្ស៉ី ជាន់ទឹកដីខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ
| ព័ត៌មានជាតិ
SHARE

នាយករដ្ឋមន្ដ្រីប្រទេសថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នៅថ្ងៃនេះ បានចេញមកបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួន តបនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយលោកអះអាងថា សម រង្ស៉ី នឹងមិនត្រូវអនុញ្ញាតឲ្យជាន់ទឹកដីថៃ ព្រមទាំងធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា។


នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងបាងកក នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ត្រូវបានសារព័ត៌មានរបស់អាមេរិក Reuters ដកស្រង់សំដីបញ្ជាក់យ៉ាង ដូច្នេះថា «យោងតាមកាតព្វកិច្ចរបស់យើងចំពោះអាស៊ាន យើងនឹងមិនអនុញ្ញាតឱ្យមានការលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកនោះទេ ហើយក៏នឹងមិនអនុញ្ញាតឱ្យក្រុមមនុស្សប្រឆាំង រដ្ឋាភិបាលប្រើប្រាស់ទឹកដីថៃ ក្នុងចេតនានយោបាយនោះដែរ។
លោកប្រាយុទ្ឋ បានចេញបញ្ជាពាក់ព័ន្ធនឹងបញ្ហានេះ ដូចច្នេះថា "លោក សម រង្ស៊ី ប្រហែលជាមិនអាចចូលបានឡើយ»


កាលពីថ្ងៃទី៥ ខែវិច្ឆិកា មេទ័ពកំពូលរបស់ប្រទេសថៃ ដែលឈរជើង និងគ្រប់គ្រងកម្លាំងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ថៃ ក្រោមការបញ្ជារបស់រាជរដ្ឋាភិបាល នឹងធ្វើការទប់ស្កាត់រាល់ដំណើររបស់ទណ្ឌិត សម រង្ស៉ី ព្រមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួក ហើយជាពិសេសនោះ កងកម្លាំងរបស់ថៃ បានចេញបទបញ្ជារួចហើយ មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំខុសច្បាប់ណាមួយទាក់ទិនទៅនឹងបញ្ហានេះនៅក្នុងប្រទេស ឬនៅតាមតំបន់ព្រំដែននោះទេ។

នាយករដ្ឋមន្ដ្រី លោកប្រាយុទ្ធ ក្នុងនាមជាប្រធានផ្លាស់វេន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ បានបង្ហាញពីទំនាក់ទំនងយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា។


នៅថ្ងៃទី៦ខែវិច្ឆិកានេះ អគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានស្នើឱ្យអាជ្ញាធរប្រទេសនេះចាប់ខ្លួន លោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់របស់ក្រុមពួកឧទ្ទាម ដែលប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា សាធារណរដ្ឋឥណ្ឌូណេស៊ី និងកម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ។ ដូច្នេះស្ថានទូតកម្ពុជាប្រចាំនៅហ្សាការតា សូមស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីធ្វើការចាប់ខ្លួន លោកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់ នៅក្រោមស្មារតីពិតរបស់អាស៊ាន។

សេចក្តីប្រកាស ពីស្ថានទូតកម្ពុជា បញ្ជាក់ថា ក្រោមស្មារតីពិតនៃសមាគមអាស៊ាន រាជរដ្ឋាភិបាលនៃប្រទេសថៃ បានបណ្តេញលោកស្រី មូរ សុខហួរ កាលពីថ្ងៃទី២០ ខែតុលា កន្លង មកនេះឲ្យទៅទីក្រុងគូឡាឡាំពួវិញ នៅពេលលោកស្រីបានទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៃទីក្រុងបាងកក។

កាលកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរម៉ាឡេស៊ីបានចាប់ខ្លួនសមាជិកក្រុមឧទ្ទាមក្រៅច្បាប់ចំនួនពីរនាក់ នៅ ពេល ដែល ពួក គេ កំពុង រង់ចាំ ធ្វើ ដំណើរតាម យន្តហោះ ពី ម៉ាឡេស៊ី ឆ្ពោះ ទៅ កាន់ ប្រទេស ថៃ ដើម្បីអមដំណើរឧក្រិដ្ឋ សម រង្ស៊ី វិលត្រឡប់មកកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។ ការចាប់ខ្លួននេះ គឺតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។ សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ដែលចាប់ខ្លួនឈ្មោះហេង ស៊ាងលាង និងកញ្ញា ងឹម គាថា ត្រូវបាន សាកសួរនិងឃុំខ្លួនដោយប៉ូលិសអន្តោប្រវេសន៍ ម៉ាឡេស៊ី។ជនសង្ស័យទាំងពីរនាក់ នឹងត្រូវបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី៧ ខែវិច្ឆិកា ស្អែកនេះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៦ ខែវិច្ឆិកា នេះ អាជ្ញាធរម៉ាឡេស៊ីបានចាប់ឃាត់ខ្លួនមនុស្សចំនួនពីរនាក់ (ក្រុមឧទ្ទាមក្រៅច្បាប់)។ លោកឧត្តមសេនីយ៍ បញ្ជាក់ថា “ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាតាមចាប់ខ្លួន របស់កម្ពុជា។

សូមជម្រាបថា ក្រោយពីការប្រកាសចូលកម្ពុជាវិញ អ្នកដែលជឿ ទណ្ឌិតសម រង្សី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ នៅថ្ងៃនេះ សមត្ថកិច្ចឃាត់ខ្លួន អ្នកយាមអតីតទីស្នាក់ការ គណបក្សសង្រ្គោះជាតិ ចំនួន១០នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation