ព័ត៌មានជាតិ

កម្ពុជា ជម្រុញច្បាប់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណិត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងត្រៀមខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0

image

សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណិត ត្រូវបានរដ្ឋសភាជាតិអនុម័តហើយ ដែលជាផ្នែកមួយនៃបទប្បញ្ញត្តិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសេដ្ឋកិច្ចកម្ពុជា សម្របខ្លួនទៅនឹងយុគសម័យឌីជីថល ហើយនឹងផ្តល់លទ្ធភាពយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការភ្ជាប់ខ្លួនទៅនឹងខ្សែចង្វាក់ផលិតកម្មទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ច្បាប់ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមជំនួយ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បន្ទាប់មកច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិភាក្សាបន្ថែមទៀតមុនពេលក្រុមប្រឹក្សាធម្មនុញ្ញឈានដល់ការពិភាក្សា។ ជំហានចុងក្រោយ គឺដើម្បីព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ឡាយព្រះហត្ថលេខាលើឯកសារ។

សេចក្តីព្រាងច្បាប់នេះ មាន 12ជំពូក និង 67មាត្រា ដែលនឹងជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជា ប្រកបដោយទំនុកចិត្ត ទាំងក្នុង និងក្រៅប្រទេស ខណៈវានឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងត្រៀមទទួលយកបដិវត្តន៍ឧស្សាហកម្មទី4។

អ្នកជំនាញលើកឡើងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាបច្ចុប្បន្ន ពុំមានការគ្រប់គ្រងច្បាស់លាស់ទេ ច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកវិនិយោគ និងរដ្ឋាភិបាល។

តាមរយៈច្បាប់នេះ រដ្ឋាភិបាលមិនត្រឹមតែអាចទទួលបានកំណើនប្រាក់ចំណូលពីការប្រមូលពន្ធប៉ុណ្ណោះទេ តែក៏អាចធ្វើការគ្រប់គ្រងលើសកម្មភាពនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីងាយស្រួលក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ លើកទឹកចិត្ត និងពង្រឹងសមត្ថភាព វិស័យសហគ្រាសធុនតូច និងមធ្យម SME ដែលបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាចម្បងៗមួយចំនួនដូចជា គុណភាពផលិតផល និងសេវាកម្ម និងកង្វះខាតការប្រើបច្ចេកវិទ្យាជាដើម។

គួរបញ្ជាក់ថា ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យា និងពង្រីកទីផ្សារកម្ពុជា ឱ្យបានកាន់ធំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ខណៈវិស័យ SME បច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាចម្បងៗមួយចំនួនដូចជា គុណភាពផលិតផល និងសេវាកម្ម និងកង្វះ ដំណើរការចង្វាក់ផលិតកម្ម ទីផ្សារនៅមានភាពតូចចង្អៀត និងកង្វះមូលធនជាដើម។

យោងតាមក្រសួងឧស្សាហកម្ម នៅកម្ពុជា មានសហគ្រាសធុនតូច និងមធ្យមចំនួនជាង 50ម៉ឺនកន្លែង ក្នុងនោះសហគ្រាសដែលបានមកចុះបញ្ជី គឺមានកម្រិតតិចជាង 15% នាបច្ចុប្បន្ននេះ៕អត្ថបទ ៖ អៀវ ឈៀងនី