ព័ត៌មានជាតិ

សមាគមកម្ពុជាការពារអ្នកកាសែត ផ្ញើសារអបអរសាទរជូន ប្រធានសសសក

image

សមាគមកម្ពុជាការពារអ្នកកាសែត បានផ្ញើលិខិតអបអរសាទរ ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលជាប់ឆ្នោតជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) សម្រាប់អាណត្តិទី២។

សមាគមកម្ពុជាការពារអ្នកកាសែត ក៏ជូនពរទៅកាន់ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រីកចម្រើនសម្រេចជោគជ័យ គ្រប់ភារកិច្ចការងារ ដើម្បីចូលរួមលើកស្ទួយសេរីភាពសារព័ត៌មាន និងសេរីភាពនៅក្នុងការបញ្ចេញមតិនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងក្លាថែមទៀត ក៏ដូចជាចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព ជួយគ្នាទៅវិញទៅមក រវាងសមាគមកាសែតនៅកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងមានភាព ចាស់ទុំកាន់តែខ្លាំងថែមទៀត។

សូមជម្រាបថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) កាលពីថ្ងៃ២តុលា បានរៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល ៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ជាលទ្ធផលឯកឧត្តម ហ៊ុយ វណ្ណៈ បានបន្ដជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត ២០ លើ២០។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធ បម្រើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោល បំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែ ល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើ ផលប្រយោជន៍អ្នកសារព័ត៌មាន។

សហភាពសហព័ន្ធអ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ មួយអាណត្តិបីឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកសាងសមិទ្ធផលជាច្រើន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាដៃគូអង្គការស្ថាប័នជាតិ អន្តរជាតិ៕