ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ជម្រាបឯកអគ្គរាជទូតជប៉ុន ទើបចប់អាណត្តិថា កម្ពុជាអនុវត្តន៍ពេញលេញ លើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស

image

នាព្រឹកថ្ងៃនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកឧត្តម ហៃដិហិសា ហូរីនូជិ (Hidehisa Horinouchi) ឯកអគ្គរដ្ឋ ទូតជប៉ុន ប្រចាំកម្ពុជា ចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលា។ 

ក្នុងឱកាសនោះ ប្រធានរដ្ឋសភា សម្តេចហេង សំរិន បញ្ជាក់ប្រាប់ ឯកអគ្គរាជទូតជប៉ុន ទើបចប់អាណត្តិថា កម្ពុជាអនុវត្តន៍ពេញលេញ លើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស។

នេះជាការបញ្ជាក់ ពីឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា ប្រាប់ក្រុមអ្នកកាសែត នាព្រឹកមិញនេះ។ 

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានជម្រាបជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ថាកម្ពុជា និងជប៉ុនមានទំនាក់ ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយគ្នាយ៉ាងល្អ។ នៅក្នុងអាណត្តិបេសកកម្មការទូត របស់ឯកឧត្តមរយ:ពេល៣ឆ្នាំ នៅកម្ពុជាបានពង្រឹងទំនាក់ទំនង ការទូតជាមួយគ្នាយ៉ាងល្អ ហើយនឹងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ជប៉ុន-កម្ពុជា បានកសាងចំណង់ ការទូតដ៏ល្អប្រពៃ ជាមួយគ្នាអស់រយៈពេលជាង៦៥ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ២០១៣មក វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការនេះ ត្រូវបានថ្នាក់ដឹកនាំ ប្រទេសទាំងពីរ រួមគ្នាលើកកំពស់អោយទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត ហើយអត្ថន័យនិងខ្លឹមសារ នៃចំណងការទូតនេះ ត្រូវបានអនុវត្តយ៉ាងសកម្មផុលផុស នៅគ្រប់កម្រិត គ្រប់វិស័យ ព្រមទាំងបានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើន ដល់ពលរដ្ឋកម្ពុជា។

សម្តេចហេង សំរិន បញ្ជាក់ថា រយៈ ពេល៣ឆ្នាំ នៃបេសកកម្មការទូតរនៅកម្ពុជា ឯកឧត្តមបានបង្កើតនូវចំណុចគួរឲ្យកត់សំគាល់ នៅក្នុងចំណោមសកម្មភាពលេចបធ្លោជាច្រើន។ ក្នុងនោះ ការកើនឡើង នៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ការ បង្កើតការិយាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាបការរៀប ចំប្រារព្ធខួប៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរ និងការលើកកម្ពស់កិច្ចសហប្រតិ បត្តិការ រវាងជប៉ុន និងប្រទេសអនុតំបន់ទន្លេមេគង្គ ឲ្យឈានកម្រិត “ ភាពជាដៃគូយុទ្ធសាស្រ្ត”៕អត្ថបទ៖ វង សុភ័ក្ត្រ