ព័ត៌មានជាតិ

អភិបាលខេត្តអញ្ជើញបើកវិញ្ញាសារ ប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៨-២០១៩ នៅវិទ្យាល័យកោះកុង

image

កោះកុង ៖ នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត រួមដំណើរដោយលោក ឈេង សុវណ្ណដា អភិបាលក្រុង,លោក ឈិន ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ និង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញបើកវិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៨-២០១៩ នៅវិទ្យាល័យកោះកុង ក្រុងខេមរភូមិន្ទ។

លោកជំទាវអភិបាលខេត្ត បាន មាន ប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងអប់រំ យុវជន និង កីឡា បាន យកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយផែនការយុទ្ធសាស្ត្រ ក្នុងការកំណែទម្រង់ លើវិស័យអប់រំឲ្យ ប្រកបដោយ គុណភាព និង តម្លាភាព ចំពោះសិស្សានុសិស្សកំពុងខិតខំសិក្សា រៀនសូត្រ ក្រេបយកចំណេះ ជំនាញ ដើម្បីក្លាយខ្លួនជា ធនធាននិងអ្នកបន្តវេន ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន នាថ្ងៃអនាគត ។

នាពេលកន្លងមកនេះ រដ្ឋបាលខេត្ត បាន ជំរុញអោយមន្ទីរអប់រំ យុវជន និង កីឡា យកចិត្តដាក់អនុវត្តរាល់កម្មវិធីបើកវគ្គបណ្តុះបណ្តាលមុនពេលប្រឡង  មធ្យមសិក្សាទុតិយភូមិជូនដល់ សិស្សានុសិស្ស ដើម្បីបង្កើនសមត្ថភាពពីចំណុចខ្សោយឈានរកចំណុចខ្លាំង ក្នុងការត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបន្តទៅ សិក្សាថ្នាក់មហាវិទ្យាល័យតាមបំណងប្រាថ្នា។ 

មានប្រសាសន៍ក្នុងថ្ងៃបើក វិញ្ញាសារ ប្រឡងនេះ ដែរលោកជំទាវអភិបាលខេត្ត បានណែនាំដល់ក្មួយ ៗ សិស្សានុសិស្ស ទាំងអស់ ជាបេក្ខជនបេក្ខនារីមកប្រឡង នៅពេលនេះ ត្រូវចងចាំថា អ្នកចេះគឺជាប់ ដូច្នេះក្មួយៗតោងខិតខំ ធ្វើយ៉ាងណាអោយកិច្ចការរបស់ខ្លួនបានល្អ ប្រកបដោយសមត្ថភាពកុំមើលកុំចម្លងគ្នា កុំពឹងលើសំណៅឯកសារត្រូវធ្វើកិច្ចការ ដោយផ្ចិតផ្ចង់ ចៀសវាងការសរសេ ខុស កោស លុប និងរ ហែកក្រដាស ជាហេតុ នាំឲ្យបាត់បង់ឱកាសប្រឡង ។

លោកជំទាវបានផ្តាំផ្ញើដល់អនុរក្ស ប្រចាំការតាមបន្ទប់នីមួយៗ ត្រូវមើល សិស្សានុសិស្សជាបេក្ខជនប្រឡងឲ្យល្អ ម៉ត់ចត់ ហាមស៊ីសំណូកសូកប៉ាន់ បើ មានហេតុការអ្វីមិនស្រួលត្រូវមានវិធាការ ឬ ចំណាត់ការណាមួយជាបន្ទាន់ ។ ជាទីបញ្ចប់ លោកជំទាវបានជូនពរដល់ បេក្ខជនប្រឡងទាំងអស់ សូមឲ្យធ្វើ កិច្ចការបានគ្រប់សំណួរទាំងអស់ និង ប្រឡងជាប់ឲ្យបានគ្រប់ៗគ្នា ។ បើតាម ការបញ្ជាក់ពីលោក ង៉ែត ឡឹង ប្រធាន មន្ទីរអប់រំ យុវជន និង កីឡា ខេត្ត កោះកុង បាន ឲ្យ ដឹង ថា ខេត្តកោះកុង មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុប៣ មណ្ឌល គឺ មណ្ឌលវិទ្យាល័យកោះកុង ,មណ្ឌល វិទ្យាល័យជាស៊ីម និងមណ្ឌល បឋមសិក្សាទីរួមខេត្ត ដែលមានបេក្ខជន សរុបចំនួន ៩៧៩នាក់ ស្រី ៤៧៤នាក់ មានបន្ទប់សរុបចំនួន ៤០ បន្ទប់៕ ដោយ៖ តាំង សុន្នី