សភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៧
| វីដេអូព័ត៌មានជាតិ
SHARE

សៀមរាប៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព (Strengthening Parliamentary Partnership for Peace, Security and Sustainable Development»។

សូមជម្រាបថា នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃ ទី០២ ខែមករា ឆ្នាំ២០១៩នេះ មានកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ច ប្រជុំប្រចាំឆ្នាំ របស់សភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ (APPF) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា។ ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា មាន ប្រសាសន៏បញ្ជាក់ថា ពិធីបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩៖០០នាទី ដោយមានព្រះរាជ សារស្វាគមន៍របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនដល់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។

បើតាមឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ឱ្យដឹងបន្ថែមថា ថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃព្រះរាជាណា ចក្រកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ពេលបើកវេទិកាសភា ដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ចំនួន២៧ប្រទេស នឹងចូលរួម ព្រមទាំងវត្តមាននៃគណៈប្រតិភូភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍។

សូមបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។ សភានៃព្រះរាជាណាចក្រ កម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ហើយបច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិ ចំនួន២៧ប្រទេស៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation