គ្រោះថ្នាក់ចរាចរ មុខធនាគារអេស៊ីលីដាខេត្តកោះកុង​ សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណរថយន្តបង្ក​ ខណៈ​សពជនរងគ្រោះជិតដល់បុណ្យ៧ថ្ងៃហើយ
| វីដេអូព័ត៌មានជាតិ
SHARE

​កោះកុង​៖ ក្រោយពេលកើតហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល​អេស៊ីលីដា ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ បានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ កើតការសង្ស័យមិនអស់ចិត្ត លើករណីមិនប្រក្រតី​ បន្ទាប់ពីជនសង្ស័យបានរត់គេចខ្លួនរួច។

ក្រុមគ្រួសារជនរងគ្រោះ នៅតែមិនអស់ចិត្ត ដោយអះអាងថា ហេតុការនេះបានកើតឡើងត្រង់ចំណុចដែលមានដាក់កាម៉េរ៉ាសុវត្ថិភាពចេញពីធនាគារអេស៊ីលីដា ហេតុអ្វីបានជាសមត្ថកិច្ចជំនាញមិនចូលឆេកមើល ដើម្បីបញ្ជាក់ឲ្យច្បាស់ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយនេះ រវាង​រថយន្ត បុក​ម៉ូតូ​ពេញមួយទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រហូតឈានដល់ធ្វើការបញ្ជូនទៅសម្រាកព្យាបាលនៅឯរាជធានីភ្នំពេញ។

ឈានចូលមកដល់ថ្ងៃទី៧ សីហា២០១៨ នេះខាងសមត្ថកិច្ចក្រុងខេមរភូមិន្ទនៅមិនទាន់មានការបង្ហាញអត្តសញ្ញាណណាមួយ ពីជនបង្ករនៅឡើយ ខណៈមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកោះកុងបានបង្ហាញការឆេកកាម៉េរ៉ារបស់ខ្លួននិងបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេកប៊ុក នៅព្រឹកថ្ងៃទី៧ សីហា ២០១៨ នេះ ។


សូមជំរាបថា លោកអធិការក្រុងខេមរភូមិន្ទ នៅមិនទាន់ឆ្លើយតបក្នុងការទាក់ទងជាមួយក្រុមការងារCNCនៅឡើយ ដោយទូរស័ព្ទរបស់លោក ក្រុមការងារ ខលចូល តែជាប់រវល់រហូត។តែបើតាមអោយដឹងពីលោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុងបានប្រាប់អោយCNCនៅថ្ងៃនេះថា រឿងរ៉ាវក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយនេះ លោកនៅមិនទាន់បានទទួលរបាយការណ៍លម្អិតណាមួយ ស្តីពីការស្រាវជ្រាវរូបភាពដើម្បីកំណត់អត្តសញ្ញាណជនបង្ក ពីខាងលោកអធិក្រុងនៅឡើយ រហូតមកដល់ពេលនេះ។ ហើយរឿងរ៉ាវយ៉ាងណាទៀតនោញលោកស្នងការ នឹងបញ្ជាក់របាយការណ៍ជូនជាបន្ត។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង៣នាក់បងប្អូននោះ ទី​១.​ឈ្មោះ ស៊ិន ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទី​២.​ឈ្មោះ ស៊ិន ពេ​ជ្យ ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​អ្នកទាំង២បានស្លាប់​បាត់បង់ជីវិតក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង), និង​ទី​៣.​ឈ្មោះ ស៊ីន ពុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ របួសធ្ងន់​, អ្នកទាំង​៣​ត្រូវជា​ បងប្អូនបង្កើតនិងគ្នាដែលមាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ។ សពរងគ្រោះទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅស្រុកកំណើតខេត្តកំពត តាមការដឹងពីលោក វេជ្ចបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា ការបញ្ជូនសពរងគ្រោះទៅស្រុកកំណើតឯខេត្តកំពតនេះ ធ្វើឡើងដើម្បីជៀស​វាងមិនឲ្យអ្នករងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់ បានដឹងពីការបាត់បង់ជីវិតរបស់បងប្អូនគេ តែប៉ុណ្ណោះ ដោយសារតែពេលនេះជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បើសិនជាជនរងគ្រោះបានដឹងពីព័ត៌មាននេះប្រាកដណាស់ និងត្រូវទទួលរងនូវក្តីរន្ធត់ក្នុងចិត្ត បាត់បង់ស្មារតី អាចបណ្តាលអោយបាត់បង់ជីវិតម្នាក់ទៀត៕

ដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិតជនរងគ្រោះ ក្រុមគ្រូពេទ្យទាំងបានខិតខំយកចិត្តទុកដាក់ ទៅលើការធ្វើលិខិតបញ្ជូនជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ ដោយឧបករណ៍បច្ចេកទេសរបស់មន្ទីរពេទ្យខេត្តនៅមានកម្រិត មិនអាចធានាការព្យាបាលជូនជនរងគ្រោះបាន ក្រោមការយកចិត្តទុកដាក់ឧបត្ថមពីលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕ (អត្ថបទ ៖ តាំង​ ស៊ុន​នី​)

ជាបន្ត សូមទស្សនារូបភាពវីដេអូ ដែលថតចេញពីកាមេរ៉ាសុវត្ថិភាពអំពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation