(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមបង្កើតមូលនិធិគន្ធបុប្ឋាកម្ពុជា ដើម្បីគៀងគរថវិការ ជួយទ្រទ្រង់ការចំណាយ របស់មន្ទីរពេទ្យគន្ធបុប្ឋា។
មូលនិធិថ្មីនេះនឹងចូលរួមយ៉ាងណាខ្លះ ក្នុងការធានានិរន្តរភាព មន្ទីរពេទ្យ? តើបន្ទាប់ពីអវត្តមាន លោកវេជ្ជបណ្ឌិត បេអាត រីចនឺរ Bear Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឋា មន្ទីរពេទ្យនេះនៅដំណើរការ យ៉ាងដូចម្ដេច?
ជុំវិញប្រធានបទនេះ អ្នកស្រី កង កល្យាណ ផលិតករព័ត៌មានរបស់ទូរទស្សន៍CNC/CTNបានជួបសម្ភាសន៍ជាមួយភាគី ពាក់ព័ន្ធដែលរួមមាន វាគ្មិនចំនួន ៣រូប៖
១) ឯកឧត្ដម ចន ណារិទ្ធ តំណាងលេខាធិការដ្ឋានមូលនិធិគម្ធបុប្ឋាកម្ពុជា
២) លោក ឡូរ៉ង ដេនីស ( Denis Laurence) នាយកប្រតិបត្តិប្រចាំការ មូលនិធិគន្ធបុប្ឋា ស្វីស
៣) លោក គី សាន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឋា
សូមតាមដានទស្សនាកិច្ចសម្ភាសន៍នេះដូចតទៅ៖
សូមជម្រាបថា បើយោងតាមការប្រកាសរបស់ក្រសួងសេដ្ឋកិ្ចនិងហិរញ្ញវត្ថុ ដែលគ្រប់គ្រងមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១១ ខែមេសា ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបចំនួន ៣.៥៣៧.៦៤៦.១៥០រៀលនិង៤.៩១៥.០៩៥ដុល្លាសហរដ្ឋអាមេរិក។ ការចូលរួមបរិច្ចាគនេះជាកាយវិការមួយបង្ហាញឱ្យឃើញថា ទាំងសប្បុរសជនទាំងក្នុង ប្រទេសនិង ក្រៅប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាពនៃកិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយប្រមុខរាជរដ្ឋភិបាលកម្ពុជា តាមរយៈការបង្កើត មូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមពីលើ មូលនិធិគន្ធបុប្ផាស្វីសដែលមានស្រាប់ ដើម្បីនាំមកនូវភាពញញឺម ដល់កុមារកម្ពុជាគ្រប់រូប ព្រោះភាព ញញឺមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
គួររំលឹកថា មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលត្រូវបានសម្ភោធដាក់ឱ្យដំណើរការ ជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ។
គួរកត់សម្ពាល់ដែរថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ មានកុមារឈឺចំនួន ជាង៤៤ម៉ឺននាក់ ត្រូវបានឱពុកម្តាយ អាណាព្យាបាលនាំមកពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធបុប្ផា ឱ្យដឹងថា ក្នុងចំណោមកុមារជាង ៤៤ម៉ឺននាក់នោះ មានកុមារដែលឈឺធ្ងន់ចំនួនជាង ៧ម៉ឺននាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយកុមារជាង ២ពាន់នាក់ទៀតកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល ដែលចំនួន នេះកើនឡើងទ្វេជា ៣ បើធៀបនឹងឆ្នាំ២០១៧។ ក្រៅពីនេះ មានកុមារ ១២.៩៣០នាក់ទទួលបានការវះកាត់ ដូចជាវះកាត់បេះដូង និង វះកាត់ភ្ជិតប្រហោងបេះដូងតាមសរសៃឈាមជាដើម។
មន្ទីរពេទ្យគន្ធបុប្ផាបានសង្កត់ធ្ងន់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់កុមារគ្រប់ៗគ្នា ហើយពុំមានបុគ្គលិកណា ម្នាក់របស់ខ្លួន ឆ្លៀតធ្វើការក្រៅម៉ោងនៅឯគ្លីនិកឯកជនឡើយ៕ (CNC)