សម្តេចតេជោក្នុងក្រសែភ្នែកអ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្តពីឆ្នាំ១៩៨៥ដល់២០១៨
| វីដេអូអន្តរជាតិ
SHARE

អ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រលោក ឆាយ សុផល បង្ហាញពីប្រវត្តិដឹកនាំរបស់សម្តេចតេជោហ៊ុនសែនរយៈពេលជាង៣០ឆ្នាំមកនេះ។ លោកបានផ្តើមឃ្លាសំណេររបស់ខ្លួនថា៖ទោះជាមានគេប្រមាថ និងជេរលោកក៏ដោយ ក៏មានមនុស្សជាច្រើនហៅលោកថា ជាស្តេចកសិករ ឬជាដំណក់ទឹកភ្លៀងលើវាលស្រែរបស់កសិករ ជាចន្ទុលនៃយុវជន ជាក្តីសង្ឃឹមរបស់មនុស្សចាស់ និងជាទីបង្អែករបស់កងទ័ព ដើម្បីសន្តុភាព និងការអភិវឌ្ឍ!
លោករៀបរាប់យ៉ាងដូច្នេះថា៖ ចាប់ពីឆ្នាំ១៩៨៥ មកដល់ឆ្នាំ ២០១៨ ហ៊ុន សែន ដែលមានងារថា សមមិត្ត, ឯកឧត្តម, សម្តេច, និងសម្តេចអគ្គមហាសេនាបតីតេជោ បានធ្វើជានាយករដ្ឋមន្រ្តី៣៣ឆ្នាំហើយ! បើយើងគិតពីតួលេខពិតជាច្រើនគួរឲ្យកត់សំគាល់ ប៉ុន្តែឱកាសមាសសម្រាប់ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសឲ្យមានសន្ទុះមកដល់សព្វថ្ងៃនេះគឺមានប្រមាណ១០ឆ្នាំប៉ុណ្ណោះ។ នេះក៏ដោយសារមានការរមខានទាំងនៅក្នុងនិងក្រៅប្រទេស។


- ១៩៨៥ - ១៩៩០៖ ប្រទេសមានសង្រ្គាម ក្នុងនាមជានាយករដ្ឋមន្រ្តី ទោះជាខំស្តារហេដ្ឋារចនាសម្ព័ន្ធនិងកសាងប្រទេសយ៉ាងណា ក៏គូជម្លោះព្យាយាមបំផ្លាញគ្រប់នាទី ដូចជាដាក់មីនកម្ទេច និងដុតបំផ្លាញចោល ខណៈពួកបស្ចឹមប្រទេសប្រឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មដល់រដ្ឋាភិបាលសមមិត្ត ហ៊ុន សែន!
- ១៩៩០ - ១៩៩៣៖ ប្រទេសនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ ដែលប្រទេសគ្មានឱកាសបានអភិវឌ្ឍឡើយ លើកលែងតែរម្លឹកពីស្នាដៃអតីតកាល និងសាបព្រួសមនោគមន៍វិទ្យារៀងៗខ្លួន រួមទាំងអង្គការសហប្រជាជាតិ!
- ១៩៩៣ - ១៩៩៨ (រាជរដ្ឋាភិបាលអាណត្តិទី១)៖ ប្រទេសមានសហនាយករដ្ឋមន្រ្តីគឺ សម្តេចក្រុមព្រះ នរត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីទី១ និងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។ សហនាយករដ្ឋមន្រ្តីមានកម្លាំងប្រដាប់អាវុធរៀងៗខ្លួន ប្រជែងយកប្រៀបលើកម្លាំងអាវុធ ខណៈពួកឧទ្ទាមខ្មែរក្រហមលួចវាយឆ្មក់និងបំផ្លាញសមិទ្ធផលជាតិ ដែលនាំឲ្យមានការបន្ទុចបង្អាក់ការអភិវឌ្ឃ។
- ១៩៩៨ - ២០០៣ (រាជរដ្ឋាភិបាលអាណត្តិទី២)៖ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីតែម្នាក់ឯងក្នុងអាណត្តិនេះ ប៉ុន្តែគូបដិបក្ខដ៏ស្រួចស្រាល់របស់លោកគឺឯកឧត្តម សម រង្ស៊ី ជាបេក្ខជននាយករដ្ឋមន្រ្តី ដែលតែងតែអំពាវនាវឲ្យបស្ចឹមប្រទេសផ្តាច់ជំនួយ និងទទូចមិនឲ្យបរទេសមកវិនិយោគនៅកម្ពុជា ខណៈសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែជាគូប្រជែងមិនធម្មតាក្នុងតំណែងនាយករដ្ឋមន្រ្តី។ ការប៉ែងជើងគ្នារឿងនយោបាយ និងការដណ្តើមតំណែងនាយករដ្ឋមន្រ្តីគ្នានេះក៏ធ្វើឲ្យកម្ពុជាមានទំនាស់នយោបាយផ្ទៃក្នុង ហើយបរទេសខ្លាចរអាមិនមកវិនិយោគ គឺមានតែវិស័យកាត់ដេរភាគច្រើន ខណៈដែលពួកបស្ចឹមប្រទេសវិនិយោគភាគច្រើនតែផ្នែកទស្សនៈ និងមនោគមវិទ្យាសិទ្ធិមនុស្ស ប្រជាធិតេយ្យ និងការផ្លាស់ប្តូរ។ ព្រមពេលជាមួយគ្នានោះ គណបក្សប្រឆាំងដែលដឹកនាំដោយឯកឧត្តម សម រង្ស៊ី និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនរួមគ្នាលូកដៃបំផុសកម្មកររោងចក្រឲ្យធ្វើបាតុកម្មទាមទារសេរីភាពមិនឈប់ឈរ។
- ២០០៣ - ២០០៨ (រាជរដ្ឋាភិបាលអាណត្តិទី៣)៖ តាមរយៈការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា បានឈ្នះរហូត៩០អាសនៈនៅរដ្ឋសភា ព្រោះគណបក្សប្រឆាំងបានបែកបាក់គ្នា ពិសេសរវាងគណបក្សហ្វ៊ុនស៊ីនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សសមរង្ស៊ី របស់ឯកឧត្តម សម រង្ស៊ី ហើយមេបក្សមានទោសរៀងៗខ្លួន និងនិរទេសទៅក្រៅប្រទេស ពិសេសឯកឧត្តម សម រង្ស៊ី។ អាណត្តិទី៣ បើទោះជាមានជម្លោះនយោបាយខ្លះ ក៏ជាឱកាសមាសដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមអភិវឌ្ឍយ៉ាងពេញដៃ ។
- ២០០៨ - ២០១៣ (រាជរដ្ឋាភិបាលអាណត្តិទី៤)៖ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានស្នើឲ្យព្រះមហាក្សត្រលើកលែងទោសឲ្យមេដឹកនាំគណបក្សប្រឆាំង ពិសេសឯកឧត្តម សម រង្ស៊ី ពួកគេក៏បានវិលចូលស្រុកវិញ និងបន្តសកម្មភាពប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថ្មី។ នៅអាណត្តិទី៤ អ្នកគាំទ្រគណបក្សប្រឆាំងបានប្រមូលផ្តុំគ្នាឡើងវិញ ក្នុងនោះឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី បានរួមគ្នាបង្កើតគណបក្សថ្មីគឺគណបក្សសង្រ្គោះជាតិ ដែលអ្នកគាំទ្រភាគច្រើនជាអតីតអ្នកគាំទ្រគណបក្សហ៊្វុនស៊ីនរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី។
- ២០១៣ - ២០១៨ (រាជរដ្ឋាភិបាលអាណត្តិទី៥)៖ នៅពេលបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានទទួល៦៣ អាសនៈ គឺបានអស់ជាង២០អាសនៈបើប្រៀបធៀបនឹងឆ្នាំ២០០៥។ តាមពិតអាសនៈដែលបាត់នេះគឺជារបស់ក្រុមប្រឆាំងពីមុនមក តែដោយសារឯកឧត្តម កឹម សុខា និងឯកឧត្តម សម រង្ស៊ី បានរួមគ្នាមក ពួកគេក៏វិលទៅរកទ្រនំចាស់។ ត្រង់ចំណុចនេះមានន័យថា គណបក្សប្រជាជនកម្ពុជាបានរក្សាចំនួនអ្នកគាំទ្ររបស់ខ្លួនបានដដែលក្នុអាណត្តិទី៣ និងទី៥។ យ៉ាងណាក៏ដោយអាណត្តីទី៥នេះរាជរដ្ឋាភិបាលរបស់សម្តេចតេជោបានខំប្រឹងមួយទំហឹងក្នុងការអភិវឌ្ឍ។
ចាប់តាំងពីពាក់កណ្តាលអាណត្តិទី២ ឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១៨ នេះ ហេដ្ឋារចនាសម្ព័ន្ធជាតិ ដូចជាផ្លូវថ្នល់ ផ្ទះល្វែង បុរី ភូមិគ្រឹះ សំណង់ខន់ដូ [Condo ឬ Condominium] អគារខ្ពស់ៗដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ កីឡា និងកម្សាន្ត ផ្សារទំនើបលំដាប់ពិភពលោក ទីក្រុងរណប និងស្ពានអាកាស និងផ្លូវក្រោមដីនៅក្នុងរាជធានីភ្នំពេញបានរីកចម្រើនដ៏គំហុក ខណៈដែលស្ពានឆ្លងកាត់ដងទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ និងដងស្ទឹងជាច្រើនត្រូវបានសាងសង់ ដើម្បីបម្រើចរាចរណ៍ជូនពលរដ្ឋ និងជាប្រយោជន៍នៃការដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍។ មកដល់ឆ្នាំ២០១៨នេះ វិស័យសំណង់ដែលជាផ្នែកមួយនៃប្រាក់ចំណូលដ៏ធំរបស់សេដ្ឋកិច្ចប្រទេសកាន់តែកើនឡើង ដែលគ្មានសញ្ញាណាថាធ្លាក់ចុះនោះទេ ហើយតម្រូវការកម្មករសំណង់កាន់តែច្រើនជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស ដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជាហក់ឡើងខ្ពស់ ខណៈដែលប្រទេសបានធ្វើសមាហរណកម្មតំបន់និងពិភពលោក ក្រុមហ៊ុនរថយន្តធំៗនៅលើពិភពលោកដូចជា Rolls Royce; Audi; Mazda; Porcher; Mecerdes Benz; BMW; Ford; Mitsubishi; Nissan និង Toyota គ្រប់ម៉ាក; Honda; Chevrolet; Hyundai; Actyon និង Ssangyong ជាដើមដែលផលិតឆ្នាំចុងក្រោយបង្អស់បានមកប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជា។ បន្ទាប់ទទួលបានសន្តិភាពពេញលេញហើយ ប្រទេសបានធ្វើសមាហរណកម្មទាំងនៅក្នុងតំបន់និងពិភពលោក ឯរូបបដិមាបុរាណជាវប្បធម៌ព្រលឹងខ្មែរដែលចោរបានលួចកាលពីសម័យសង្រ្គាមក៏ត្រូវបានបរទេសប្រគល់ឲ្យវិញខ្លះមកកម្ពុជា ដើម្បីរក្សាទុកក្នុងសារមន្ទីរជាតិ។
ដោយធ្លាប់តែជាប្រទេសមានសង្រ្គាមរ៉ាំរ៉ៃ ហើយត្រូវបានកងទ័ពបរទេសក្រោមឆត្រអង្គការសហប្រជាជាតិមកធ្វើអន្តរាគមន៍នៅឆ្នាំ១៩៩០ -១៩៩៣ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានសន្តិភាព និងអាចបញ្ជូនកងទ័ពរបស់ខ្លួនក្រោមឆត្រអង្គការសហប្រជាជិតវិញ ឲ្យទៅបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្រ្វិក ក្នុងក្របខ័ណ្ឌជួយថែរក្សាសន្តិភាព មនុស្សធម៌ និងជួយដោះមីនជាដើម។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡាមានការរីកចម្រើនគួរឲ្យមោទនៈដោយកីឡាការិនីនិងកីឡាករបានទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធនាំកិត្តិយសមកឲ្យប្រទេសជាតិ ហើយកីឡាបាល់ទាត់ក៏បានលេចធ្លោនៅក្នុងតំបន់ បន្ទាប់ពីស្ថិតនៅកម្រិតបាតក្រោមគេបង្អស់នៅក្នុងពិភពលោក។ ដោយនៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡា SEA Games 2023 ហ៊ុន សែន បានជំរុញឲ្យកីឡាករកីឡាការិនីគ្រប់ផ្នែកខិតខំហាត់ ដើម្បីប្រកួតយកមេដាយឲ្យបានច្រើន ហើយដើម្បីលើកទឹកចិត្តពួកគេ និងលើកស្ទួយវិស័យកីឡាជាតិ នៅល្ងាចថ្ងៃទី៨ មីនា ឆ្នាំ២០១៦ លោកបានអញ្ជើញកីឡាករកីឡាការិនីទូទាំងប្រទេសទទួលទានអាហារសាមគ្គីរួមគ្នានៅថ្ងៃទី៤ មេសា ២០១៦ នៅកោះពេជ្រ។ សម្រាប់កំណែទម្រង់វិស័យអប់រំ លោកបានអំពាវនាវឲ្យសិស្សនិងនិស្សិតទាំងអស់ត្រូវតែខិតខំរៀនសូត្រ ជាពិសេសត្រូវខំតាំងពីថ្នាក់បឋមទៅ ដើម្បីទទួលបានលទ្ឋផលល្អអាចជួយកសាង និងការអភិវឌ្ឍសង្គមជាតិឲ្យយើបានកាន់តែរុងរឿងទៅអនាគត បើទោះបីមានបុគ្គលខ្លះ "មើលស្រាលថា សញ្ញាបត្រស្រុកខ្មែរគ្មានតំលៃបែបណាក៏ដោយ” ។
ជោគជ័យមួយទៀតរបស់សម្តេច តេជោ ហ៊ុន សែន សម្រាប់ជាតិ
មាតុភូមិទាំងមូល អាចទប់ស្កាត់បាននូវការប៉ុនប៉ងដ៏អាក្រក់របស់ទាហានថៃ ដែលបានប្រើកម្លាំងយោធាវាយប្រយុទ្ធចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០០៨ រហូតមកដល់ពាក់កណ្ដាលឆ្នាំ ២០១១។ ទាហាន និងមន្ត្រីរដ្ឋាភិបាលថៃក្នុងអាណត្តិរបស់លោក អាភីស៊ីត វីចាជីវ៉ា ចង់បានប្រាសាទតាក្របីប្រាសាទតាមាន់តូច និងតាមាន់ធំរបស់កម្ពុជានៅក្នុងខេត្តឧត្តរមានជ័យ និងទឹកដីមួយចំនួនទៀតនៅក្បែរប្រាសាទព្រះវិហារ ប៉ុន្តែមិនអាចយកបាន។ នេះជាជោគជ័យរបស់ជាតិទាំងនៅលើសមរភូមិយោធា និងនៅលើឆាកអន្តរជាតិ ពិសេសនៅឯតុលាការយុត្តិធម៌ក្នុងទីក្រុងឡាអេប្រទេសហូឡង់ដ៍។ រឿងចុងក្រោយនៅចុងឆ្នាំ២០១៥ ដែល ហ៊ុន សែន ទទួលបានការគាំទ្រពីមហាជននោះ គឺការធ្វើឲ្យគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេស ដឹកនាំដោយលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា បាក់ធ្មុង ព្រោះឥស្សរជនទាំងពីរ ចោទ ហ៊ុន សែន ថាបានប្រើប្រាស់ផែនទី កម្ពុជា-វៀតណាមក្នុងការវាស់ដែនសីមាជាផែនទីក្លែងក្លាយនោះត្រូវបានបរាជ័យ ក្រោយពីផែនទីដែល ហ៊ុន សែន ប្រើប្រាស់នោះត្រូវគ្នានឹងផែនទីដែលអង្គការសហប្រជាជាតិ និងផែនទីដែលប្រទេសបារាំងឲ្យមកផ្ទៀងផ្ទាត់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation