អ្នកជំនាញអចលនវត្ថុមានសុទិដ្ឋិនិយមថា នៅក្រោយការបោះឆ្នោតជាតិ វិស័យអចលនទ្រព្យ និងសំណង់ នៅតែរីកលូតលាស់ខ្លាំង
| ព័ត៌មានជាតិ
SHARE

អ្នកជំនាញផ្នែកអចលនវត្ថុមើលឃើញថា ស្ថានភាពទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជា គឺនៅតែបង្ហាញពីភាពរឹងមាំ ទាំងមុន និងក្រោយការបោះឆ្នោតជាតិ ដោយសារកត្តាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសកំណើនវិនិយោគ ក្នុងវិស័យសំណង់ពីប្រទេសចិន។

ថ្លែងនៅក្នុងឳកាសអបអរក្រុមហ៊ុន Century 21 ចំនួន ៨ដែលទទួលបានពានរង្វានពីសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុននេះ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនអ ចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា ស្ថានភាពវិស័យអចលនវត្ថុកម្ពុជា នឹងនៅតែល្អប្រសើរ ប្រសិនបើស្ថានភាពនយោបាយមិនមានការប្រែប្រួលជាដុំកំភួនណាមួយនោះទេ។

លោកបញ្ជាក់ថា៖ "យើងសង្កេតឃើញថា អ្នកធ្វើយុទ្ធការឃោសនាបោះឆ្នោត នៅតែបន្តសកម្មភាពឃោសនា ចំណែកអ្នកទិញលក់អចលនទ្រព្យនៅតែបន្តសកម្មភាពជាហូរហែរ ដូច្នេះយើងជឿថា នៅពេលបោះឆ្នោតហើយ វាក៏នឹងនៅតែដំណើរការល្អ"។

លោកបានថ្លែងថា ក្រៅតែពីចិន និងកូរ៉េ បច្ចុប្បន្ននេះ ការវិនិយោគពីបណ្តាប្រទេសផ្សេងៗ នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ក៏មានលំហូរទុនពីប្រទេសផ្សេងទៀតដូចជា ជប៉ុន សិង្ហបុរី និងកោះតៃវ៉ាន់ ដែលធ្វើឲ្យទីផ្សារវិស័យអចលនវត្ថុកាន់តែមានកំណើនល្អប្រសើរថែម ទៀត។

វិនិយោគិនធំៗមកពីក្រៅប្រទេសជាច្រើននៅតែមានគម្រោងសាងសង់អគារធំៗនិងខ្ពស់ៗ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងនោះគឺចិនឈរក្នុងលំដាប់លេខ១ ដែលមានគម្រោងសាងសង់មានសន្ទុះខ្លាំងជាងគេ បន្ទាប់មក ជប៉ុនកូរ៉េលេខ សិង្ហបុរី។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានអះអាងថា ភាពនឹងនរនៃនយោបាយ ភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងភាពរឹងមាំនៃ សេដ្ឋកិច្ច គឺជាកក្តាដ៏សំខាន់បំផុតដែលជំរុញឲ្យវិស័យអចលទ្រព្យ និងសំណង់ មានការរីកលូតលាស់លឿន។

លោកកត់សម្គាល់ឃើញថា សកម្មភាពទិញលក់ ដីធ្លី និងផ្ទៃសំបែង នៅតែមានភាពចលនាផុសផុលដដែលនៅឆ្នាំនេះ ជាពិសេសបើធៀបនឹងស្ថានភាពបោះឆ្នោតកាលពីអាណត្តិមុនៗ ឆ្នាំនេះគឺល្អប្រសើរជាងមុខឆ្ងាយណាស់ ដោយសារសាធារណៈជននៅតែជឿទុកចិត្តចំពោះ ស្ថានភាពនយោបាយនៅកម្ពុជា ហើយលោកជឿងថា វិស័យអចលនទ្រព្យនឹងបន្តរីកលូតលាស់ខ្លាំងក្នុងអំឡុង ៥ឆ្នាំទៅមុខទៀត។

ការវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​ ២០១៧ តាម​ការប៉ាន់ស្មាន មាន​ចំនួន​ជាង ៦៤០០ លាន​ដុល្លារ​អាមេរិក កើនឡើង ២២,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕



អត្ថបទ៖ សៀម ប៊ុ​នធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation