បន្ទាប់ពីមនុស្សពុលស្រា សស្លាប់ នគរបាលសេដ្ឋកិច្ចខេត្តក្រចេះ ចុះបិទទីតាំងផលិតស្រា ស នៅស្រុកសំបូរ
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)​ ៖ ប៉ូលីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងនគរបាលស្រុកស្រុកសំបូរ សហការជាមួយមន្ទីរជំនាញ ក្រោមការដឹកនាំរបស់លោក ជា សុភក្រ័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៤កក្តដា បានចុះបិទទីតាំងផលិតស្រាសមួយ​កន្លែង នៅចំណុចភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីរកឃើញ និងសង្ស័យថា ស្រាសរដែលផលិតនៅទីនេះ គឺជាដើមហេតុដែលធ្វើអោយមានការពុល រហូតបណ្តាលអោយស្ត្រី២នាក់ស្លាប់ និងអ្នកភូមិជាង៥០នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្នួល គិតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ កក្កដាថ្មីៗនេះ។

ប្រភពពីមន្ត្រី នគរបាល ដែលចូលរួមចុះបិទទីតាំងផលិតស្រាសខាងលើនេះ បានអោយដឹងថា មុនពេលឈានដល់ការចុះទៅបិទទីតាំងនេះ គឺកម្លាំងសម្ថកិច្ច និងមន្ត្រីជំនាញ បានចុះពិនិត្យស្រាវជ្រាវនៅក្នុងចំការកៅស៊ូរបស់ក្រុមហ៊ុន ភូរៀង ដែលស្ថិតនៅក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជាកន្លែងដែលមានអ្នកភូមិកើតមានអាការៈពុលដំបូង ហើយបានរកឃើញថា ជនរងគ្រោះទាំងអស់ កើតមានអាការៈស្រវាំងភ្នែក និងវិលមុខ ជាសញ្ញានៃការពុល ក្រោយពេលដែលបានផឹកស្រាសរ ដែលទិញពីឈ្មោះ ស្រស់ ធា ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ទីតាំងផលិតស្រាសខាងលើនេះ ទើបលោក ជា សុភក្រ័ ព្រះរាជអាជ្ញារង ដឹកនាំកំលាំងជំនាញ ចុះទៅពិនិត្យទីតាំងនេះ និងធ្វើការបិទទីតាំងនេះជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី១៤កក្តដានេះតែម្តង ជាមួយគ្នានេះ ក៏បានធ្វើការដកហូតស្រាសចំនួន១០កាន និងស្រាថ្នាំដែលម្ចាស់ទីតាំងនេះ ត្រាំទុកលក់រាល់ថ្ងៃ បានចំនួនកន្លះពីដុងទឹកសុទ្ធផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជំនាញដែលចុះធ្វើការរឿងនេះផ្ទាល់ បានត្រឹមតែដាក់ការសង្ស័យទៅលើស្រាសទាំងនេះ ដែលជាមូលហេតុនៃការពុល ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់ អាចអះអាងបញ្ជាក់អោយបានច្បាស់ថា នៅក្នុងស្រាសរនោះមានសារធាតុអ្វី ដែលជាមូលហេតុធ្វើអោយមានការពុលនោះនៅឡើយទេ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១១កក្កដា នៅក្នុងដីចំការកៅស៊ូក្រុមហ៊ុន ភូរៀង ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានមនុស្សចំនួន៥នាក់ បានកើតមានអាការៈស្រវាំងភ្នែក និងវិលមុខ ក្រោយពីផឹកស្រាសរអស់២ ឫ​៣​លីត្រ ហើយត្រូវបានគេដឹកយកសង្គ្រោះភ្លាមៗ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្នួល។ ក្នុងចំណោមជនរងគ្រោះទាំង៥នាក់នេះ មានស្ត្រីម្នាក់ឈ្មោះ ឡែ អាយុ៣៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនបន្តទៅដល់មន្ទីរពេទ្យខេត្តក្រចេះ នៅយប់ថ្ងៃទី១១កក្តដានោះ។

លុះស្អែកឡើងថ្ងៃទី១២កក្តដា ក៏មានស្ត្រីម្នាក់ទៀតឈ្មោះ ព្រិច ណាត អាយុ៣៦ឆ្នាំ បានពុលស្លាប់ម្នាក់ទៀត នៅក្នុងចំការកៅស៊ូក្រុមហ៊ុនភូរៀងដដែលនេះ។ ហើយនៅថ្ងៃទី១៣ថ្ងៃបន្ទាប់ ក្នុងពិធីបុណ្យសពស្រ្តីរងគ្រោះ ព្រិច ណាត តំណាងក្រុមហ៊ុន ភូរៀង បានអោយស្រាសរ១០លីត្រ អោយអ្នកចូលរួមក្នុងពិធី ផឹកកំដរបុណ្យសព តែក្រោយពីផឹកស្រាសរនោះរួច ក៏មានអ្នកពុលហើយត្រូវបានគេដឹកយកមកសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្នួលជាបន្តបន្ទាប់ រហូតដល់ទៅជាង៥០នាក់ ប៉ុន្តែក្នុងចំណោមជនរងគ្រោះទាំងនោះ ពុំមាននរណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ ព្រោះត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation