ព័ត៌មានជាតិ

រដ្ឋមន្រ្តីសង្គមកិច្ច៖ ក្នុងនាមប្រធានស្ថាប័ន បើស្លូតពេកគេមិនខ្លាច បើកាចពេកក៏មិនល្អដែរ ព្រោះគ្មានអ្នកណាអាចធ្វើការម្នាក់ឯងបានទេ

image

អត្ថបទ៖ គង់ វណ្ណៈ   
ភ្នំពេញ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានថ្លែងថា ការផ្តាស់ប្តូរមុខតំណែង ត្រូវចាត់ទុកជារឿងធម្មតាសម្រាប់មន្ត្រីរាជការគ្រប់រូប ហើយការងារបម្រើប្រជាជនទើបជារឿងចម្បង ប៉ុន្តែលោកគិតថា ក្នុងនាមប្រធានស្ថាប័ន បើស្លូតពេកគេមិនខ្លាច បើកាចពេកក៏មិនល្អដែរ ព្រោះគ្មានអ្នកណាម្នាក់អាចធ្វើការម្នាក់ឯងបានដែរ។

ក្នុងន័យនេះ លោកចង់បញ្ជាក់ប្រាប់ដល់មន្រ្តីដែលមានតួនាទីសំខាន់ក្នុងក្រសួង ត្រូវចេះយោគយល់អធ្យាស្រ័យចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ម្យ៉ាងវិញទៀត ប្រធានស្ថាប័ន និងបុគ្គលិកត្រូវចេះទទួលខុសត្រូវការងារដែលខ្លួនទទួលបន្ទុក។

លោករដ្ឋមន្ត្រី វង សូត មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ០៣ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសង្គម។

ក្នុងឱកាសនោះ លោករដ្ឋមន្រី្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកខិតខំបំពេញការងាររបស់ខ្លួនដោយទទួលខុសត្រូវខ្ពស់ ឱ្យមានប្រសិទ្ធភាព ស័ក្តិសមទៅនឹងការជឿទុកចិត្តពីថ្នាក់លើ។

ទន្ទឹមនឹងនោះលោកក៏បានកោតសរសើរ ស្នាដៃមួយចំនួនដែលអគ្នាយកគចាស់ បានកសាងកន្លងមក ទោះបីមិនបានល្អទាំងអស់ក៏បានសម្រេចកិច្ចការច្រើនគួរឱ្យកត់សម្គាល់។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យ អគ្គនាយកចាស់ និងអគ្គនាយកថ្មីត្រូវចេះពិភាក្សាគ្នា នូវកិច្ចមួយចំនួន ដើម្បីសម្រួលដល់ការរីកចម្រើនរបស់ក្រសួង ជាពិសេសការផ្លាស់ប្តូរនេះ គឺដូរតែប្រធានប៉ុណ្ណោះ បុគ្គលិកដែលបំពេញការងារផ្សេងៗ គឺត្រូវរក្សាធម្មតាមិនមានការប្រែប្រួលទេ។

សូមបញ្ជាក់ថា តាមព្រះរាជក្រឹត្យ សន/រកត/០៨២០/៩០៣ ដោយប្រការ១ បានត្រាស់បង្គាប់ បញ្ចប់មុខតំណែង រឿន រិទ្ធីរ័ត្ន ពីអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ។ ប្រការ២ តែងតាំងលោក រឿន រិទ្ធីរ័ត្ន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជំនួសលោក សៅ ឡែន ដែលត្រូវទៅទទួលកាន់មុខតំណែងថ្មីជាអនុរដ្ឋលេខាធិការ៕