ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋ ការពារខ្លួនពីកូវីដ១៩ និងកុំឲ្យមានការពុលអាហារ អំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវការពារខ្លួនកុំឲ្យឆ្លងកូវីដ១៩ និងកុំឲ្យមានការពុលអាហារ អំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលជាទំនៀមទម្លាប់ប្រពៃណីជាតិនេះ។

តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២ ខែកញ្ញានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ននូវសុខភាពផ្ទាល់ខ្លួន និងការប្រុងប្រយ័ត្ន និងការអនុវត្តនូវវិធានការការពារខ្លួន កុំឲ្យមានការចម្លងកូវីដ១៩។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់រក្សានូវសុវត្ថិភាព អនាម័យ ចំណីអាហារឲ្យបានល្អត្រឹមត្រូវ ចៀសវាងបញ្ហាសុខភាព ដែលបណ្តាលមកពីម្ហូបអាហារ។

ចំណុចសំខាន់៥ ដែលក្រសួងសុខាភិបាល សំណូមពរឲ្យមានសុវត្ថិភាពចំណីអាហារ រួមមាន៖

១៖ សូមចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ

២៖ សូមមានការរក្សាទុកដាក់ចំណីអាហារឲ្យបានត្រឹមត្រូវ កុំឲ្យច្របូកប្របល់គ្នា កុំទុកម្ហូបអាហារដល់ផ្អូម ដែលនាំឲ្យអ្នកទទួលទានពុលអាហារ

៣៖ ចៀសវាងប្រើប្រាស់នូវរបស់របរដែលមិនស្អាត ហើយត្រូវតែលាងសម្អាតសម្ភារចម្អិនអាហារឲ្យបានត្រឹមត្រូវ

៤៖ ចៀសវាងការប្រើប្រាស់ស្រា «ស» ដែលមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ចៀសវាងយកមេតាណុលមកលាយធ្វើស្រា និង

៥៖ បើប្អូនរក្សាម្ហូបអាហារនេះ ឲ្យនៅសីតុណ្ហភាពត្រឹមត្រូវ បើត្រជាក់ក្រោម ៥អង្សា បើក្តៅលើសពី ៦០អង្សា។

លោកស្រី ឱ វណ្ណឌីន ស្នើឱ្យឲ្យប្រជាពលរដ្ឋ ការពារខ្លួនកម្រិតខ្ពស់ពីការចម្លងកូវីដ១៩ តាមទីវត្តអារាម ដោយអនុវត្តន៍វិធានការសាមញ្ញៗ ដូចជាលាងសម្អាតដៃឲ្យបានស្អាតជានិច្ច ពាក់ម៉ាសឲ្យបានជាប់ជានិច្ច។ បន្ថែមលើនេះ ពេលស្តាប់ព្រះសង្ឃសូត្រធម៌ ពេលរាប់បាតព្រះសង្ឃ និងធ្វើសកម្មភាពដទៃទៀត ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយបែងចែកឲ្យមានក្រុមតូចៗ។

អ្នកនាំពាក្យក្រសួងសុខភិបាល ថែមទាំងបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ត្រូវជួយប្រជាពលរដ្ឋ ក្នុងការរៀបចំសុវត្ថិភាពជូនពួកគាត់ឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងឡើយ៕