កសិករស្រុកសំឡូតនិយមដាំដំណាំពោតក្រហមច្រើនជាងដំណាំដំឡូងមី
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង)៖ ប្រជាកសិករនៅស្រុកសំឡូតនៃខេត្តបាត់ដំបង រហូតមកដល់ពេលនេះកំពុងតែមានការមមាញឹកខ្លាំងលើការដាំដុះដំណាំគ្រប់ប្រភេទ ជាពិសេសដំណាំពោតក្រហម និងដំណាំដំឡូងមី ដែលជាដំណាំប្រចាំឆ្នាំរបស់ខ្លួនបាន សរុបទាំងអស់ចំនួន៦១.០៧៦ហ.ត ក្នុងនោះដំណាំពោតក្រហមចំនួន៤៩.៤០០ហ.ត និងដំណាំដំឡូងមីមានចំនួន១១.៦៧៦ហ.ត ។

បើតាមការផ្ដល់ព័ត៌មានពីលោក សើ សាម៉េត អភិបាលស្រុកសំឡូតឲ្យដឹងថា នៅក្នុងស្រុកសំឡូត ប្រជាកសិករមានការនិយមដាំដំណាំពោតក្រហមច្រើនជាងដំណាំដំឡូងមី ដោយសារតែជាទម្លាប់របស់ប្រជាកសិករផង ហើយជារៀងរាល់ឆ្នាំដំណាំប្រភេទនេះមានតម្លៃល្អនៅលើទីផ្សារផង ទើបប្រជាកសិករបានធ្វើការដាំដុះពោតក្រហមបានច្រើននាឆ្នាំនេះ ។ ដោយឡែកដំណាំដំឡូងមី បើប្រៀបធៀបនឹងពេលមុនក៏មានចំនួនច្រើនគួរសមដែរ តែមិនអាចប្រៀបជាមួយនឹងដំណាំពោតក្រហមបានទេ ដោយសារតែកត្តាទឹកភ្លៀងមិនអំណោយផល ហើយខ្លះដាំរហូតដល់ទៅ២ដងឬលើសពីនេះ អញ្ចឹងទេទើបប្រជាកសិករបានងាកមកដាំពោតក្រហមទៅវិញ ។

លោកអភិបាលស្រុកសំឡូត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករឲ្យខិតខំដាំដុះដំណាំផ្សេងៗទៀត ក្រៅអំពីដំណាំពោតក្រហម ឬដំឡូងមី ដូចជា សារម៉ាវ ម្រេច តាង៉ែន ស្វាយ បន្ថែមទៀតដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ ។

ដោយឡែក អនុប្រធានមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង លោក អ៊ិន សុវណ្ណមុនី បានឲ្យដឹងថា បើគិតរហូតមកដល់នឹងពេលនេះទិន្នន័យនៃការដាំដុះដំណាំទាំង២ប្រភេទនេះក្នុងខេត្តបាត់ដំបងទាំងមូល គឺប្រជាកសិករសម្រេចដាំពោតក្រហមបានចំនួនជា៨៥ពាន់ហ.ត និងដំឡូងមីបានជាង ៧ម៉ឺនហ.ត នឹងកំពុងអនុវត្តបន្ដដោយយោងទៅលើតម្លៃទីផ្សារដំណាំកសិកម្មទាំង២ប្រភេទនេះមានតម្លៃល្អប្រហាក់ប្រហែលគ្នា។

សូមជំរាបថា ស្រុកដែលដាំដំឡូងមីបានច្រើនជាងគេ មានស្រុកកំរៀង ភ្នំព្រឹក ហើយប្រជាកសិករចាប់ដាំពីខែធ្នូ ឫខែមករា ដល់ខែមិថុនាឬខែកក្កដា អាស្រ័យលើប្រភេទដី រីឯដំណាំពោតក្រហមវិញបានប្រមូលផលនៅចុងខែសីហាខាងមុខនេះ និងបន្តការដាំដុះនៅក្នុងខែកញ្ញា ឬក៏អាចបន្តការដាំសណ្តែកដីបន្ថែមទៀត ដែលមានន័យថាប្រជាកសិករមិនទុកដីឲ្យនៅទំនេរឡើយ ៕

អត្ថបទ ៖ ឡាច សុគន្ធារី BTB

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation