ព័ត៌មានអន្តរជាតិ

មនុស្ស៦នាក់ស្លាប់ដោយសារព្យុះកំបុតត្បូងវាយប្រហាររដ្ឋល្វីស៊ីណា (Louisiana) សហរដ្ឋអាមេរិក

image



សហរដ្ឋអាមេរិក៖មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ដោយសារដើមឈើរលំសង្កត់ នៅពេលដែលខ្យល់ព្យុះកំបុតត្បូងឡូរ៉ា (Laura) បានបោកបក់ទៅលើរដ្ឋល្វីស៊ីណា (Louisiana) សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។

ព្យុះដែលមានកម្លាំងខ្យល់បក់បោករហូតដល់២៤០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ បានបង្កការខូចខាតធ្ងន់ធ្ងរដោយបានកាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅដ្ឋានជាងកន្លះលាន និងបានធ្វេីឲ្យមានអគ្គិភ័យចេញពីសារធាតុគីមីក្នុងរោងចក្រឧស្សាហកម្មមួយកន្លែង។

អភិបាលរដ្ឋល្វីសាណាបាននិយាយក្នុងសន្និសីទសារព័ត៌មានថា «នេះគឺជាព្យុះដ៏ខ្លាំងបំផុតដែលបានបក់បោកមកលេីរដ្ឋល្វីសាណា ហេីយព្យុះនេះកំពុងបន្តធ្វេីឱ្យមានការខូចខាត និងបង្កលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត»។

មនុស្សប្រមាណ១ពាន់៥រយនាក់ រួមទាំងកងទ័ពឆ្មាំជាតិផងត្រូវបានដាក់ពង្រាយសម្រាប់បេសកកម្មជួយសង្គ្រោះ និងបោសសម្អាត។

ក្រុមមន្រ្តីបាននិយាយថា គេត្រូវការពេលច្រើនថ្ងៃដើម្បីវាយតម្លៃពីការខូចខាតដែលបណ្ដាលមកពីព្យុះនេះ។

ព្យុះឡូរ៉ា ឥឡូវនេះបានថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិកវិញ និងបានធ្វេីដំណេីរឆ្លងចូលរដ្ឋអាខាន់សាស់ (Arkansas)៕